ថ្លែងពីការិយាល័យកណ្តាលរបស់សហជីពកម្មករនិយោជិតផលិតដែកអាម៉េរិក United Steelworkers Union នៅទីក្រុងភីតស្បឺក (Pittsburgh) សហរដ្ឋអាម៉េរិក ប្រធានាធិបតី ចូ បៃឌិន បានលើកឡើងចំៗថា អស់រយៈពេលជាយូរពេកមកហើយដែលរដ្ឋាភិបាលចិន បានចាក់បញ្ចូលថវិការដ្ឋជួយបណ្ដាក្រុមហ៊ុនផលិតដែកថែបរបស់ប្រទេសចិន ដោយជំរុញឱ្យក្រុមហ៊ុនទាំងនោះផលិតដែកយ៉ាងច្រើនលើសលប់។
លោកបានបន្ថែមថា ដោយសារតែក្រុមហ៊ុនដែកថែបចិន ទាំងនោះផលិតដែកថែបច្រើនជាងតម្រូវការរបស់ប្រទេសចិន ផលិតផលទាំងនោះបានហូរហៀរជោរជន់ពាសពេញទីផ្សារជុំវិញពិភពលោក និងលក់ក្នុងតម្លៃទាបខ្លាំងដោយមិនត្រឹមត្រូវតាមច្បាប់ប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។
លោកបានបន្តថា តម្លៃផលិតផលទាំងនោះ គឺទាបខ្លាំងណាស់ដោយសារតែក្រុមហ៊ុនទាំងនោះមិនចាំបាច់ព្រួយបារម្ភអំពីការរកប្រាក់ចំណេញ ហើយថា ទង្វើបែបនោះមិនមែនជាការប្រកួតប្រជែងដោយភាពត្រឹមត្រូវនោះទេ តែវាគឺជាការបោកប្រាស់។
ទន្ទឹមនេះ លោក ចូ បៃឌិន បានប្រាប់កម្មករនិយោជិតនៅសហជីពខាងលើនេះថា ប្រធានទីភ្នាក់ងារតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក លោកស្រី ខាធើរីន តៃ (Katherine Tai) កំពុងស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មរបស់ចិន ទាក់ទងនឹងផលិតផលដែកថែប និងអាលុយមីញ៉ូម។
លោកបានថ្លែងថា ប្រសិនបើការស៊ើបអង្កេតរកឃើញថា ក្រុមហ៊ុនចិន ទាំងនោះពិតជាអនុវត្តពាណិជ្ជកម្មប្រឆាំងការប្រកួតប្រជែងដោយភាពត្រឹមត្រូវដូចការចោទប្រកាន់មែន លោកនឹងទទូចឱ្យលោកស្រី ខាធើរីន តៃ (Katherine Tai) ពិចារណាដំឡើងពន្ធ១គុណនឹង៣ទាំងលើផលិតផលដែកថែប និងអាលុយមីញ៉ូម។
ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីប្រទេសចិន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួសសម្រេចបានកំណើន៥,៣%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដែលល្អជាងការរំពឹងទុក។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ត្រីបរទេសជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) ផង សុទ្ធតែបានសង្កត់ធ្ងន់លើបញ្ហាផលិតកម្មឧស្សាហកម្មច្រើនលើសលប់ ជាពិសេសផលិតផលពណ៌បៃតងដូចជារថយន្តអគ្គិសនី (EV) និងបន្ទះសូឡាជាដើម៕
ដោយ: តែម សុខុម