លោក ជេរ៉ូម ផៅវែល ប្រធានធនាគារកណ្ដាលអាមេរិក បានរំលឹកជាថ្មីតាមរយៈបទសម្ភាសជាមួយបុគ្គលិកក្រោមឱវាទរបស់លោកថា ឥឡូវធនាគារកណ្តាលសហព័ន្ធនឹងធ្វើការសម្រេចចិត្តស្ដីពីការប្រាក់ដោយយោលទៅតាម«កិច្ចប្រជុំមួយលើកៗ» ប៉ុន្តែលោកក៏បានបង្ហាញដែរថា បន្ទាប់ពីបានដំឡើងអត្រាការប្រាក់យ៉ាងគំហុកក្នុងពេលមួយឆ្នាំមកនេះ ក្រុមមន្ត្រី«អាចមានលទ្ធភាពមើលទិន្នន័យនិងការប្រមើលមើលទៅអនាគត ដើម្បីធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្ន»។
លោក ផៅវែល បាននិយាយអំឡុងសន្និសីទនាទីក្រុងវ៉ាស៊ីនតោនថា ធនាគារកណ្ដាលអាមេរិកប្រឈមនឹងភាពមិនច្បាស់លាស់អំពីផលប៉ះពាល់នៃការរឹតបន្តឹងវិធានការរបស់ខ្លួនរហូតមកដល់ពេលនេះ និងអំពីវិសាលភាពនៃការរឹតបន្តឹងឥណទានឱ្យចេញពីសម្ពាធក្នុងវិស័យធនាគារនាពេលថ្មីៗកន្លងទៅនេះ។ ដូច្នេះ ឥឡូវនេះ ការណែនាំរបស់ធនាគារកណ្ដាលអាមេរិក គឺបង្រួមមកនៅត្រឹមតែការកំណត់កត្តាមួយចំនួន ដែលស្ថាប័ននេះនឹងតាមដានត្រួតពិនិត្យមើល នៅពេលវាយតម្លៃថា តើការរឹតបន្តឹងគោលនយោបាយបន្ថែមទៀត មានភាពចាំបាច់នៅកន្លែងណា ដើម្បីធ្វើឱ្យអតិផរណាវិលត្រឡប់ទៅរកអត្រា ២% វិញ។
លោក ផៅវែល បាននិយាយថា ហានិភ័យនៃការធ្វើច្រើនពេក ឬធ្វើតិចពេក ហាក់ដូចជាកំពុងមានលំនឹង ហើយគោលនយោបាយរបស់ធនាគារកណ្ដាលត្រូវបានកែតម្រូវទៅតាមស្ថានភាពនោះ។ នៅមុនកិច្ចប្រជុំគោលនយោបាយដែលគ្រោងធ្វើនៅថ្ងៃទី១៣ និងទី១៤ ខែមិថុនា លោក ផៅវែល បានថ្លែងថា ធនាគារកណ្ដាលមិនទាន់បានធ្វើការសម្រេចចិត្តណាមួយស្ដីពីការរឹតបន្តឹងគោលនយោបាយបន្ថែមមានភាពសមស្របនៅកន្លែងណានៅឡើយទេ។
ក្រុមអ្នកបង្កើតគោលនយោបាយរបស់អាមេរិកនៅតែពន្យារពេលធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយសម្រាប់ពេលខាងមុខ ហើយគ្រោងពិនិត្យមើលទិន្នន័យស្ដីពីការងារនិងអត្រាអតិផរណាសំខាន់ៗ ដែលនឹងចេញផ្សាយក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ ទិន្នន័យទាំងនេះអាចធ្វើឱ្យមានការជជែកគ្នានៅក្នុងគណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធដែលកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
លោក ផៅវែល បាននិយាយថា លោកមានអារម្មណ៍ថា ទិន្នន័យដែលមានបច្ចុប្បន្នបានគាំទ្រដល់ទស្សនៈរបស់គណៈកម្មាធិការនេះដែលថាការធ្វើឱ្យអតិផរណាធ្លាក់ចុះគឺត្រូវការពេលវេលាយូរបន្តិច។ លោកបានកត់សម្គាល់ថា ជាឧទាហរណ៍ កត្តាមួយចំនួនដែលអាចរក្សាអតិផរណាឱ្យនៅខ្ពស់ ដូចជាទីផ្សារការងារតឹងតែងជាដើម មិនទាន់មានភាពធូរស្រាលនៅឡើយទេ ជាពិសេសនៅក្នុងឧស្សាហកម្មសេវាកម្ម ដែលអតិផរណាកំពុងបន្តមានអត្រាខ្ពស់។
ក្រុមអ្នកបង្កើតគោលនយោបាយកំពុងប្រឈមមុខនឹងឧបសគ្គផ្សេងៗទៀតផងដែរ ក្នុងការផ្តល់ការណែនាំច្បាស់លាស់ទាក់ទងនឹងកិច្ចប្រជុំនៅពាក់កណ្ដាលខែក្រោយ។ ដោយមិនគិតពីទិន្នន័យ ធនាគារកណ្ដាលអាមេរិកទំនងជាមិនទាន់ដំឡើងអត្រាការប្រាក់ទៀតនោះទេ ប្រសិនបើការជាប់គាំងនយោបាយជុំវិញពិដានបំណុលរបស់រដ្ឋាភិបាលសហព័ន្ធនៅតែមិនទាន់ដោះស្រាយបាន។ ប្រសិនបើរដ្ឋាភិបាលអលទ្ធភាពសងបំណុលពិតមែននោះ ធនាគារកណ្តាលអាមេរិកអាចនឹងត្រូវបានជំរុញឱ្យដើរឆ្ពោះទៅរកជំហានសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ ជា