ធនាគារកណ្តាលអាមេរិក

ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលថែម ០,៥%ទៀត ក្នុងការបន្តយុទ្ធនាការទប់ទល់អតិផរណា


ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី១៤ធ្នូ បានដំឡើងអត្រាការប្រាក់គោលចំនួន ០,៥%បន្ថែមទៀតហើយ ដើម្បីបន្តយុទ្ធនាការទប់ទល់នឹងអតិផរណានៅសហរដ្ឋអាមេរិក។ ក្រៅពីនេះ ធនាគារកណ្តាលបានរំពឹងថា ពួកគេនឹងបន្តដំឡើងអត្រាការប្រាក់គោលយ៉ាងហោចណាស់ក៏ ០,៧៥%បន្ថែមទៀតដែរ គិតពីពេលនេះរហូតដល់ចុងឆ្នាំ២០២៣ខាងមុខ។ បន្ថែមពីលើនេះ ធនាគារកណ្តាលអាមេរិកបានបង្ហាញពីការកើនឡើងនៃអត្រាអ្នកអត់ការងារធ្វើ និងកំណើនសេដ្ឋកិច្ចអាមេរិក ដែលអាចជាប់គាំងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលថែម០,៥%ទៀត

ក្រោយកិច្ចប្រជុំធនាគារកណ្តាលអាមេរិក នៅថ្ងៃទី១៤ខែធ្នូ បានសម្រេចដំឡើងអត្រាការប្រាក់គោល និងការប្រាក់កម្ចី ០,៥%ទៀត ធ្វើឱ្យអត្រាការប្រាក់បច្ចុប្បន្នកើនដល់ ៤,២៥% ទៅ ៤,៥% ជាកម្រិតការប្រាក់ខ្ពស់បំផុតមិនធ្លាប់មាន រាប់ចាប់ពីមុនវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៧មក។

ដោយឡែក ក្នុងចំណោមមន្ត្រីធនាគារកណ្តាលអាមេរិកសំខាន់១៩រូប មានតែពីររូបប៉ុណ្ណោះជឿអត្រាការប្រាក់គោលនឹងទម្លាក់មកត្រឹមក្រោម៥%វិញនៅឆ្នាំ២០២៣ ស្របពេលដែលអ្នកដទៃទៀតបានព្យាករថា អត្រាការប្រាក់គោលនឹងត្រូវដំឡើងដល់ ៥,១%ពីពេលនេះដល់ចុងឆ្នាំ២០២៣។

«ធនាគារកណ្តាល មានការយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យអតិផរណា។ ការកើនឡើងជាបន្តបន្ទាប់នៃអត្រាការប្រាក់ គឺស្របទៅតាមគោលដៅដើម្បីសម្រេចឱ្យបាននូវគោលជំហរនៃគោលនយោបាយរូបិយវត្ថុ ធ្វើឱ្យអតិផរណាត្រឡប់ទៅអត្រា ២% ដូចពេលមុនវិញ»។ នេះជាអ្វីដែលធនាគារកណ្តាលអាមេរិក បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលវាស្ទើរតែដូចគ្នាទៅនឹងអ្វីដែលខ្លួនធ្លាប់ចេញផ្សារកាលពីខែវិច្ឆិកា។

ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃទី ១៤ខែធ្នូ ខណៈប្រាក់ដុល្លារបានធ្លាក់ចុះបន្តិចផងដែរ បើធៀបនឹងរូបិយបណ្ណដទៃ។

ក្រៅពីការដំឡើងអត្រាការប្រាក់ អត្រាអ្នកអត់ការងារធ្វើដែលគិតជាជាមធ្យម ត្រូវបានគេមើលឃើញថាកើនឡើងដល់ ៤,៦% សម្រាប់ឆ្នាំក្រោយ ខណៈបច្ចុប្បន្នមានត្រឹម៣,៧%។ នេះជាចំនួនអ្នកអត់ការងារធ្វើកើនឡើងខ្លាំង លើសពីកម្រិតដែលធ្លាប់ជួបពេលមានវិបត្តិសេដ្ឋកិច្ចទៅទៀត។

សូមជម្រាបថា ផលិតផលក្នុងស្រុកសរុបរបស់អាមេរិក ត្រូវបានគេមើលឃើញថា កើនឡើងត្រឹមតែ ០,៥%ប៉ុណ្ណោះនៅឆ្នាំក្រោយ ដូចគ្នានឹងការប៉ាន់ប្រមាណសម្រាប់ឆ្នាំ២០២២ មុនពេលវាអាចកើនឡើងដល់១,៦% ក្នុងឆ្នាំ២០២៤ និង១,៨% ក្នុងឆ្នាំ២០២៥ ជាកម្រិតមួយចាត់ទុកថា មានសក្តានុពលយូរអង្វែងរបស់សេដ្ឋកិច្ចអាមេរិក៕




អត្ថបទបន្ទាប់


ហេតុផលអ្វីខ្លះធ្វើឲ្យចំណូលពលរដ្ឋនៅកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង នឹងវ៉ាដាច់ជប៉ុន នៅឆ្នាំ២០២២?

ការព្យាករថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនបានបង្ហាញថា ជប៉ុន អាចនឹងធ្លាក់ចុះលេខរៀងមកឈរនៅពីក្រោយកោះ តៃវ៉ាន់ និងកូរ៉េខាងត្បូង សម្…

ក្រុមប្រទេសG7 នឹងផ្ដល់ឱ្យវៀតណាមនូវថវិកាចំនួន ១៥,៥ ពាន់លានដុល្លារដើម្បីកាត់បន្ថយការប្រើធ្យូងថ្ម

ក្រសួងការបរទេសអង់គ្លេសបាននិយាយនៅថ្ងៃទី១៤ខែធ្នូថា ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) នឹងផ្តល់ប្រាក់ចំនួន ១៥ពាន់៥រយលានដុល្លារ ដើម្បីជួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ