ក្រុមហ៊ុនដែកអាមេរិក

ក្រុមហ៊ុនដែកអាម៉េរិក US Steel ព្រមព្រៀងលក់ឱ្យក្រុមហ៊ុនដែកជប៉ុន Nippon Steel ក្នុងតម្លៃជាង១៤ពាន់លានដុល្លារ


ក្រុមហ៊ុនដែកអាមេរិក US Steel ដែលធ្លាប់ជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុងរបស់ពិភពលោកបានព្រមព្រៀងលក់ទៅឱ្យក្រុមហ៊ុនដែកធំបំផុតរបស់ជប៉ុន Nippon Steel ក្នុងតម្លៃជាង១៤ពាន់លានដុល្លារ ដែលនឹងផ្តល់តួនាទីដ៏សំខាន់ដល់ក្រុមហ៊ុនសាជីវកម្មជប៉ុន មួយនេះនៅក្នុងការផលិតដែករបស់សហរដ្ឋអាម៉េរិក និងបញ្ចប់ឯករាជភាពនៃសហគ្រាសឧស្សាហកម្មអាមេរិក ដ៏ចំណាស់បំផុត និងដែលមានរឿងរ៉ាវច្រើនបំផុតមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនដែកអាមេរិក
ដោយ

កិច្ចព្រមព្រៀងនេះគឺជាដំណាក់កាលចុងក្រោយបង្អស់ នៃការធ្លាក់ចុះបន្តិចម្តងៗរបស់ក្រុមហ៊ុនមានអាយុកាល១២២ឆ្នាំ ដែលធ្លាប់ជាក្រុមហ៊ុនធំបំផុតនៅលើភពផែនដីមួយនេះ។

វាគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចម្រុះធំៗដំបូងគេ និងជានិមិត្តរូបនៃកម្លាំងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែពេលនេះវាលែងជាក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ទៀតហើយ បន្ទាប់ពីក្រុមហ៊ុនដែក Nucor Steel បានវ៉ាដាច់កាលពីឆ្នាំមុន។

លោក ដេវីដ បឺរីត (David Burritt) នាយកប្រតិបត្តិក្រុមហ៊ុន US Steel បាននិយាយកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ពួកគេជឿជាក់ថា ការច្របាច់បញ្ចូលគ្នានេះគឺពិតជាល្អបំផុតសម្រាប់ទាំងអស់គ្នា ហើយការប្រកាសនៅថ្ងៃនោះក៏បានផ្តល់ប្រយោជន៍ដល់សហរដ្ឋអាម៉េរិក ផងដែរ គឺធានាបាននូវឧស្សាហកម្មដែកក្នុងស្រុកប្រកបដោយការប្រកួតប្រជែង ខណៈកំពុងពង្រឹងវត្តមានរបស់ពួកគេនៅទូទាំងពិភពលោក​។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះបានកំណត់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុនដែក US Steel នឹងរក្សាឈ្មោះរបស់ខ្លួនឱ្យនៅដដែល ហើយនឹងបន្តមានទីស្នាក់ការកណ្តាលនៅទីក្រុងភីតស្បឺក (Pittsburgh) ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅតែអាចបង្កឱ្យមានការប្រឆាំងជំទាស់ណាមួយ។

កាលពីដើមរដូវក្តៅឆ្នាំនេះ សហជីពកម្មករដែកសហរដ្ឋអាម៉េរិក (USW) បានប្តេជ្ញាថា ពួកគេគាំទ្រតែសំណើរបស់ក្រុមហ៊ុនដែកអាម៉េរិក ឃ្លីហ្វលែន ឃ្លីហ្វ (Cleveland Cliffs) តែប៉ុណ្ណោះក្នុងការទិញយកក្រុមហ៊ុន US Steel នៅក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ ឬក៏ជាភាគហ៊ុនដែលពេលនោះមានតម្លៃជាង៣២ដុល្លារក្នុងមួយហ៊ុន ឬ ទាបជាង៤០%បើធៀបនឹងតម្លៃដែលក្រុមហ៊ុនជប៉ុន Nippon សុំទិញជាសាច់ប្រាក់។ ប៉ុន្តែក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន US Steel បានច្រានចោលសំណើសុំទិញនោះ ហើយក៏បានចាប់ផ្តើមពិចារណាពីការដេញថ្លៃផ្សេងទៀត។

ហើយកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ សហជីពដែលមានសមាជិកកម្មករ១ម៉ឺន១ពាន់នាក់នៅក្រុមហ៊ុន US Steel បានរិះគន់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nippon Steel នេះ។

លោក ដេវីដ ម៉ាកខល (David McCall) ប្រធានសហជីពកម្មករដែកសហរដ្ឋអាម៉េរិក (USW) បាននិយាយថា ពួកគេខកចិត្តចំពោះកិច្ចព្រមព្រៀងដែលបានប្រកាសរវាងក្រុមហ៊ុន US Steel និងក្រុមហ៊ុន Nippon នេះ ហើយថា វាបង្ហាញពីភាពលោភលន់ដែលបានដឹកមុខក្រុមហ៊ុន US Steel អស់រយៈពេលជាយូរមកហើយ។

មេដឹកនាំសហជីពរូបនេះបានបន្ថែមថា ពួកគេបានខំប្រឹងធ្វើការជាមួយក្រុមហ៊ុន US Steel ដើម្បីរក្សាក្រុមហ៊ុនអាម៉េរិក ដ៏ល្បីល្បាញមួយនេះឱ្យស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុននេះបែរជាច្រានចោលកង្វល់របស់សហជីព ហើយសម្រេចលក់វាទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេសទៅវិញ។

ទោះជាយ៉ាងណា ប្រធានសហជីពរូបនេះបានជំរុញយ៉ាងទទូចឱ្យនិយ័តកររដ្ឋជួយពិនិត្យមើលដោយប្រុងប្រយ័ត្ននូវការទិញយកក្រុមហ៊ុននេះ ហើយកំណត់ឱ្យច្បាស់ថា តើប្រតិបត្តិការទិញលក់ដែលបានស្នើឡើងនេះបម្រើផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក និងផ្ដល់ផលយោជន៍ដល់កម្មករដែរ ឬយ៉ាងណា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍នៅខេត្តសៀមរាប គួរពឹងផ្អែកតែលើអង្គរវត្ត ឬត្រូវអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែម?

ព័ត៌មាន
នៅពេលគេនឹកឃើញដល់ខេត្តសៀមរាប គេតែងតែនឹងឃើញដល់ភាពល្បីល្បាញរបស់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាអច្ឆរិយសំណង់ដ៏អស្ចារ្យមួយនៅលើពិភពលោកដែលប…

អ្នកជំនាញសេដ្ឋកិច្ចជប៉ុនថា កូនសោនៃកំណើនសេដ្ឋកិច្ចចិន ពឹងផ្អែកលើសន្ទុះនៃវិស័យអចលនទ្រព្យ

ព័ត៌មាន
ការជាប់គាំងនៃវិស័យអចលនទ្រព្យក្នុងប្រទេសចិន ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជប៉ុន លើកឡើងថា នឹងគំរាមកំហែងដល់ការសម្រេចគោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ