សភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋដោយសំឡេងភាគច្រើន២២១ទល់នឹង២១២សំឡេងមកពីបក្សប្រជាធិបតេយ្យ បានបោះឆ្នោតបើកភ្លើងខៀវឱ្យមានការស៊ើបអង្កតលើករីណីចោលប្រកាន់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក។ លោក ចូ បៃដិន ត្រូវបានចោទប្រកាន់ថា បានទទួលផលប្រយោជន៍មិនត្រឹមត្រូវពីទំនាក់ទំនងអាជីវកម្មបរទេសពីសំណាក់កូនរបស់លោក គឺលោក Hunter Biden បន្ទាប់ពីកូនប្រុសលោក បៃដិន រូបនេះ បានបដិសេធមិនផ្តល់សក្ខីកម្មដល់តុលាការ។
ជុំវិញបញ្ហានេះ សេតវិមានបានច្រានចោលការស៊ើបអង្កេតនេះ ដោយថា មិនបានបញ្ជាក់ដោយអង្គហេតុ និងមានហេតុផលនយោបាយច្រើនជាង ខណៈលោក បៃដិន កំពុងត្រៀមសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ដែលមានគូប្រជែងចាស់មកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ។ លោក ត្រាំ គឺជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដែលត្រូវបានចោទប្រកាន់ពីរដង ហើយបច្ចុប្បន្នកំពុងជាប់ខ្លួនក្នុងរឿងក្តីឧក្រិដ្ឋកម្មចំនួនបួននាពេលខាងមុខ។
យ៉ាងណាក៏ដោយ ការបើកភ្លើងខៀវរបស់សភាអនុម័តឱ្យមានការស៊ើបអង្កេតបទចោទប្រកាន់ទៅលើទំនាក់ទំនងរវាងលោក បៃដិន និងកូនរបស់លោកគឺលោក Hunter Biden នេះ នឹងមិនអាចឈានទៅដល់ការដកលោក ចូ បៃដិន ចេញពីតំណែងប្រធានាធិបតីនោះទេ។
ដោយសារតែត្រូវឱ្យព្រឹទ្ធសភាបោះឆ្នោតសម្រេចលើការចោទប្រកាន់មួយតង់ទៀតជាមួយនឹងសំឡេងយល់ព្រមពីរភាគបី ខណៈស្ថាប័នកំពូលមួយនេះគ្រប់គ្រង់ដោយសំឡេងភាគច្រើនមកពីបក្សប្រជាធិបតេ្យ៥១ទល់នឹង៤៩សំឡេង។ ប៉ុន្តែការសម្រេចរបស់សភាតំណាងនេះ អាចជួយឱ្យគណបក្សសាធារណរដ្ឋអាចលើកពីការចោទប្រកាន់របស់ពួកគេអំពីអំពើពុករលួយរបស់លោក ចូ បៃដិន និងបក្សប្រជាធិបតេយ្យ ដើម្បីបានប្រយោជន៍ពីយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំក្រោយ។
គួរជម្រាបថា ការបោះឆ្នោតកាលពីថ្ងៃពុធ កើតឡើងបីខែ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានចាប់ផ្តើមការស៊ើបអង្កេតក្រៅផ្លូវការ ដោយមិនមានបំណងដកតំណែងប្រធានាធិបតី ឬមន្ត្រីផ្សេងទៀតចេញពីតំណែងនោះទេ។ ក៏ប៉ុន្តែវាអាចនឹងជួយឱ្យបក្សសាធារណរដ្ឋនូវសិទ្ធិអំណាចផ្លូវច្បាប់បន្ថែមទៀត ដើម្បីបង្ខំឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន សហការ និងអាចជួយប្រឆាំងនឹងការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យ ដែលថាខ្វះភាពស្របច្បាប់។
សមាជិកសភាបក្សសាធារណរដ្ឋបានចោទប្រកាន់ថា លោក បៃដិន និងគ្រួសាររបស់លោកទទួលបានផលចំណេញពីសកម្មភាពរបស់លោកអំឡុងបម្រើការជាអនុប្រធានាធិបតីក្រោមរដ្ឋបាលោក អូបាម៉ា ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ និងលើការបណ្តាក់ទុនជំនួញរបស់កូនប្រុសរបស់លោកនៅអ៊ុយក្រែន និងប្រទេសចិន ក្នុងអំឡុងពេលនោះដែរ។
យ៉ាងណាមិញ លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាមកពីបក្សសាធារណរដ្ឋមិនធ្វើសកម្មភាពលើសំណើរបស់លោកនោះទេ ចំពោះបញ្ហាអាទិភាពក្នុងស្រុក និងការផ្តល់មូលនិធិជំនួយបន្ទាន់សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល តែលោកថា បែរជាមកវាយប្រហារលោកជាមួយនឹងការកុហកទៅវិញ។
ស្របពេលជាមួយគ្នានេះ កូនប្រុសលោក បៃដិន លោក Hunter Biden បានជំទាស់នឹងដីកាកោះហៅរបស់គណៈកម្មាធិការម្តងទៀត ដើម្បីផ្តល់សក្ខីកម្មបិទទ្វារ ដោយលោកនិយាយថា លោកនឹងផ្តល់សក្ខីកម្មតែនៅទីសាធារណៈប៉ុណ្ណោះ ព្រោះលោកខ្លាចថា ពាក្យរបស់លោកនឹងត្រូវបានបកស្រាយខុស៕