បើតាមអភិបាលរដ្ឋ South Dakota លោកស្រី Kristi Noem បាននិយាយកាលពីសប្តាហ៍មុនថា៖ រដ្ឋដាកូតាខាងត្បូង បាននិងកំពុងក្រោកឈរឡើង ចំពោះការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន តាមរយៈសកម្មភាពរបស់ក្នុងការរារាំងក្រុមហ៊ុនចិន មិនឱ្យធ្វើអាជីវកម្មនៅរដ្ឋ South Dakota ហើយអាជ្ញាធររដ្ឋនេះ ក៏នឹងរារាំងការទិញដីរបស់ជនជាតិចិន ជាពិសេសវាទាក់ទងនឹងដីសម្រាប់ធ្វើកសិកម្មផងដែរ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីរោងម៉ាស៊ីនកិនគ្រាប់ពោតមួយកន្លែង ដែលត្រូវបានទិញដោយក្រុមហ៊ុនចិននៅរដ្ឋ North Dakota ដែលជារដ្ឋក្បែរខាងបានបង្កឱ្យមានការព្រួយបារម្ភ បញ្ហាសន្តិសុខ ដោយសារតែវានៅកៀកនឹងមូលដ្ឋានទ័ពរបស់អាមេរិក។ កងទ័ពអាកាសអាមេរិកបានហៅរោងម៉ាស៊ីនកិនស្រូវនេះថា ជាការគំរាមកំហែងផ្នែកចារកម្ម ដោយថា វាមានទីតាំងនៅជិតមូលដ្ឋានទ័ពខ្លាំងពេក។
ដោយឡែក នៅកំរិតរដ្ឋសហព័ន្ធវិញ គេសង្កេតឃើញគណៈកម្មាធិការវិនិយោគបរទេសនៅ អាមេរិក បានចាប់ផ្តើមពិនិត្យមើលលើការវិនិយោគពីបរទេសណា ដែលបង្កហានិភ័យផ្នែកសន្តិសុខជាតិអាមេរិក ប៉ុន្តែគេពុំឃើញមានរោងម៉ាស៊ីនកិនគ្រាប់ពោត ដូចករណីនៅរដ្ឋដាកូតា ត្រូវបានរាប់បញ្ចូលនោះទេ។
គួរជម្រាបថា ដោយសារសំណុំរឿង បាឡុងចារកម្មចិនកាលពីពេលថ្មីៗនេះទើបជំរុញឱ្យមានការត្រួតពិនិត្យលើការវិនិយោគរបស់ចិនក្នុងទឹកដីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ដែរថា សភាតំណាងរាស្រ្តរបស់អាមេរិក បានគាំទ្រជាឯកច្ឆ័ន្ទចំពោះការថ្កោលទោសទង្វើរបស់ចិនបង្ហោះបាឡុងចូលទឹកដីអាមេរិកថា ជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសខ្លួន។
ដោយឡែក នៅរដ្ឋ Virginia វិញ ច្បាប់ហាមឃាត់ការលក់ដីកសិកម្មទៅឱ្យជនបរទេស បានចេញជារូបរាងឡើងក្នុងសភានៃរដ្ឋមួយនេះ ចំពេលមានឧប្បត្តិហេតុបាឡុងផងដែរ។ ឥឡូវនេះគេកំពុងរង់ចាំហត្ថលេខារបស់អភិបាលរដ្ឋលោក Glenn Youngkin ដើម្បីអនុម័តផ្តល់សច្ចាប័ន។ សេចក្តីព្រាងច្បាប់នេះកំណត់គោលដៅហាមលក់ដីកសិកម្មដល់ប្រទេសណា ដែលស្ថិតក្នុងបញ្ជីដែលអាមេរិកចាត់ទុកជាសត្រូវ រួមមាន ចិន គុយបា រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។
ដោយឡែក រដ្ឋតិចសាស់ ក៏កំពុងពិចារណាលើការហាមប្រាមការទិញអចលនទ្រព្យដោយពលរដ្ឋ ឬអង្គភាពនានាដែលមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិក រួមទាំងប្រទេសចិនដែរ ដោយអភិបាលរដ្ឋលោក Greg Abbott ផ្តល់សញ្ញាថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះប្រសិនបើមានការយល់ព្រមពីសភាប្រចាំរដ្ឋ។
មែនទែនទៅ គិតត្រឹមដំណាច់ឆ្នាំ២០២១ ដីស្រែចំការដែលគ្រប់គ្រងដោយបុគ្គលឬអង្គភាពបរទេសនៅក្នុងសហរដ្ឋអាមេរិកមានចំនួនសរុបប្រហែល ១៦លានហិចតា ឬប្រហែល ៣% នៃដីកសិកម្មឯកជនសរុប។ ក្នុងចំណោមនោះ ប្រទេសចិនកាន់កាប់ប្រហែល ១៥ម៉ឺនហិចតា ពោលគឺ តិចជាង១%នៃដីឯកជនសរុប ហើយតិចឆ្ងាយណាស់ បើធៀបទៅនឹងដីដែលប្រទេសផ្សេងទៀត ដូចជា កាណាដា និងហូឡង់ មានសិទ្ធិកាន់កាប់ក្នុងសហរដ្ឋអាមេរិក៕