លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានលើកឡើងថា សមាគមរោងចក្រកាត់ដេរ បានដាក់សំណើរទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់កម្មករកម្មការិនី ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ការស្នើសុំនេះ ធ្វើឡើងក្រោយ សមាគម យល់ឃើញថា ការយកទីតាំងរោងចក្រធ្វើជាកន្លែងចត្តាឡីស័កជារឿងដែលមិនសមស្រប និងមិនស្របតាមស្តង់ដារសុខាភិបាល។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មរបស់រោងចក្រនីមួយៗផងដែរ។
អគ្គលេខាធិការរងរូបនេះបានបន្ថែមទៀតថា នៅពេលមានករណីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ក្រសួងសុខាភិបាលគួរយកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលទាំងអស់ទៅដាក់នៅតាមមន្ទីរពេទ្យ ឬកន្លែងដែលមានផាកសុខភាព ដែលស្របតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា រួមជាមួយសមាគមផ្សេងៗទៀត ស្នើឲ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ជួយសម្របសម្រួលនីតិវិធី និងបែបបទផ្សេងៗ ដើម្បីអនុញ្ញាតឲ្យមានការនាំចូលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឲ្យបានកាន់តែច្រើនថែមទៀត។ ការស្នើសុំនេះ គឺដើម្បីបង្ការ និងឆ្លើយតបឲ្យបានទាន់ពេលវេលាពេលមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រម្តងៗ។ ខណៈកន្លងមកសមាគមទាំងនេះ សង្កេតឃើញថា ការធ្វើតេស្តមិនទាន់អាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅឡើយទេ។
សំណើរទាំងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា សមារោងចក្រស្បែកជើង និងភាគីពាក់ព័ន្ធជាច្រើនទៀត។
សូមបញ្ជាក់ថា ការផ្ទុះរាលដាលកូវីដ-១៩ បាននិងកំពុងបន្ដរីរាលដាលកាន់តែខ្លាំងនៅកម្ពុជា ដោយនៅមួយរយៈចុងក្រោយនេះ មានអ្នកឆ្លងថ្មីប្រមាណ ៦០០ ទៅ៨០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះ ករណីឆ្លងនៅក្នុងរោងចក្រកាត់ដេរក៏មានច្រើនផងដែរ៕