អាម៉េរិកអះអាងថា កងទ័ពកូរ៉េខាងជើង៨ពាន់នាក់កំពុងស្ថិតនៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន

អាម៉េរិកអះអាងថា កងទ័ពកូរ៉េខាងជើង៨ពាន់នាក់កំពុងស្ថិតនៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលអាចចូលរួមប្រយុទ្ធនៅប៉ុន្មានថ្ងៃខាងមុខនេះ


សហរដ្ឋអាម៉េរិកបានអះអាងថា កងទ័ពកូរ៉េខាងជើងចំនួន៨ពាន់នាក់ក្នុងចំណោម១ម៉ឺននាក់ដែលទីក្រុងព្យុងយ៉ាងបានបញ្ចូលទៅកាន់ប្រទេសរុស្ស៊ី ឥឡូវនេះកំពុងស្ថិតនៅតំបន់ឃើស (Kursk) របស់រុស្ស៊ីជាប់ព្រំដែនប្រទេសអ៊ុយក្រែន ដែលអាចនឹងចូលរួមប្រយុទ្ធនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
អាម៉េរិកអះអាងថា កងទ័ពកូរ៉េខាងជើង៨ពាន់នាក់កំពុងស្ថិតនៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន

លោក អាន់តូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានប្រាប់អ្នកកាសែតនៅបន្ទាប់ពីកិច្ចប្រជុំពីរបូកពីរ នៃរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់អាម៉េរិក និងកូរ៉េខាងត្បូងថា មានកងទ័ពកូរ៉េខាងជើងប្រហែល១ម៉ឺននាក់កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយក្នុងចំណោមកងទ័ពទាំងនេះ មាន៨ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ឃើសជាប់ព្រំដែនប្រទេសអ៊ុយក្រែន។

ទោះបីអាម៉េរិកមិនទាន់បានឃើញកងទ័ពកូរ៉េខាងជើងទាំងនេះបានចូលរួមប្រយុទ្ធតទល់នឹងកងកម្លាំងអ៊ុយក្រែនក៏ពិតមែន តែរដ្ឋមន្ត្រីការបរទេសរូបនេះវាយតម្លៃថា ការប្រយុទ្ធនេះអាចនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) បានអះអាងថា កងកម្លាំងរបស់រុស្ស៊ីបានហ្វឹកហ្វឺនទាហានកូរ៉េខាងជើងទាំងនេះពីប្រតិបត្តិការវាយប្រហារដោយកាំភ្លើងធំ យន្តហោះដ្រូន និងថ្មើរជើង រួមទាំងការបោសសម្អាតលេណដ្ឋានផងដែរ។

លោក អូស្ទីន បានបន្ថែមថា វិមានក្រឹមឡាំងក៏បានបំពាក់កងទ័ពកូរ៉េខាងជើងទាំងនេះជាមួយឯកសណ្ឋាន និងឧបករណ៍របស់រុស្ស៊ីផងដែរ ហើយថា ទាំងអស់នេះបានបង្ហាញឱ្យឃើញថា រុស្ស៊ីមានបំណងប្រើប្រាស់កងកម្លាំងបរទេសទាំងនេះនៅក្នុងប្រតិបត្តិការជួរមុខ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានគូសបញ្ជាក់ទៀតថា ប្រសិនបើកងទ័ពកូរ៉េខាងជើងទាំងនេះបានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ ឬគាំទ្រការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនមែន នោះពួកគេនឹងក្លាយជាដៃគូយោធាស្របច្បាប់របស់រុស្ស៊ីជាក់ជាមិនខាន។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក គីម យ៉ុងយ៉ាន់ (Kim Yong-hyun) បានប្រាប់អ្នកសារព័ត៌មានថា កូរ៉េខាងជើងបានបញ្ជូនកាំជ្រួចជាង១ពាន់គ្រាប់ទៅកាន់ប្រទេសរុស្ស៊ី។

បើតាមការអះអាងរបស់លោក Blinken កងទ័ពរុស្ស៊ីបានស្លាប់ និងរបួសប្រហែល១ពាន់២រយនាក់ក្នុង១ថ្ងៃ ហើយនេះជាលើកដំបូងក្នុងរយៈពេល១០០ឆ្នាំ ដែលរុស្ស៊ីបានអញ្ជើញទាហានបរទេសឱ្យចូលមកក្នុងប្រទេសខ្លួន។ រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះបាននិយាយថា លោក និងសមភាគីកូរ៉េខាងត្បូងស្នើឱ្យប្រទេសចិនគួរធ្វើការបន្ថែមទៀត ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង និងបញ្ឈប់ការគាំទ្រសម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អេស៊ីលីដា បើកសាខាថ្មី ទី២៦៥ នៅស្រុកវាលវែង ដើម្បីនាំយកសេវាធនាគារប្រកបដោយនវានវត្តន៍ និងសុវត្ថិភាពខ្ពស់ ដល់អតិថិជននៅគ្រប់មជ្ឈដ្ឋាន

ធនាគារ អេស៊ីលីដា ប្រកាសបើកសាខាថ្មីទី ២៦៥ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលចាប់ដំណើរការពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ …

តើសិស្សធ្លាក់បាក់ឌុបគួរបន្តរៀនថ្នាក់ទី១២ ឬរៀនបរិញ្ញាបត្ររង ឬក៏រៀនជំនាញវិជ្ជាជីវៈ?

តាមរយៈលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា មានបេក្ខជនជាង១០ម៉ឺននាក់បានប្រឡងជាប់ និងបេក្ខជនជាង២ម៉ឺននាក់បានប្រឡងធ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ