យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ការដាក់ញត្តិនេះត្រូវបានធ្វើឡើងខណៈដែលរដ្ឋាភិបាលអាមេរិកនឹងធ្វើការពិនិត្យឡើងវិញនូវកម្មវិធីប្រព័ន្ធអនុគ្រោះ ពន្ធ (GSP) នៅត្រឹមចុងឆ្នាំនេះ។
GMAC បាននិយាយថា ខ្លួនបានទាក់ទងក្រុមហ៊ុនច្បាប់មួយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យជួយទាក់ទិននឹងសំណើនេះ ហើយបានបន្តថា «បើសិនជាជោគជ័យ វានឹងជួយយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជាក្នុងការបង្កើនការនាំចេញ មានការវិនិយោគថ្មីៗ និងការបង្កើតការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ GMAC បាននិងកំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនច្បាប់នេះ ដើម្បីទទួលបានភាពជោគជ័យនៃញត្តិនេះ»។
«GMAC ជឿជាក់យ៉ាងមុតមាំ ថា ញត្តិនេះនឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការពិចារណាពីការរីកចម្រើនឥតឈប់ឈររបស់យើង លើស្ថានភាពការងារ ជាពិសេស ភាពប្រសើរឡើងនៃការទូទាត់ប្រាក់ឈ្នួលដែលនាំឲ្យមានការលើកកម្ពស់បន្ថែមទៀតនូវសុខុមាលភាពរបស់កម្មករនិយោជិតរបស់យើង»។
GMAC បានអះអាងថា ការដាក់ញត្តិនេះត្រូវបានធ្វើឡើងដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម។
លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា ក្រសួងគាំទ្រញត្តិនេះ ព្រោះវាចំណេញដល់កម្ពុជា។ លោកស្រី សឹង សុផារី បាននិយាយដូច្នេះថា «ក្រសួងឲ្យតែចំណេញ គឺគាំទ្រគេហើយ»។
យោងតាម GMAC, GSP នេះនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ហើយបានបន្តថា ផលិតផលស្បែកជើងនៅតែជាឧស្សាហកម្មរសើបនៅក្នុងគោលនយោបាយពាណិជ្ជកម្មអាមេរិក។
បច្ចុប្បន្ននេះ GMAC មានរោងចក្រផលិតស្បែកជើងចំនួន ៥៩ និងបាននាំចេញទំនិញដែលមានតម្លៃ ៧០០លានដុល្លារ កាលពីឆ្នាំមុន៕