អ៊ុយក្រែនចង់បានកិច្ចចរចាសន្តិភាពនឹងរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យរុស្ស៊ីផ្តើមកិច្ចចរចាសន្តិភាព


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវកាលពីចុងសប្តាហ៍នេះ ដើម្បីឲ្យទីក្រុងមូស្គូឲ្យផ្តើមកិច្ចចរចាសន្តិភាពមួយ បញ្ចប់សង្គ្រាម និងដើម្បីធានាពីសន្តិសុខសុវត្ថិភាពរបស់អ៊ុយក្រែនតែម្តង។ ការអំពាវនាវដើម្បីសន្តិភាពពីភាគីអ៊ុយក្រែននៅតែបន្តធ្វើឡើង ស្របពេលដែលសង្គ្រាមអ៊ុយក្រែនកំពុងបន្តយ៉ាងក្តៅគគុក បានឈានចូលដល់ថ្ងៃទី២៦ហើយ គិតមកទល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។
អ៊ុយក្រែនចង់បានកិច្ចចរចាសន្តិភាពនឹងរុស្ស៊ី
ដោយ

បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​ធំ​ៗ កងកម្លាំង​រុ​ស្ស៊ី​បាន​រង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​ព្យាយាម​វាយ​កាន់កាប់​ទីក្រុង​ធំ​ៗ​របស់​អ៊ុយ​ក្រែ​ន ពិសេស​គឺ​រដ្ឋធានី​កៀវ​។ រដ្ឋធានី​កៀវ​ដែល​ឡោម​ព័ទ្ធ​ដោយ​ទ័ព​រុ​ស្ស៊ី មិន​អាច​រុលទៅមុខ​ទៀត​បាន ប៉ុន្តែ​បន្ត​ការ​វាយប្រហារ​នៅ​តាម​តំបន់​ជាយក្រុង​។

យ៉ាងណា​ក៏​ដោយ រុ​ស្ស៊ី​បន្ត​ប្រើប្រាស់​គ្រាប់​រ៉ុ​ក​កែ​ត ដើម្បី​បាញ់​ផ្លោង​ចូល​ទីក្រុង​ដែល​គេ​បាន​ឡោម​ព័ទ្ធ បង្ក​ឱ្យ​បាក់បែក​អគារ​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​។ លើស​ពី​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ រុ​ស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ចូល​ជ្រៅ ទៅ​លើ​គោលដៅ នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ដែល​នៅ​ឆ្ងាយ​ពី​សមរភូមិ​សំខាន់​ៗ​។

នៅ​ចំពោះ​មុខ​សង្គ្រាម​ដ៏​ក្តៅ​គគុក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​លេ​ន​ស្គី ដែល​ជា​រឿយ​ៗ​យើង​តែង​ឃើញ​មេដឹកនាំ​រូប​នេះ អំពាវនាវ​តាម​រយៈ​បណ្តាញ​សង្គម​ទៅ​កាន់​ពិភពលោក​សម្រាប់​ជំនួយ នៅ​ចុង​ស​ប្តា​ហ៍​មុន​ម​នេះ លោក​បាន​ចេញ​មក​អំពាវនាវ​ម្តងទៀត​ឲ្យ​រុ​ស្ស៊ី​ផ្តើម​ចរចា​សន្តិភាព និង​គិតគូ​ពី​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​។

ប្រធានាធិបតី​ហ្សេ​លេ​ន​ស្គី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ស្តាប់​ខ្ញុំ​និយាយ ពិសេស​គឺ​ទីក្រុង​ម៉ូ​ស្គូ​។ វា​ល្មម​ដល់​ពេល ដែល​ត្រូវ​ជួប​និយាយ​គ្នា​ពី​ការ​បញ្ចប់សង្គ្រាម គិតគូ​ពី​សន្តិភាព និង​យុត្តិធម៌​របស់​អ៊ុយ​ក្រែ​ន​ហើយ បើ​មិន​ដូច្នេះ​ទេ រុ​ស្ស៊ី​ខ្លួនឯង​នឹង​ជា​អ្នក​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ ធ្ងន់ធ្ងរ​រហូត​ដល់​ពេល​មាន​មនុស្ស​ច្រើន​ជំនាន់​ទៀត​ទើប​អាច​ស្តា​រការ​ខាតបង់​បាន​។

ទន្ទឹម​នឹង​នេះ លោក​ហ្សេ​លេ​ន​ស្គី បាន​អំពាវនាវ​ឲ្យ​ធនាគារ​ប្រទេស​ស្វី​ស​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី មិន​ថា​តែ​ទណ្ឌកម្ម​លើ​បុគ្គល​ក៏​ដោយ ខណៈ​ដែល​បច្ចុប្បន្ន​ធនាគារ​នៅ​ប្រទេស​ស្វី​ស មាន​ត​ម្គ​ល់​លុយកាក់​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ស​រុ​ស្ស៊ី​សរុប​ជាង​២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​ពី​សមាគម​ន៍​ធនាគារ​ស្វី​ស​។

គួរ​ជម្រាប​ថា ប្រទេស​ស្វី​ស​ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​អព្យាក្រឹត មិនមែន​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​ក៏​បាន​អនុម័ត​ទាំងស្រុង​ផង​ដែរ នូវ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​បុគ្គល និង​អង្គភាព​របស់​រុ​ស្ស៊ី រួម​ទាំង​ការ​បញ្ជា​ឱ្យ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នៅ​ក្នុង​ធនាគារ​ស្វី​សទៀត​ផង​។

ត្រូវ​បាន​រិះគន់​ដោយ​ប្រទេស​ចិន វិធានការ​របស់​សហភាព​អឺរ៉ុប គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដាក់​ទណ្ឌកម្ម​កាន់តែ​ច្រើន​ឡើង​ៗ នៃ​បណ្តា​ប្រទេស​លោក​ខាងលិច ក្នុង​បំណង​សង្កត់សង្កិន​ផ្នែក​សេដ្ឋកិច្ច និង​បង្អាក់​ការ​ធ្វើសង្គ្រាម​របស់​រុ​ស្ស៊ី​។

សូម​បញ្ជាក់​ថា រុ​ស្ស៊ី​មិន​បាន​ញញើត​នឹង​សម្ពាធ​ទណ្ឌកម្ម​ទាំងនេះ​ឡើង ផ្ទុយ​ទៅ​វិញ​បាន​បង្កើន​ការ​វាយ​លុយ​កាន់តែ​ខ្លាំង​ទៅ​ៗ​។ ជាក់​ស្តែ កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​មីនា​រុ​ស្ស៊ី​បាន​ប្រើ​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឈ្មោះ គី​ន​ចាល់​(Kinjal)  ដើម្បី​កម្ទេច​ឃ្លាំង​ស្តុក​អាវុធ​ក្រោម​ដី​របស់​អ៊ុយ​ក្រែ​ន​នៅ​ប៉ែក​ខាងលិច​។ វា​ជា​លើក​ទី​១​ហើយ​ដែល​រុ​ស្ស៊ី​ប្រើ​មី​ស៊ី​ល​ប្រភេទ​នេះ​លើ​សមរភូមិ ដែល​ពី​មុន​មក​រុ​ស្ស៊ី​មិន​ធ្លាប់​បាន​ប្រើ​គ្រាប់​មី​ស៊ី​ល​ប្រភេទ​នេះ​ទេ សូ​ម្បី​តែ​នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​ស៊ី​រី​។ គ្រាប់​មី​ស៊ី​ល គី​ន​ចាល់ ជា​មី​ស៊ី​ល​ដែល​រុ​ស្ស៊ី​បាន​សាកល្បង​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៨ អាច​បាញ់​ដល់​គោលដៅ​ក្នុង​ចម្ងាយ​ជាង ១ ០០០​គីឡូម៉ែត្រ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសម្លឹងឃើញឱកាសនាំចេញម្រេចទៅទីផ្សារជប៉ុនបន្ថែមទៀត

ព័ត៌មាន
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា បច្ចុប្បន្ន ទីផ្សារម្រេចកាន់តែទូលាយ ហើយតម្លៃក៏ខ្ពស់គួរសមដែរ ដោយលោកបានបង្ហាញក្ដីរំពឹងខ្ពស់ថ…

តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចប៉ះពាល់ដល់ពាណិជ្ជកម្មរបស់មហាយក្សចិនយ៉ាងណាខ្លះ?

ព័ត៌មាន
សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយពេលជិត១ខែមកហើយ ដែលមិនត្រឹមតែសម្លាប់មនុស្សនិងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធជាច្រើនប៉ុណ្ណោះទេប៉ុន្តែវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ