យោងតាមទិន្នន័យចុងក្រោយ សកម្មភាពអាជីវកម្មនៅអាម៉េរិក បានធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់ក្នុងរយៈពេល១១ខែកន្លងមកនេះ ខណៈដែលប្រជាប្រិយភាពរបស់លោក ត្រាំ ក៏កំពុងស្រុតចុះ ស្របពេលពលរដ្ឋអាម៉េរិកកាន់តែច្រើនឡើងបានបង្ហាញការមិនពេញចិត្តចំពោះសង្គ្រាមមួយនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia ការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញឱ្យឃើញពីសញ្ញាអាសន្ន នៃសេដ្ឋកិច្ចអាម៉េរិក ដោយសកម្មភាពអាជីវកម្មនៅក្នុងខេមីនា បានធ្លាក់ចុះយ៉ាងគំហុកដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១១ខែកន្លងមកនេះ។ មូលហេតុចម្បង គឺដោយសារសង្គ្រាមនៅអ៊ីរ៉ង់ បានរុញច្រានតម្លៃថាមពល និងវត្ថុធាតុដើមឱ្យហក់ឡើងខ្ពស់ ដែលកំពុងបង្កជាក្ដីបារម្ភ នៃវិបត្តិអតិផរណា ដែលមិនអាចគ្រប់គ្រងបាន។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺសង្គ្រាមចាប់ដៃរវាងអាម៉េរិក និងសម្ពន្ធមិត្តចាក់ទឹកមិនលិចអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យកើនឡើងជាង៣០% ហើយតម្លៃសាំងនៅអាម៉េរិកជាមធ្យមបានកើនឡើងជិត១ដុល្លារក្នុងមួយហ្គាឡុង ដោយមួយហ្គាឡុងមានប្រមាណជិត៤លីត្រ ដែលបង្កឱ្យមានការភ័យខ្លាចកាន់ខ្លាំងពីវិបត្តិអតិផរណា។
ការបញ្ឆេះសង្គ្រាមលើប្រទេសអ៊ីរ៉ង់នេះ ក៏កំពុងទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ឱ្យធ្លាក់ចុះផងដែរ។ ជាក់ស្តែងការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញថា កម្រិតនៃការពេញចិត្តរបស់ពលរដ្ឋអាម៉េរិក ចំពោះការងាររបស់លោក ត្រាំ បានធ្លាក់ចុះពី៤០% មកនៅត្រឹម៣៦% ខណៈកម្រិតនៃការគាំទ្រសង្រ្គាមប្រឆាំងអ៊ីរ៉ង់ពីសំណាក់ពលរដ្ឋអាម៉េរិក បានថយចុះពី៣៧%មកនៅត្រឹម៣៥% ហើយ ការមិនពេញចិត្តបានកើនឡើងពី៥៩% ដល់៦១%។
បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងសម្ពាធខ្លាំង ខណៈដែលពលរដ្ឋអាម៉េរិកមានទស្សនៈច្របូកច្របល់ និងខឹងសម្បារចំពោះការគ្រប់គ្រងវិបត្តិ ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្លាំង ចាប់តាំងពីការវាយប្រហារលើអ៊ីរ៉ង់ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ មកនោះ៕
ដោយៈ សរ សុជាតិ