ធនធានរ៉ែ

អាម៉េរិក មិនធានាការពារសន្តិសុខដល់អ៊ុយក្រែន នោះទេ ទោះព្រមចុះកិច្ចព្រមព្រៀងបែងចែកធនធានរ៉ែ


អ៊ុយក្រែន បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយសហរដ្ឋអាម៉េរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានធម្មជាតិរបស់ខ្លួនរួមទាំងរ៉ែកម្រ ប្រេង និងឧស្ម័នផងដែរ ទាំងដែលសហរដ្ឋអាម៉េរិកមិនធានាការពារសន្តិសុខដល់ខ្លួន។
ធនធានរ៉ែ
ដោយ

ក្រោមកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននឹងត្រូវបង់៥០%នៃប្រាក់ចំណូលបានពីធនធានរ៉ែរបស់រដ្ឋចូលទៅក្នុងមូលនិធិវិនិយោគលើការកសាងប្រទេសឡើងវិញ ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងរួមគ្នាដោយអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

​​អ៊ុយក្រែន បានប្រកាសចុះកិច្ចព្រមព្រៀងបែកចែកធនធានរ៉ែជាមួយសហរដ្ឋអាម៉េរិក ទាំង​ដែលសហរដ្ឋអាម៉េរិក មិនធានាការពារសន្តិសុខរបស់ខ្លួន ហើយអ៊ុយក្រែននឹងត្រូវបង់៥០%នៃប្រាក់ចំណូលបានពីធនធានរ៉ែរបស់រដ្ឋចូលទៅក្នុងមូលនិធិវិនិយោគលើការកសាងប្រទេសឡើងវិញ ដែលគ្រប់គ្រងរួមគ្នាដោយប្រទេសទាំងពីរ។ មូលនិធិវិនិយោគលើការកសាងប្រទេសឡើងវិញនេះ នឹងត្រូវប្រើប្រាស់សម្រាប់វិនិយោគឡើងវិញ នៅក្នុងសេដ្ឋកិច្ចរបស់អ៊ុយក្រែន រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសន្តិសុខក្នុងប្រទេសនេះជាដើម ប៉ុន្តែសហរដ្ឋអាម៉េរិក មិនបានធានាដោយផ្ទាល់ថា នឹងជួយការពារសន្តិសុខដល់អ៊ុយក្រែន នោះឡើយ។

ទីក្រុងគៀវ មើលឃើញថា កិច្ចព្រមព្រៀងនេះពិតជា​សំខាន់ណាស់ ដើម្បីរក្សាការចូលរួមដឹងឮរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាមហាអំណាចទី១របស់ពិភពលោក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាន់ជំហរកាន់តែអព្យាក្រឹតលើសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក នៅតែស្ទាក់ស្ទើរក្នុងការជួយគាំទ្រអ៊ុយក្រែន ផ្នែកយោធា ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានពិភាក្សាអំពីការពង្រាយកងទ័ពដើម្បីការពារអ៊ុយក្រែន។

សូមបញ្ជាក់ថា អ៊ុយក្រែន ជាប្រទេសមួយដែលសម្បូរទៅដោយធនធានរ៉ែសំខាន់ៗ រួមមាន ​​​​​រ៉ែលីចូម រ៉ែទីតានីញ៉ូម ក្រាភីត (Graphite) និងរ៉ែអ៊ុយរ៉ាញ៉ូម ដែលមានសារសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ ទោះជាយ៉ាងណាតាមការប៉ាន់ប្រមាណបានបង្ហាញថា ពេលនេះ៤០% នៃធនធានរ៉ែកម្រទាំងនេះរបស់អ៊ុយក្រែន កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សង្គ្រាម ក៏បានធ្វើឱ្យរាំងស្ទះដល់ឧស្សាហកម្មធ្យូងថ្មរបស់អ៊ុយក្រែន ផងដែរ ដោយធនធានរ៉ែធ្យូងថ្មយ៉ាងច្រើនស្ថិតនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។

កិច្ចព្រមព្រៀងបែងចែកធនធានរ៉ែនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់សហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែកម្រដែលមានសារសំខាន់សម្រាប់ផលិតរថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាយោធា។ ទិន្នន័យបានបង្ហាញថា បច្ចុប្បន្នប្រទេសចិន គ្រប់គ្រងរហូតដល់ទៅប្រមាណ៧០%នៃការផ្គត់ផ្គង់រ៉ែកម្រទូទាំងពិភពលោក ហើយសហរដ្ឋអាម៉េរិកខ្វះសមត្ថភាពក្នុងការកែច្នៃរ៉ែកម្រទាំងនេះនៅក្នុងស្រុក។

ទោះកិច្ចព្រមព្រៀងនេះអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងដល់អ៊ុយក្រែន ក្រុមអ្នកជំនាញព្រមានថា អស្ថិរភាពនៃសង្គ្រាម និងកង្វះការវិនិយោគអាចនឹងធ្វើឱ្យអ៊ុយក្រែន ទទួលបានផលយឺតយ៉ាវណាស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ប្រកាសមិនដកថយចំពោះផែនការកាត់បន្ថយចំនួនមន្ត្រី ទោះបីមានការតវ៉ា

ទោះបីរងការរិះគន់ និងផ្ទុះការតវ៉ាជាសាធារណៈក៏ដោយ តែលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានអះអាងក្តែងៗពីការមិនដកថយចំពោះផែនការ…

លោក ត្រាំ ច្រានចោលសាលក្រម ដែលបញ្ជាឱ្យរដ្ឋបាលខ្លួនទូទាត់ជំនួយបរទេសទំហំ២ពាន់លានដុល្លារ

ដោយគ្មានឆន្ទៈចង់អនុវត្តតាមសាលក្រមរបស់សាលាដំបូងកម្រិតស្រុក ដែលសម្រេចឲ្យរដ្ឋបាលរបស់លោកទូទាត់ជំនួយបរទេសក្នុងទំហំប្រមាណ២ពាន់លានដុល្លារ លោក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ