
តាមទិន្នន័យអំពីអត្រាពន្ធគយបដិការថ្មីនេះ បានបង្ហាញថា អាម៉េរិក បានទម្លាក់ពន្ធគយលើទំនិញកម្ពុជាច្រើនជាងគេ ដោយមកនៅទាបជាប្រទេសឡាវ និងស្មើនឹងប្រទេសថៃ ប៉ុន្ដែ នៅតែមានខ្ពស់ជាងវៀតណាម ដែលមានត្រឹមតែអត្រាពន្ធ ២០%។
បើតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉រិកប្រចាំកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និងឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជា នៅពីក្រោយប្រទេសវៀតណាមដែលមានអត្រា ២០%។ វៀតណាមបានផ្តល់សិទ្ធិចូលទីផ្សារវៀតណាមដោយគ្មានពន្ធដល់អាមេរិក។»
លោកបានសង្កត់ធ្ងន់ទៀតថា «រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ។»
អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានអះអាងប្រាប់ខេមបូណូមីស ដោយសូមមិនបញ្ចេញឈ្មោះថា បើទោះបីជា តួលេខពន្ធគយបដិការថ្មីនេះ បានថយចុះមកនៅត្រឹម ៣៦% ក្ដី ប៉ុន្ដែ អត្រានេះ នៅតែមានខ្ពស់សម្រាប់កម្ពុជា។ អ្នកជំនាញ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដការចរចាកាន់តែសកម្មថែមទៀត ដើម្បីបន្ធូរបន្ថយពន្ធឱ្យមកនៅក្នុងកម្រិតកាន់តែទាប និងមានភាពប្រកួប្រជែងខ្ពស់។
ទោះបីជា អត្រាពន្ធគយបដិការថ្មី ត្រូវបានកំណត់ចេញក៏ដោយចុះ ប៉ុន្ដែ សហរដ្ឋអាម៉េរិកនៅតែចំហទ្វារសម្រាប់ប្រទេសជាដៃគូក្នុងការបន្ដការចរចា ខណៈដែលបើគ្មានអ្វីប្រែប្រួលទេនោះ ការអនុវត្តពន្ធគយបដិការនឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥តទៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការលើប្រទេស និងតំបន់ជាង១៨០ តែមានប្រទេសប្រមាណ ១៨ប៉ុណ្ណោះ ដែលបានខិតខំចរចាជាមួយអាម៉េរិក។
គិតមកទល់ពេលនេះ ប្រទេសដែលសហរដ្ឋអាម៉េរិកចាត់ទុកថា បានឈានដល់ការព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួននោះ រួមមាន អង់គ្លេស ចិន និងវៀតណាម ខណៈដែលលោក ដូណាល់ ត្រាំ នាពេលកន្លងមក ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការឈានទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខនេះផងដែរ៕