
ប្រព័ន្ធមីស៊ីលខាងលើនឹងក្លាយជាផ្នែកមួយនៃសមយុទ្ធរួមគ្នាមានឈ្មោះថា Resolute Dragon ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា តទៅ ហើយយោធាអាម៉េរិក និងជប៉ុន រហូតដល់ទៅ១ម៉ឺន៩ពាន់នាក់ចូលរួមក្នុងសមយុទ្ធដ៏សំខាន់នេះ។ សមយុទ្ធយោធារួមគ្នាដែលមានរយៈពេល២សប្តាហ៍នេះនឹងធ្វើឡើងនៅមូលដ្ឋានយោធានានា ក្នុងប្រទេសជប៉ុន រាប់ចាប់ពីកោះហុកកៃដូ (Hokkaido) រហូតដល់កោះអូគីណាវ៉ា (Okinawa)។
ក្រុមមន្ត្រីអាម៉េរិក និងជប៉ុន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon ខាងលើនេះនឹងត្រូវដាក់ពង្រាយសម្រាប់តែគោលបំណងធ្វើសមយុទ្ធប៉ុណ្ណោះ គឺគ្មានការបាញ់គ្រាប់ពិតនោះទេ ហើយនៅពេលសមយុទ្ធចប់ប្រព័ន្ធមីស៊ីលនេះនឹងត្រូវដកចេញពីប្រទេសជប៉ុនវិញ។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃទី១០ ខែកញ្ញា បានផ្ទុះប្រតិកម្មបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពន្លឿនការពង្រីកកម្លាំងយោធារបស់ប្រទេសជប៉ុន ហើយបានព្រមានប្រទេសជប៉ុន កុំឱ្យប្រព្រឹត្តកំហុសជាប្រវត្តិសាស្ត្រជាថ្មីម្ដងទៀត ព្រោះជប៉ុន ធ្លាប់ជាមេសង្គ្រាមដ៏គួរឱ្យខ្លាចអំឡុងសង្គ្រាមលោកលើកទី២ ដែលបានដាក់អាណានិគមលើប្រទេសជាច្រើននៅអាស៊ី នៅសម័យនោះរួមទាំងហ្វីលីពីន ឥណ្ឌូនេស៊ី កូរ៉េ និងចិនផងដែរ។ សូមបញ្ជាក់ថា ជប៉ុន បានសុំចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២ ក្រោយសហរដ្ឋអាម៉េរិក ទម្លាក់គ្រាប់បែកបរិមាណូលើប្រទេសនេះ៕
ដោយ: តែម សុខុម