លោក ហ្វូសៀន យី (Fu-Xian Yi) អ្នកឯកទេសខាងវិទ្យាសាស្ត្របន្តពូជនៅសកលវិទ្យាល័យ វីស្កុនសិន-ម៉ាឌីសុន (Wisconsin-Madison) នៅក្នុងសហរដ្ឋអាម៉េរិក និងជាអ្នកជំនាញខាងប្រជាសាស្រ្តចិន បានគូសបញ្ជាក់ថា ចំនួនប្រជាជនចិន ដែលមានអាយុលើសពី៦៥ឆ្នាំ បានកើនឡើងពី៧% ក្នុងឆ្នាំ១៩៩៨ ឈានដល់ ១៥,៤% គិតត្រឹមឆ្នាំ២០២៣។
លោកបានសរសេរចុះផ្សាយក្នុងគេហទំព័រ Project Syndicate កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះថា ជាប្រវត្តិសាស្ត្រ គ្មានប្រទេសណាអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤% រយៈពេល១២ឆ្នាំជាប់គ្នានោះទេ បន្ទាប់ពីមនុស្សចាស់មានចំនួន១៥%នៃចំនួនប្រជាជនសរុបរបស់ប្រទេសនោះ។ លោកបានគូសបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមសម្រាប់បណ្ដាប្រទេសដែលមានប្រាក់ចំណូលខ្ពស់អំឡុងពេលនេះ គឺត្រឹមតែ ១,៨%ប៉ុណ្ណោះ។
ខណៈដែលសហរដ្ឋអាម៉េរិក នៅតែជាបងធំសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោក សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក សម្រេចបានកំណើនទាបជាងកំណើនសេដ្ឋកិច្ចរបស់ចិន ទោះបីជាសេដ្ឋកិច្ចចិន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្ដី។ តួយ៉ាង ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន សម្រេចបានកំណើន៥,២% បើធៀបនឹងកំណើនសេដ្ឋកិច្ចអាម៉េរិកមានត្រឹមតែ២,៥%។
ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញរូបនេះជឿថា នៅ១០ឆ្នាំ ក្រោយ សន្ទុះកំណើនសេដ្ឋកិច្ចចិន នឹងយឺតជាងសន្ទុះកំណើនសេដ្ឋកិច្ចអាម៉េរិក ដោយលោកបានប្រៀបធៀបរវាងចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសចិន ទៅនឹងស្ថានភាពប្រជាសាស្រ្តស្រដៀងគ្នាដែលបានធ្វើឱ្យសេដ្ឋកិច្ចជប៉ុន និង អាល្លឺម៉ង់ធ្លាក់ចុះ។
លោក ហ្វូសៀន យី អ្នកឯកទេសខាងវិទ្យាសាស្ត្របន្តពូជនៅសកលវិទ្យាល័យ វីស្កុនសិន-ម៉ាឌីសុន បានព្យាករថា ដោយផ្អែកលើនិន្នាការប្រវត្តិសាស្រ្តទាំងនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជានឹងធ្លាក់ចុះមកត្រឹម ៣%នៅឆ្នាំ២០២៨ ហើយនឹងធ្លាក់ចុះទាបជាងកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក គិតចាប់ពីឆ្នាំ ២០៣១ ដល់ឆ្នាំ២០៣៥ ៕
ដោយ: តែម សុខុម