អាមេរិកចេញមុខឈរកាងនៅពីក្រោយហ្វីលីពីន ចំពេលហ្វីលីពីន និងចិន កំពុងចង្អុលមុខដាក់គ្នា

អាមេរិកចេញមុខឈរកាងនៅពីក្រោយហ្វីលីពីន ចំពេលហ្វីលីពីន និងចិន កំពុងចង្អុលមុខដាក់គ្នា ជុំវិញរឿងកប៉ាល់នៅសមុទ្រចិនខាងត្បូង


រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃទី ៨ខែសីហា បានអះអាងច្បាស់ៗប្រាប់ហ្វីលីពីន ដែលជាសម្ព័ន្ធរបស់ខ្លួនថា ទីក្រុងវ៉ាស៊ិនតោន នឹងការពារនាវារបស់ហ្វីលីពីន ប្រសិនបើមានការវាយប្រហារណាមួយកើតមានឡើងនៅក្នុងសមុទ្រចិនខាងត្បូង។
អាមេរិកចេញមុខឈរកាងនៅពីក្រោយហ្វីលីពីន ចំពេលហ្វីលីពីន និងចិន កំពុងចង្អុលមុខដាក់គ្នា
ដោយ

ការចេញមកអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកយ៉ាងដូច្នេះ នៅចំពេលដែលទីក្រុងប៉េកាំង និងទីក្រុងម៉ានីល កំពុងចង្អុលមុខដាក់គ្នាទៅវិញទៅមក បន្ទាប់ពីនាវាឆ្មាំសមុទ្រចិន បានបើកកាណុងបាញ់ទឹក បាញ់ទៅលើកប៉ាល់របស់ហ្វីលីពីន ដែលបង្កឲ្យមានការប្រទាំងប្រទើសគ្នាកើតឡើងយ៉ាងខ្លាំងនៅតំបន់សមុទ្រចិនខាងត្បូងនៅប៉ុន្មានថ្ងៃមកនេះ។
លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នៅថ្ងៃទី ៨ខែកក្កដា បានហៅទូរស័ព្ទទៅកាន់សមភាគីហ្វីលីពីន ដោយបានអះអាងជាថ្មីអំពី សម្ព័ន្ធភាពចាក់ទឹកមិនលេចរវាងអាមេរិក និងហ្វីលីន ហើយក៏បានប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងទ្វេដងថែមទៀត ដើម្បីពង្រឹងការហ្វឹកហ្វឺនទ្វេភាគី អន្តរប្រតិបត្តិការ និងការគាំទ្រសម្រាប់ទំនើបកម្មយោធារបស់ហ្វីលីពីន។ នេះបើយោងតាមសម្ដីរបស់ អ្នកនាំពាក្យមន្ទីបញ្ចកោណ លោក Patrick Ryder ដែលត្រូវបានស្រង់យកមកចុះផ្សាយដោយសារព័ត៌មាន នីកេ។

ការហៅទូរសព្ទដោយលោក ឡយ អូស្ទីន ជាមួយនឹងលោក Gilberto Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីននេះ គឺធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីឧប្បត្តិហេតុកាលពីចុងសប្ដាហ៍មុន ដែលកប៉ាល់ឆ្មាំសមុទ្រចិន បានរារាំងទូកហ្វីលីពីន ដែលព្យាយាមផ្លាស់ប្ដូរទាហានជើងទឹករបស់ខ្លួន ដែលឈរជើងនៅក្នុងតំបន់ថ្មប៉ប្រះទឹក Ayungin Shoal ឬហៅថា Second Tomas Shoal នៃសមុទ្រចិនខាងត្បូង។
លោក ឡយ អូស្ទីន បានលើកឡើងថា សកម្មភាពដែលមិនមានសុវត្ថិភាពទាល់តែសោះរបស់ចិន រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹកបាញ់ទៅលើនាវាហ្វីលីពីននេះ គឺជាការបំផ្លាញស្ថានភាពបច្ចុប្បន្ន និងគំរាមកំហែងដោយផ្ទាល់ដល់សន្ដិសុខ និងស្ថិរភាពតំបន់។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ក៏បានបញ្ជាក់ឡើងវិញ អំពីសន្ធិសញ្ញាការពារទៅវិញទៅមក ដែលអាមេរិកមានជាមួយហ្វីលីពីន ដូចជាការពារដល់នាវាសាធារណៈហ្វីលីពីន យន្ដហោះ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរួមបញ្ចូលជាឆ្មាំសមុទ្រនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងទាំងនៅតំបន់សមុទ្រចិនខាងត្បូងផងដែរ។
យោងសន្និសញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិក និងហ្វីលីពីន ដែលបានធ្វើឡើងតាំងពីឆ្នាំ ១៩៥១ បានចែងថា ការវាយប្រហារដោយប្រដាប់អាវុធនៅតំបន់ប៉ាស៊ីហ្វិក លើភាគីម្ខាង នោះ នឹងត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ដល់សន្ដិភាព និងសុវត្ថិភាពរបស់ភាគីម្ខាងទៀត ហើយត្រូវមានការចាត់សកម្មភាពឆ្លើយតបវិញ។
ពាក់ព័ន្ធនឹងភាពប្រទាំងប្រទើសគ្នានៅតំបន់សមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីននៅប៉ុន្មានថ្ងៃមកនេះ អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ៨ ខែសីហាថា សកម្មភាពរបស់ចិន បានរារាំងសកម្មភាពស្របច្បាប់ និងទៀងទាត់របស់ហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បន្ថែមថា សកម្មភាពផ្លាស់ប្ដូរទាហានរបស់ខ្លួននៅទីតាំងនោះ គឺជាផ្នែកមួយនៃប្រតិបត្តិការទៀងទាត់របស់ខ្លួនតែប៉ុណ្ណោះ។
ទោះយ៉ាងណា ក្រសួងការបរទេសចិន វិញបានអះអាងថា សកម្មភាពរបស់នាវាឆ្មាំសមុទ្រចិន គឺស្របតាមច្បាប់ ហើយថា វាគឺ "ប្រកបដោយវិជ្ជាជីវៈ ទប់ស្កាត់ និងហួសពីការប្រមាថ"។
ទោះជាបែបនេះក្ដី ប្រទេស ជប៉ុន អូស្ត្រាលី កាណាដា អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចិនភ្លាមៗចំពោះទង្វើនេះផងដែរ៕




អត្ថបទបន្ទាប់


ស្ត្រីជប៉ុនជាង៤០% ដែលកើតនៅក្នុងឆ្នាំ២០០៥ អាចលែងចង់បានកូន ខណៈអត្រាកំណើតធ្លាក់ចុះខ្លាំង

ព័ត៌មាន
ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងពិភពលោក ហាក់កំពុងប្រឈមកាន់តែខ្លាំងនៅក្នុងការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្…

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនផ្តើមមានសន្ទុះឡើងវិញ ជាមួយនឹងគម្រោងតូចៗដែល«មានគុណភាពខ្ពស់»

ព័ត៌មាន
គម្រោងអភិវឌ្ឍប្រកបដោយមហិច្ឆតារបស់ប្រទេសចិនដែលគេស្គាល់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានប្រកាសកាលពីឆ្នាំ២០១៣ ដោយប្រធានាធិបតីចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ