សារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី ជេណេត យ៉េឡេន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នៅ ប្រទេសអ៊ីតាលីថា កិច្ចព្រមព្រៀងពន្ធសកល គឺនៅជាប់គាំងត្រឹមឥណ្ឌា រីឯចិនមិនបានចូលរួម ដូច្នេះសហរដ្ឋអាម៉េរិក ដូចជាមិនមានការចាំបាច់នៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឡើយ។
មកទល់ពេលនេះប្រទេសប្រមាណជា១៤០ ហើយដែលបានចុះហត្ថលេខាលើកតិកាសញ្ញាអំពីពន្ធ ដែលបានផ្តួចផ្តើមដំបូងនៅឆ្នាំ២០២១ ដើម្បីបើកទ្វារធ្វើកំណែទម្រង់របៀបដែលក្រុមហ៊ុនពហុជាតិធំៗត្រូវបានយកពន្ធ។ កតិកាសញ្ញានេះ ត្រូវបានគេដឹងថា គឺរៀបចំឡើងដើម្បីរិតបន្តឹងការយកពន្ធមួយចំនួនលើប្រាក់ចំណេញរបស់ក្រុមហ៊ុនធំៗ ហើយយកទៅចែករំលែកជាមួយប្រទេសនានាដែលក្រុមហ៊ុននោះមានប្រតិបត្តិការអាជីវកម្មជាមួយ។
មកទល់ពេលនេះគេដឹងថា រដ្ឋបាលលោកប្រធានាធីបតី ចូ បៃដិន ហាក់បង្ហាញនូវការគាំទ្រ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការវិវត្តន៍ណាមួយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះនៅតែបន្តជាប់គាំង។
លោកស្រី យ៉េឡេន បាននិយាយថា សហរដ្ឋអាម៉េរិក ត្រូវការភាពប្រាកដប្រជាជាងនេះ ហើយសហរដ្ឋអាម៉េរិកនឹងមិនចុះហត្ថលេខាណាមួយឡើយ រហូតដល់បញ្ហាកំណត់ពន្ធមានភាព ច្បាស់លាស់ មានការចូលរួមទូលំទូលាយ និងមានតម្លាភាព។
ដោយឡែក លោក ជីអានកាឡូ ចចជេតធី (Giancarlo Giorgetti) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីតាលី ក៏បានទទួលស្គាល់ពីការជាប់គាំងនេះដែរ ហើយបានបញ្ជាក់ថា ក្រុមប្រទេស G7 ក៏ស្ថិតក្នុងភាពជាប់គាំងដែរ។
ដោយឡែក លោក ម៉ាថាស ខ័រមេន (Mathias Cormann)អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាអ្នកផ្តួចផ្តើមរៀបចំកតិកាសញ្ញាអំពីបញ្ហាពន្ធនេះ បានទទួលស្គាល់នៃភាពជាប់គាំង ប៉ុន្តែលោកបង្ហើបថា ផែនការនេះនឹងត្រូវចេញដំណើរទៅមុខដោយគ្រោងអនុវត្តចាប់ពីចុងខែមិថុនា។ អ្នកជំនាញរូបនេះជឿថា ប្រសិនបើពន្យារពេលបន្ថែមទៀតនោះហានិភ័យអាចបណ្តាលឱ្យមានការបែកបាក់កាន់តែទូលំទូលាយលើច្បាប់ស្តីពីការយកពន្ធដែលអាចបណ្តាលឱ្យមានជម្លោះពាណិជ្ជកម្មកាន់តែច្រើន និងកាន់តែសាំញ៉ាំ៕
ដោយៈ សរ សុជាតិ