សារព័ត៌មាន Euro News បានរាយការណ៍កាលពីថ្ងៃទី៧ ខែធ្នូ ថា ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់អាម៉េរិក បានព្រមានពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអឺរ៉ុប ដូចជា អាល្លឺម៉ង់ អ៊ីតាលី បារាំង និងអេស្ប៉ាញ ដោយសារការកើនឡើងការប្រកួតប្រជែង និងកំណើននាំចេញរបស់ចិន នៅកាន់បណ្តាប្រទេសទាំងនេះ។ សេដ្ឋកិច្ចអឺរ៉ុប អាចនឹងរងទុក្ខដោយសារការប្រកួតប្រជែងពាណិជ្ជកម្មសកលកាន់តែខ្លាំងឡើង ខណៈទីក្រុងប៉េកាំង បន្តជំរុញកំណើននាំចេញ។
លោក ជីអូវ៉ាន់នី ព្យែដូមេនីកូ (Giovanni Pierdomenico) អ្នកសេដ្ឋកិច្ចនៅ Goldman Sachs បាននិយាយថា តំបន់ចាយលុយអឺរ៉ូ ត្រូវបានប៉ះពាល់ដោយសារការផ្គត់ផ្គង់ទំនិញរបស់ចិនមានការកើនឡើង។ កំណើនទំនិញចិន នៅតំបន់អឺរ៉ុប កំពុងគំរាមកំហែងដល់ការពង្រីកឱនភាពពាណិជ្ជកម្មទ្វេភាគីរបស់តំបន់ចាយប្រាក់អឺរ៉ូជាមួយចិន និងធ្វើឱ្យការប្រកួតប្រជែងជាអន្តរជាតិរបស់តំបន់អឺរ៉ុប មានការចុះខ្សោយផងដែរ។
អ្នកជំនាញរូបនេះ បាយវាយតម្លៃថា ការកើនឡើងការប្រកួតប្រជែងរបស់ទំនិញចិន នឹងធ្វើឱ្យ GDP របស់អឺរ៉ូថយចុះប្រហែល០,៥% នៅឆ្នាំ២០២៩ ក្នុងនោះអាល្លឺម៉ង់ប្រឈមមុខនឹងការធ្លាក់ចុះ GDP ប្រមាណ០,៩% អ៊ីតាលី០,៦% ចំណែកបារាំង និងអេស្ប៉ាញប្រមាណ០,៤%៕
ដោយៈ សរ សុជាតិ