តម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះ

តម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារ ប៉ុន្ដែមេក្រុមហ៊ុនប្រាប់ឱ្យអត់ធ្មត់ និងបន្តក្តីសង្ឃឹមលើគម្រោង Metaverse


តាមកាសែត The Financial Times បានឲ្យឹងថា តម្លៃរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារនៅក្នុងទីផ្សារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការធ្លាក់ចុះចំណូល និងដោយសារតែឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសាកល ដែលធ្វើឱ្យក្រុមហ៊ុននានាកាត់បន្ថយ និងផ្អាកការចំណាយផ្សព្វផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក។
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg
ដោយ

ប៉ុន្តែស្ថាបនិក​ Meta បានអំពាវនាវ​ឱ្យមាន​ភាព​អត់ធ្មត់ ហើយ​លោក​​នៅបន្តក្តីសង្ឃឹមជា​មួយគម្រោង Metaverse ដែលនឹង​អាច​ស្រោច​ស្រង់​​​ក្រុមហ៊ុន​ឡើងមកវិញ និង​អាច​ខ្លាំងជាងមុនទៀត។ Metaverse នេះ គឺជាពិភពសិប្បនិម្មិតមួយ ដែលអាចឱ្យ​មនុស្ស​មើលឃើញ ​និយាយឆ្លើយឆ្លងគ្នាបានតាមរយៈ ឧបករណ៍​វែនតា VR ដោយមិនចាំបាច់​ត្រូវ​ជួបគ្នា​​ផ្ទាល់។

ភាគហ៊ុន​របស់ក្រុមហ៊ុន Meta បានធ្លាក់ចុះ ១៩% ក្នុងរយៈពេលទិញ-លក់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​​ក្រុមហ៊ុន​យក្សមួយនេះ បាន​ព្រមាន​ដូចគ្នា​​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗផ្សេងទៀតដែរ អំពីការ​ធ្លាក់ចុះ​ចំណូល​របស់ខ្លួន ដោយ​សារ​ការធ្លាក់​ចុះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​នៅលើ​បណ្តាញ​សង្គម។

លើសពីនេះ កាន់តែជួបការលំបាកទៀតនោះ ​ក្រុមហ៊ុន Meta ត្រូវប្រឈមមុខ​នឹង​គូប្រជែង​ធំៗ ជាពិសេសគឺ TikTok រួមជាមួយនឹង​គោលការណ៍ឯកជនភាព​ថ្មី​​របស់​ក្រុមហ៊ុន Apple ដែល​បង្អាក់​ការផ្សព្វផ្សាយ​​ក្នុងបណ្តាញ​សង្គមហ្វេសប៊ុក ព្រមទាំង​វិបត្តិសេដ្ឋកិច្ចសាកល និង​ការកើនឡើង​​អតិផរណា​ផងដែរ។

ការ​លក់​របស់​ក្រុមហ៊ុន Meta នៅក្នុងត្រីមាសទី៣ មាន​ចំនួនជិត ​២៨​ពាន់​លានដុល្លារ ដែលបាន​ធ្លាក់ចុះ ៤% ខណៈទទួលបាន​ប្រាក់​ចំណេញ ៤,៤ពាន់លានដុល្លារ ធ្លាក់ចុះពាក់កណ្តាល​បើប្រៀបធៀប​នឹងឆ្នាំមុន។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស​របស់អាមេរិក​មួយនេះ បាន​បង្ហាញ​ក្តីរំពឹងថា ចំណូល​របស់ខ្លួន​ក្នុងត្រីមាសនេះ​ នឹង​ទទួលបាន​ក្នុងចន្លោះពី ៣០ ដល់ ៣២,៥ពាន់​លានដុល្លារ។

លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​ Meta បាន​ព្រមាន​ថា ក្រុ​មហ៊ុន​លោក​ នឹង​ជួបការ​ប្រឈម​​នៃការធ្លាក់ចុះប្រាក់​ចំណេញ ប៉ុន្តែ​លោក​ជឿជាក់​ថា ក្រោយមក​វានឹង​មាន​កំណើនឡើងវិញ។ ជាមួយគ្នានោះ លោកបានជំរុញ​ឱ្យមានភាពអត់ធ្មត់ ហើយបន្តវិនិយោគ​ជាមួយ​ក្រុមហ៊ុនទៀត ខណៈគម្រោង Metaverse កំពុង​តែដំណើរការ​ទៅមុខហើយ។

សូមជម្រាប​ដែរមិនមែនតែហ្វេសប៊ុកទេ ដែល​ជួបប្រទះនឹងខាតបង់ ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗ​មួយចំនួនទៀត ដូចជា​ក្រុមហ៊ុន​មេរបស់ Google ក៏ទើបតែ​​បាន​ប្រកាស​​ពី​ការធ្លាក់ចុះ​​ប្រាក់​ចំណេញ​ ២៧% ផងដែរ ពោលគឺ​ក្នុងត្រីមាស​ទី៣ នៃឆ្នាំ​២០២២ ប្រាក់​ចំណេញរបស់ Google មានចំនួនជិត១៤ពាន់លានដុល្លារ។ ក្រោយការប្រកាស​នេះ ភាគហ៊ុន​របស់ Google បាន​ធ្លាក់ចុះជាង ៩%ផងដែរ៕




អត្ថបទបន្ទាប់


ស្ថាប័នហិរញ្ញវត្ថុ S&P៖ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជាក្បាលម៉ាស៊ីនដឹកនាំកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិកគឺ S&P Global បានប៉ាន់ស្មានថា សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងនាំមុខគេ ហើយជះឥទ្ធិពលគ្រប់ដណ្តប់សេដ្ឋក…

កិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សម្រេចបានការព្រមព្រៀងគ្នាអ្វីខ្លះ?

ព័ត៌មាន
អាស៊ានគួរតែដល់ពេលធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ