ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជឺរ៉ូម ផូវែល បានសម្រេចចុចប៊ូតុងផ្អាកការបញ្ចុះអាត្រាការប្រាក់បន្ថែមទៀត ក្រោយបានបញ្ចុះចំនួន៣ដងកាលពីឆ្នាំ២០២៥។ លោក ផូវែល បានសម្រេចរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិត ៣,៦% ដដែលដោយមិនប្រែប្រួល ក្នុងគោលបំណងធ្វើយ៉ាងណារក្សាស្ថិរភាពសេដ្ឋកិច្ចរបស់មហាអំណាចផុតលេខមួយនេះឱ្យស្ថិតក្នុងស្ថានភាពដដែលរហូតដល់រង្វង់ខែមិថុនា។
ការរក្សាអត្រាការប្រាក់ឱ្យនៅដដែលនេះធ្វើឡើងក្រោយប្រធានធនាគារកណ្តាលអាម៉េរិករូបនេះមើលឃើញថា សេដ្ឋកិច្ចអាម៉េរិក នៅតែរក្សាបានភាពរឹងមាំ និងរីកចម្រើន គួបផ្សំអត្រាគ្មានការងារធ្វើស្ថិតក្នុងកម្រិតទាប។ លោកបានបន្ថែមថា អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដ៏រឹងមាំក្នុងកម្រិត ៤,៤% ចន្លោះពីខែកក្កដា ដល់ខែកញ្ញា គឺជាសញ្ញាមួយបង្ហាញថា អត្រាការប្រាក់ដែលកំណត់នេះមិនខ្ពស់ខ្លាំងពេកនោះទេ តែវាជាហ្វ្រាំងមួយក្នុងការជួយរក្សាកំណើនសេដ្ឋកិច្ចអាម៉េរិកប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក ម៉ាយឃើល ហ្គាផេន (Michael Gapen) អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Morgan Stanley លើកឡើងថា ការសម្រេចចិត្តនេះអាចដោយសារតែធនាគារកណ្តាលអាម៉េរិក មិនចង់ឲ្យពន្ធដែលលោក ត្រាំ បានដាក់ធ្វើឱ្យប៉ះពាល់ដល់អតិផរណា ដែលវាកំពុងធ្វើដំណើរស្របតាមគោលដៅ២% ដែលធនាគារកណ្តាលចង់បាន។
ដោយឡែកអ្នកវិភាគមួយចំនួនទៀតបានលើកឡើងថា ហេតុផលដែលធនាគារកណ្តាលអាមេរិកមិនទាន់សម្រេចបញ្ចុះអត្រាការប្រាក់បន្ថែមនោះ គឺអាចរង់ចាំពិនិត្យមើលលទ្ធផល នៃការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់លើដៃគូពាណិជ្ជកម្មជាច្រើនសិន៕