រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់ចេញវិធានការមួយចំនួននៅថ្ងៃចន្ទទី១៣មីនានេះ ដោយបញ្ជាក់ថា អតិថិជន ធនាគារ Silicon Valley ទាំងអស់នឹងបន្ដមានសិទ្ធិចូលទៅប្រើប្រាក់បញ្ញើរបស់ពួកគេដដែល។ ក្រុមមន្ត្រីក៏បាននិយាយដែរថា សម្រាប់អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដែលត្រូវបានបិទទ្វារកាលពីថ្ងៃអាទិត្យ ដោយនិយតករហិរញ្ញវត្ថុរដ្ឋញូវយ៉កដែរនោះ ក៏នឹងត្រូវបានដាក់ឱ្យដំណើរការទាំងស្រុង មិនបង្កការខាតបង់ដល់អ្នកប្រើប្រាស់នោះឡើយ។
មែនទែនទៅ ធនាគារផ្ដល់ប្រាក់កម្ចីផ្ដោតលើអាជីវកម្មបង្កើតថ្មី ធនាគារ Silicon Valley (SVB) ត្រូវបានអាជ្ញាធររដ្ឋកាលីហ្វញ៉ាប្រកាសបិទដោយសារក្ស័យធនកាលពីថ្ងៃទី១១ ខែមីនានេះ ហើយវាក៏ជាធនាគារធំបំផុតទី២ ក្នុងពិភពលោកដែលបានក្ស័យធន បើគិតតាំងពីអំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨មក។ ការដួលរលំភ្លាមៗរបស់ធនាគារយក្សអាមេរិកមួយនេះ ក៏បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គើរង្គើយ៉ាងខ្លាំង ហើយបានបន្សល់ប្រាក់រាប់ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងវិនិយោគិន មានការជាប់គាំងផងដែរ។
បានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការក្ស័យធនរបស់ធនាគារ SVB អាជ្ញាធរក្រុងញូវយ៉ក ក៏បានប្រកាសពីការក្ស័យធនរបស់ធនាគារដ៏ធំមួយទៀត គឺ Signature Bank ហើយក៏បានចាត់តាំងឲ្យសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (FDIC) ជាអ្នកកាន់កាប់ការងារបន្ដរបស់ធនាគារនេះ។ បើតាមស្ថាប័នគ្រប់គ្រងមួយនេះ បានអះអាងថា ធនាគារ Signature Bank មានទ្រព្យសកម្មសរុបជាង១១០ពាន់លានដុល្លារ និងមានប្រាក់បញ្ញើសរុបជាង ៨៨ពាន់លានដុល្លារ គិតនៅត្រឹមចុងឆ្នាំ២០២២។ ដោយឡែក ធនាគារ SVB វិញ គឺមានទ្រព្យសកម្មសរុប ២០៩ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើសរុបវិញមានប្រមាណ ១៧៥ពាន់លានដុល្លារ។
ក្រោយពីការដួលរលំធនាគារយក្សៗអាមេរិកចំនួន២នេះ ធនាគារកណ្តាលអាមេរិកនៅថ្ងៃទី ១៣ខែមីនា នេះ ក៏បានប្រកាសដែរថា ធនាគារ២នេះនឹងបង្កើតឱ្យមានការផ្តល់មូលនិធិបន្ថែម តាមរយៈកម្មវិធីផ្តល់មូលនិធិតាមលក្ខខណ្ឌធនាគារថ្មី (Bank Term Funding Program) ដែលនឹងផ្តល់ប្រាក់កម្ចីរហូតដល់១ឆ្នាំដល់ស្ថាប័នទទួលប្រាក់បញ្ញើមួយចំនួន ដែលគាំទ្រ ដោយមានការធានាដោយទ្រព្យរបស់ស្ថាប័នទាំងនោះ។
បញ្ហាចលាចលនេះ បានធ្វើឲ្យសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ធៀបទៅនឹងរូបិយបណ្ណជាគូប្រជែងចំនួន ៦ ផ្សេងទៀត បានធ្លាក់ចុះ ០.៥៥% នៅថ្ងៃទី១៣មីនា ដែលជាកម្រិតទាបបំផុតក្នុងពេលជិតមួយខែមកនេះ បន្ទាប់ពីធនាគារ Goldman Sachs បាននិយាយថា ខ្លួនលែងរំពឹងថា ធនាគារកណ្ដាលអាមេរិក នឹងធ្វើការដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនានេះ។ ធនាគារ Goldman Sachs ធ្លាប់រំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់ ០.២៥%បន្ថែមទៀត។
ទោះយ៉ាងណា ទីផ្សារកំពុងមានការច្របូកច្របល់ និង មិនមានភាពច្បាស់លាស់នោះឡើយថា ថាតើធនាគារកណ្ដាលអាមេរិក នឹងអាចដំឡើងអត្រាកប្រាក់បន្ថែមទៀតក្នុងកម្រិតប៉ុន្មាននោះ ក្រោយពេលដែលមានហេតុការណ៍ក្ស័យធនរបស់ធនាគារធំៗដល់ទៅ២ភ្លាមៗយ៉ាងដូច្នេះនោះ៕