សហរដ្ឋអាម៉េរិក បានស្នើសុំឱ្យកោះតៃវ៉ាន់ ជួយលុយសម្រាប់ការពង្រឹងមូលដ្ឋានយោធានៅហ្វីលីពីន ដើម្បីជាខ្សែត្រៀមចាំជួយការពារកោះតៃវ៉ាន់ ពីវាយប្រហារដោយមហាយក្សចិន ដែលអាចនឹងកើតមានឡើងនៅថ្ងៃអនាគត។ បច្ចុប្បន្នសហរដ្ឋអាម៉េរិក មានសិទ្ធិប្រើប្រាស់មូលដ្ឋានយោធាចំនួន៩របស់ហ្វីលីពីន ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រឹងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ មូលដ្ឋានយោធាមួយចំនួនក្នុងចំណោមនោះមានភូមិសាស្ត្រស្ថិតនៅជិតកោះតៃវ៉ាន់ ដូច្នេះសហរដ្ឋអាម៉េរិក បាននិងកំពុងបោះទុនវិនិយោគលើការកែលម្អផ្លូវយន្តហោះរត់ ឃ្លាំងស្តុក និងសំណង់អគារផ្សេងៗទៀតនៅក្នុងមូលដ្ឋានយោធាទាំងនោះ។
គណៈកម្មការពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាម៉េរិក-ចិន (USCC) នៃសភាអាម៉េរិកបានស្នើសុំឱ្យកោះតៃវ៉ាន់ជួយចេញលុយសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានទ័ពទាំងនេះ ដោយលើកហេតុផលថា កាលណាកងកម្លាំងអាម៉េរិក ដែលឈរជើងនៅក្នុងប្រទេសហ្វីលីពីនកាន់តែរឹងមាំ ច្បាស់ណាស់ថាវានឹងធ្វើឱ្យកោះតៃវ៉ាន់ មានសន្តិសុខកាន់តែរឹងមាំដូចគ្នា។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានព្រមានថា មហាយក្សចិននឹងផ្ទុះប្រតិកម្មតបយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការដ៏រសើបបែបនេះ ព្រោះថ្មីៗនេះក្រុងប៉េកាំងបានរិះគន់ធ្ងន់ៗរួចមកហើយទៅលើប្រទេសជប៉ុន ចំពោះការនិយាយអំពីលទ្ធភាពបញ្ជូនទ័ពជប៉ុនទៅជួយកោះ
តៃវ៉ាន់ ប្រសិនបើកោះតៃវ៉ាន់ រងការវាយប្រហារពីមហាយក្សចិន។ សូមបញ្ជាក់ថា ពេលនេះភាពតានតឹងរវាងជប៉ុន និងមហាយក្សចិនកំពុងកើនឡើងកម្ដៅកាន់តែខ្លាំង។
គណៈកម្មការខាងលើក៏បានស្នើសុំឱ្យកោះតៃវ៉ាន់ជួយចេញលុយសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានយោធានៅលើកោះភាគខាងត្បូងរបស់ជប៉ុន និងនៅបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ដែលទទួលស្គាល់តៃវ៉ាន់ផងដែរ។ បន្ថែមលើនេះ គណៈកម្មការនេះ បានជំរុញឱ្យសហរដ្ឋអាម៉េរិកជួយគាំទ្របន្ថែមទៀតសម្រាប់ប្រទេសហ្វីលីពីន ហើយក៏បានណែនាំឱ្យប្រើប្រាស់កន្លែងផលិតកប៉ាល់ហ្វីលីពីន ដើម្បីជួសជុល និងផលិតកប៉ាល់សម្រាប់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកផងដែរ។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក ធ្លាប់មានមូលដ្ឋានយោធាសំខាន់ៗនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីសង្គ្រាមលោកលើកទី២ ប៉ុន្តែយោធាអាម៉េរិកបានចាកចេញទៅវិញនៅឆ្នាំ១៩៩១។ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រឹងវិស័យការពារជាតិរវាងប្រទេសទាំងពីរបានអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ប្រើមូលដ្ឋានយោធាទាំងនោះឡើងវិញនៅឆ្នាំ២០១៦ និងពង្រីកដល់៩មូលដ្ឋាននៅឆ្នាំ២០២៣៕
ដោយ: តែម សុខុម