រដ្ឋបាលរបស់លោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានដំឡើងពន្ធគយទៅលើផលិតផលចិនជាច្រើនប្រភេទរាប់ចាប់ពីបន្ទះសៀគ្វីកុំព្យូទ័ររហូតដល់រថយន្តអគ្គិសនី ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់សហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយនូវអ្វីដែលអាម៉េរិក យល់ឃើញថា ជា«ការបោកប្រាស់»របស់ចិន។
សេតវិមានបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានគេព្យាករថា នឹងប៉ះពាល់ដល់ការនាំចូលប្រចាំឆ្នាំរបស់ប្រទេសចិន ប្រហែល១៨ពាន់លានដុល្លារ។ វាគឺជាផ្នែកមួយនៃការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយសម្រាប់សម្ពន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាម៉េរិក នៅតំបន់អាស៊ី រួមទាំងប្រទេសសេដ្ឋកិច្ចធំៗដូចជាកូរ៉េខាងត្បូង ជប៉ុន និងកោះតៃវ៉ាន់ជាដើម។
ជាក់ស្ដែង ការនាំចេញដ៏កាក់កបរបស់កោះតៃវ៉ាន់ ទៅកាន់សហរដ្ឋអាម៉េរិក គឺជាគំរូមួយ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិកនេះរួចទៅហើយ ហើយក៏ជាការឆ្លុះបញ្ចាំងពីរបៀបដែលប្រទេសចិនត្រូវបានគេទុកចោលក្នុងចំណោមប្រទេសទាំងនេះផងដែរ។
នៅក្នុងរយៈពេល៤ខែក្នុងឆ្នាំ២០២៤ គេសង្កេតឃើញការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក មានទំហំច្រើនជាងការនាំចេញទៅកាន់ប្រទេសចិន ហើយសូម្បីការនាំចេញទៅកាន់ទីក្រុងហុងកុង ក៏ធ្លាក់ចុះ ដែរ៕
អត្ថបទ៖ សុខ មង្គល