ជម្លោះអូស្រ្តាលី-ចិន

អូស្ត្រាលីចង់ឲ្យមានកំណែទម្រង់អង្គការ WTO ចំពេលជម្លោះពាណិជ្ជកម្មចិន-អូស្ត្រាលីបន្តឆេះឆួល


ប្រទេសអូស្ត្រាលី បានបង្ហាញពីជំហរចង់ឲ្យអង្គការពាណិជ្ជកម្មពិភពលោក WTO មានការកែទម្រង់ប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្មថ្មី ឲ្យមានប្រសិទ្ធិភាព ក្រោយពេលដែលជម្លោះពាណិជ្ជកម្មរវាង អូស្ត្រាលី និងរបបក្រុងប៉េកាំងនៅបន្តឆេះក្តៅងំ ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្រ្តាលី

ទោះបីជា​មិន​បាន​និយាយ​ចំ​ៗ​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ខ្លួន​នឹង​ប្រទេស​ចិន​ក៏​ពិតមែន ប៉ុន្តែ លោក ស្កុ​ត ម៉ូ​រី​សុ​ន នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​ទ​ទួ​ច​ឲ្យ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​តែ​មាន​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ថ្មី​មួយ​ជា​ចាំបាច់ ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​នានា​រវាង​ប្រទេស​នឹង​ប្រទេស​។

ទាក់ទិន​នឹង​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង អូស្ត្រាលី​នេះ​ដែរ លោក ស្កុ​ត ម៉ូ​រី​សុ​ន បាន​ប្រកាស​ក្តែ​ង​ៗ​ថា អូស្ត្រាលី​មិន​ឱនក្បាល​ក្រោម​សម្ពាធ​ពាណិជ្ជកម្ម​របស់​ចិន​ជា​ដាច់ខាត​។ នាយក​រដ្ឋមន្ត្រី អូស្ត្រាលី​វ័យ​៥៣ ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា អូស្ត្រាលី​បាន​ដាក់​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO រួច​ហើយ ក្រោយ​ពី​ប្រទេស​ចិន​បាន​បង្កើន​ពន្ធគយ​ជាង​៨០%​លើ​ទំនិញ​ដែល​នាំ​ចូល​ពី​អូស្ត្រាលី ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ខាតបង់​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​ជម្លោះ​ពាណិជ្ជកម្ម​ចិន ហើយនឹង​អូស្ត្រាលី​នេះ គឺ​ក្រុមហ៊ុន​រកស៊ី​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​ហ្នឹង​តែ​ម្តង​។ ជាក់ស្តែង  របាយការណ៍​សភាពាណិជ្ជកម្ម និង ឧស្សាហកម្ម​អូស្ត្រាលី បាន​លើក​ឡើង​ថា ការ​បង្កើន​ពន្ធគយ ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុននាំចេញ​នាំ​ចូល ចំណាយ​កាន់តែ​ច្រើន និង ពិបាក​រក​ប្រាក់​ចំណេញ​កាន់តែ​ខ្លាំង​។

គួរ​ជម្រាប​ថា ការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO  ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ ហេតុនេះ​ហើយ អូស្ត្រាលី​បាន​ងាក​ទៅ​រក​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីក​ចម្រើន ឬ​ហៅ​កាត់​ថា G7 ដើម្បី​ស្វែងរក​ការ​គាំទ្រ និង ជួយ​ជំរុញ​ឲ្យ WTO ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ​ឲ្យ​មាន​លក្ខណៈ​ប្រាកដនិយម និង មាន​ប្រសិទ្ធិ​ភាព។

សូម​រំឭក​ថា ប្រទេស​អូស្ត្រាលី និង ចិន​ចាប់ផ្តើម​ពាក់មុខយក្ស​ដាក់​គ្នា តាំងពី​ឆ្នាំ​២០១៨ គ្រា​ដែល​អូស្ត្រាលី​បាន​ហាមឃាត់​ក្រុមហ៊ុន Huawei ពី​ការ​អភិវឌ្ឍ​បណ្តាញ 5G នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ក្រោយមក ប្រទេស​ទាំង​ពីរ​កាន់តែ​មើល​មុខ​គ្នា​លែង​ចំ​កាន់តែ​ខ្លាំង​ទៀត នៅ​ពេល​ដែល​អូស្ត្រាលី​បាន​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ពី​ប្រភព​ដើម​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

គេ​នៅ​ចាំ​បាន​ថា ពេល​នោះ​ប្រទេស​ចិន​បាន​ឆ្លើយ​តប​មក​វិញ​តាម​រយៈ​ការ​តម្លើង​ពន្ធ​លើ​ទំនិញ​របស់​អូស្ត្រាលី រួម​មាន​ស្រាក្រហម ស្រូវ​សាលី និង បាន​រិ​ត​ត្បិត​ការ​នាំ​ចូល​សាច់​គោ ទំពាំងបាយជូរ ធ្យូងថ្ម ដែល​ជា​មុខទំនិញ​នាំ​ចេញ​ចាំបាច់​របស់​អូស្ត្រាលី​ទៀត​ផង​។

សូម​ប​បញ្ជាក់​ថា ទោះបី​ប្រទេស​ទាំង​ពីរ ចិន និង អូស្ត្រាលី កំពុង​ស្ថិត​ក្នុង​សង្វៀន​នៃ​ការ​ឈ្លោះប្រកែក​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ក្តី ប៉ុន្តែ​បើ​គេ​និយាយ​ជា​រួម ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ ពោល​គឺ​នៅ​ក្នុង​ខែឧសភា​កន្លង​ទៅ ចិន​នាំ​ចេញ​ទៅ​អូស្ត្រាលី​បាន​កើនឡើង ១,៤% មាន​ទឹកប្រាក់​សរុប ជិត​៥​ពាន់​លាន​ដុល្លារ ខណៈ​ចិន​នាំ​ចូល​ពី​អូស្ត្រាលី​វិញ គិត​ជា​ទឹកប្រាក់​សរុប​មាន​ជិត ១៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ជាង​៥៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ភាពមិនស្មើគ្នានៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសក្រីក្រ

ព័ត៌មាន
ធនាគារពិភពលោក នៅសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ទោះតិចក្តី ច្រើនក្តី បាននិងកំពុងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច…

ក្រុមហ៊ុនប្រេង និង ឧស្ម័នដ៏ធំមួយរបស់វៀតណាមប្រកាសប្រាក់ចំណេញកើនដល់៦ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាមដ៏ធំមួយ គឺ Vietnam Oil and Gas Group ឬហៅថា PetroVietnam បានប្រកាសពីប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ