សារព័ត៌មាន CNN បានរាយការណ៍ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងបោះជំហានដ៏វិជ្ជមានជាមួយនឹងកំណើនរហូតដល់ទៅ២,៨% នៅត្រីមាសទី២ឆ្នាំ២០២៤ ដែលជាកំណើនកម្រមានសម្រាប់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោកមួយនេះ។ ការិយាល័យពាណិជ្ជកម្មសហព័ន្ធបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា អត្រាផលិតផលក្នុងស្រុកសរុប ដែលជារង្វាស់ដ៏ធំបំផុតនៃទិន្នផលសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក គឺមានភាពវិជ្ជមានខ្ពស់បំផុតនៅក្នុងត្រីមាសទី២ ស្របពេលដែលធុរជននានា បានបន្តដាក់ចេញការវិនិយោគ ហើយប្រជាពលរដ្ឋអាម៉េរិក នៅតែបន្តបើកកាបូបចាយលុយជាបន្តបន្ទាប់ ដែលនាំឲ្យចរន្តសេដ្ឋកិច្ចកាន់តែវិលនៅក្នុងស្ថានភាពដ៏វិជ្ជមាន និងមានទំនុកចិត្ត។
ស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េរិក ត្រូវបានគេមើលឃើញស្ទុះឡើងនៅខែមេសា និងខែមិថុនា ដែលនាំឲ្យអត្រាអតិផរណាបានបន្តនិន្នាការធ្លាក់ចុះទៅតាមគន្លងឆ្ពោះទៅរកគោលដៅ២% តាមការកំណត់ដោយធនាគារកណ្តាល។ របាយការណ៍បានបង្ហាញថា អត្រានៃតម្រូវការអ្នកប្រើប្រាស់បានកើនឡើងក្នុងត្រីមាសទីពីរនៅក្នុងកម្រិតដល់ទៅ២,៩% ប្រហាក់ប្រហែលគ្នានឹងអត្រាដែលសម្រេចបាននៅក្នុងត្រីមាសទី៤ឆ្នាំ ២០២៣ ដែរ។
អ្វីដែលលោក ជេរ៉ូមី ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាអភិបាលធនាគារកណ្តាលអាម៉េរិកបានធានាថា លោកនឹងធ្វើឲ្យប្រសើរនូវសុខភាពនៃសេដ្ឋកិច្ចអាម៉េរិក គឺលោកអាចកំពុងឈានទៅសម្រេចបានតាមគោលដៅដែលលោកបានកំណត់។
ពាក់ព័ន្ធនឹងសមិទ្ធផលនេះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "របាយការណ៍ GDP បានបង្ហាញឱ្យឃើញច្បាស់ថា ឥឡូវនេះអាម៉េរិកនៅតែមានសេដ្ឋកិច្ចខ្លាំងនៅក្នុងពិភពលោក។
តាមការគ្រោងទុក ក្រុមប្រឹក្សាធនាគារកណ្តាលអាម៉េរិកនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីកំណត់គោលនយោបាយរូបិយវត្ថុ ហើយគេរំពឹងថា ក្រុមអ្នកជំនាញសេដ្ឋកិច្ចអាម៉េរិកទាំងអស់ ក៏នឹងពិភាក្សាពាក់ព័ន្ធនឹងបញ្ហាអត្រាការប្រាក់ផងដែរ៕
ដោយៈ សរ សុជាតិ