ការលើកឡើងរបស់ប្រធានសភាអាមេរិករូបនេះ ធ្វើឡើងនៅគ្រាដែល ទីក្រុងប៉េកាំងបាននិងកំពុងធ្វើប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ជុំវិញកោះតៃវ៉ាន់តែម្ដង ធ្វើឲ្យស្ថានការនៅពេលនេះ តានតឹងស្ទើរតែផ្ទុះបែកម្ដងៗទៅហើយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់ជាមួយគណៈប្រតិភូសភារបស់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចដែលមិនមានការប្រកាសជាផ្លូវការទុកមុននោះឡើយ។ ការណ៍នេះបានសបង្ហាញយ៉ាងច្បាស់ថា ការការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់គឺមិនរង្គោះរង្គើ ថែមទាំងមិនញញើតនឹងការព្រមានរបស់ទីក្រុងប៉េកាំងនោះដែរ។
នៅក្នុងជំនួបជាមួយលោកស្រី Tsai Ing-wen មេដឹកនាំតៃវ៉ាន់ លោកស្រី ផេឡូស៊ី បានប្រើវេទិការនោះដើម្បីលើកសរសើអំពីលទ្ធិប្រជាធិបតេយ្យ និងការរក្សាផលប្រយោជន៍សន្តិសុខគ្នាទៅវិញទៅមក។
លោកស្រី Pelosi បាននិយាយថា «លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ផ្តល់នូវទិដ្ឋភាពផ្ទុយស្រឡះពីហុងកុង និងចិនដីគោក ហើយអាមេរិកមើលឃើញថា ក្រោមគោលការប្រទេសមួយ ប្រព័ន្ធពីររបស់ទីក្រុងប៉េកាំង ហុងកុងបានភ្លក់រសជាតិមិនតិចទេពីអស្ថិរភាព ក៏ដូចការរំលោភបំពានជាដើម»។
លោកស្រី Pelosi បានប្រាប់លោកស្រី Tsai Ing-wen ច្បាស់ៗថា «ដំណើរទស្សនកិច្ចនេះ ដោយអមជាមួយគណៈប្រតិភូឯទៀត គឺចង់បញ្ជាក់ថា អាមេរិកមិនបោះបង់ចោលតៃវ៉ាន់នោះទេ នៅគ្រប់ពេលណាៗទាំងអស់»។
រីឯលោកស្រីសៃ អ៊ីង វេន វិញបាននិយាយដែរថា «ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាដោយចេតនាពីចិនដីគោក តៃវ៉ាន់នឹងមិនថយក្រោយឡើយ ហើយទីក្រុងតៃប៉ិនឹងរក្សាអធិបតេយ្យភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងបន្តរក្សាការពារលទ្ធិប្រជាធិបតេយ្យឲ្យបាន»។
ហើយលោកស្រី បានបន្ថែមថា តៃវ៉ាន់ពិតជាមានបំណងចង់សហការ ព្រមទាំងរួមរស់ជាមួយលទ្ធិប្រជាធិបតេយ្យនៃប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាការពារតម្លៃប្រជាធិបតេយ្យសេរី ប៉ុន្តែតៃវ៉ាន់ក៏ត្រូវការពារសុវត្ថិភាព និងបូរណ៌ភាពទឹកដីរបស់ខ្លួនផងដែរ»។
គួររលឹកឡើងវិញថា ភ្លាមៗបន្ទាប់ពីការមកដល់របស់លោកស្រី ផេឡូស៊ី នៅយប់ថ្ងៃអង្គារទី ៣ ខែសីហា ក្រសួងការពារជាតិចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងចាប់ផ្តើម «ប្រតិបត្តិការយោធាគោលដៅ» តែម្តង ដើម្បីប្រឆាំងដាច់ខាតនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់នេះ។
ទន្ទឹមនឹងនោះដែរ ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយដោយឥតលាក់លាមថា៖ «ខ្លួននឹងធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់ ដោយបួករួមនឹងការធ្វើសមយុទ្ធផ្លូវអាកាស និងផ្លូវសមុទ្ររួមគ្នាជុំវិញកោះតៃវ៉ាន់ និងធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។
ទីបញ្ជាការកងទ័ពចិនភាគខាងកើតនេះ បានសង្កត់ធ្ងន់ថា «ប្រតិបត្តិការយោធានេះគឺជាធ្វើការរារាំងយ៉ាងដាច់អហង្ការប្រឆាំងនឹងការកើនឡើងនៃទង្វើអវិជ្ជមានរបស់សហរដ្ឋអាមេរិកលើបញ្ហាតៃវ៉ាន់ និងជាការព្រមានទុកជាមុនផងដែរ ប្រសិនបើតៃវ៉ាន់ហ៊ានដល់ថ្នាក់ប្រកាស«ឯករាជ្យ» មែននោះ។
ទោះបីជាបែបនេះក្តី លោក Kirby អ្នកនាំពាក្យក្រុមព្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ឡើងវិញថា ការទៅដល់របស់លោកស្រីប្រធានសភា បានសបង្ហាញថា ចិនមិនហ៊ានប្រើកម្លាំងណាមួយក្នុងការធ្វើទុកបុកម្និញមន្ត្រីអាមេរិកឡើយ តែទីក្រុងប៉េកាំងអាចប្រើ «វីធីសាស្រ្តវាយបកផ្នែកសេដ្ឋកិច្ច» ចំពោះតៃវ៉ាន់ ដោយលោកបង្ហើបថា ការប្រែប្រួលណាមួយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននឹងពឹងផ្អែកលើសកម្មភាពរបស់ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬនៅសប្តាហ៍ខាងមុខ»។
ជាមួយគ្នានេះដែរ ភាគីតៃវ៉ាន់បានឆ្លើយតបកាលពីថ្ងៃពុធថា សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិននៅជុំវិញកោះប្រជាធិបតេយ្យក្នុងសប្តាហ៍នេះបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងយ៉ាងច្បាស់ថា ចិនពិតជាចង់បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់មែនហើយ។
ជុំវិញរឿងរ៉ាវនេះដែរ រុស្សីបានចេញមុនគាំទ្រចិនកាលពីថ្ងៃអង្គារនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នេះថា ជាដំណើរបង្កហេតុមែនទែន។ អ្នកនាំពាក្យក្រសួងការបរទសរុស្សីបានបន្ថែមថា «សហរដ្ឋអាមេរិក គឺប្រទសដែលដើរតែបង្ករឿង ហើយរុស្ស៊ីនៅតែគោរពគោលការណ៍ "ចិនតែមួយ" និងប្រឆាំងនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់ក្នុងគ្រប់រូបភាពទាំងអស់។
សូមបញ្ជាក់បញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរចាកចេញពីកោះតៃវ៉ាន់ហើយ នៅរសៀលថ្ងៃទី ៣ ខែសីហា នឹងបន្ដដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៃគម្រោងដំណើរទស្សនកិច្ច ៤ប្រទេសនៅតំបន់អាស៊ី ខណៈដែលនៅមុននេះ លោកស្រីបានធ្វើដំណើរទស្សនកិច្ចរួចហើយនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី៕