លោក ប្រាសឺត ថេឌូឡាយ៉ាសាធិត (Prasert Taedullayasatit) ប្រធានសមាគមខុនដូថៃ បានលើកឡើងថា អតិថិជន ដែលមានគម្រោងចង់ទិញផ្ទះ និងផ្ទេរកម្មសិទ្ធិនៅឆ្នាំនេះអាចនឹងទទួលបានការបញ្ចុះតម្លៃមិននឹងស្មានដល់ ដោយសារក្រុមហ៊ុនអភិវឌ្ឈន៍នានា ចង់បោសសម្អាតបញ្ជីសារពើពន្ធលំនៅឋាន ដែលមានតម្លៃសរុបប្រមាណជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០២៥ នេះ។ លោកបានបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចង់បង្កើតសាច់ប្រាក់ តាមរយៈការបំប្លែងគម្រោងដែលលក់មិនទាន់ចេញនានាទៅជាប្រាក់ចំណូល ចំពេលលក្ខខណ្ឌទីផ្សារមិនសូវអំណោយផល។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ក្រៅពីបញ្ហាប្រឈមពាក់ព័ន្ធការបង្កើតសាច់ប្រាក់តាមរយៈការផ្ទេរលំនៅឋាន អ្នកអភិវឌ្ឍន៍ ក៏នឹងប្រឈមនឹងការលំបាកក្នុងការសងបំណុល ដែលនឹងផុតកំណត់នៅឆ្នាំនេះ ដោយសារមានឧបសគ្គក្នុងការចេញបណ្ណបំណុលថ្មី ដើម្បីជំនួសភាគហ៊ុនដែលផុតកំណត់។
នៅក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២៤ កន្លងទៅ ទំហំនៃការលក់លំនៅឋាននៅទីក្រុងបាងកក បានធ្លាក់ចុះប្រមាណ៣១%។ បើតាមលោក ប្រាសឺត ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដំណើរការនៃការផ្ទេរ និងទូទាត់សាច់ប្រាក់លើការទិញខុនដូ មានតម្លៃត្រឹមតែជាង៦ពាន់៥រយលានដុល្លារប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាទីផ្សារលំនៅឋាននៅក្នុងឆ្នាំ២០២៥ នេះវិញ លោក ស៊ូរ៉ាផុង ចាកើតរំគល់ ( Sorapong Jakteerungkul ) អ្នកវិភាគនៅក្រុមហ៊ុនមួយក្នុងប្រទេសថៃ បាននិយាយថា វិស័យលំនៅឋាន ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារយុទ្ធសាស្រ្តក្នុងការសម្អាតសារពើពន្ធលំនៅឋាននឹងនៅតែបន្ត៕
ដោយៈ សរ សុជាតិ