យោងតាមទិន្នន័យចុងក្រោយពីក្រសួងរតនាគាររបស់អាម៉េរិក បានបង្ហាញថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍មុន បំណុលសាធារណៈរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងដល់ជិត៣៥ទ្រីលានដុល្លារ ដែលស្មើនឹងជាង១២០% នៃផលិតផលក្នុងស្រុកសរុប ដោយកាលពីដើមឆ្នាំនេះ គ្រាន់តែការចំណាយលើថ្លៃការប្រាក់ គឺមានចំនួនច្រើនជាងការចំណាយលើវិស័យការពារជាតិទៅទៀត។ ប្រសិនបើបំណុលនេះចេះតែបន្តកើនឡើងជាមធ្យមប្រហែល៨ពាន់លានដុល្លារក្នុង១ថ្ងៃនោះ គេរំពឹងថា គិតត្រឹមឆ្នាំ២០៥៤ បំណុលសាធារណៈរបស់អាម៉េរិក អាចនឹងកើនឡើងស្មើ១៦៦% នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េរិកជាក់ជាមិនខាន។
បញ្ហាបំណុលសាធារណៈរបស់សហរដ្ឋអាម៉េរិកនេះ វាមិនបានក្លាយជាប្រធានក្តៅ ដែលត្រូវបានលើកយកមកជជែកវែកញែកឱ្យបានផុសផុលនៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋកាលពីសប្តាហ៍មុននោះទេ ពោលគឺអង្គសន្និបាតបានពិភាក្សាគ្នាលើបញ្ហានេះតិចតួចប៉ុណ្ណោះ។ ហើយបញ្ហានេះ ត្រូវបានគេរំពឹងថា ក៏ទំនងជាមិនក្លាយជាប្រធានបទដែលត្រូវលើកយកមកជជែកឱ្យស៊ីជម្រៅ ក្នុងអំឡុងពេលគណបក្សប្រជាធិបតេយ្យធ្វើសន្និបាតជាតិរបស់ខ្លួននៅពីរទៅបីសប្តាហ៍ទៀតនៅក្នុងទីក្រុងឈីកាហ្គោ នោះដែរ។
អភិបាលរដ្ឋផ្លរីដា លោក រ៉ុន ដេសានធីស (Ron DeSantis) មកពីគណបក្សសាធារណរដ្ឋ បាននិយាយកាលពីសប្ដាហ៍មុនថា ពួកគេគាំទ្រចំពោះសុវត្ថិភាពសារពើពន្ធ ចំពោះការបង់ពន្ធទាប និងចំពោះការកាត់បន្ថយបំណុល។ តែយ៉ាងណាលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក បានលក់ឱ្យពលរដ្ឋនូវវិក័យប័ត្រទំនិញក្លែងក្លាយជាមួយនឹងសង្រ្គាមអ៊ីរ៉ាក់ និងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលនាំឱ្យបំណុលជាតិកើនឡើង ហើយធ្លាក់បន្ទុកលើពលរដ្ឋជំនាន់ក្រោយ៕
អត្ថបទ៖ សុខ មង្គល