សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា សភាពការណ៍នៅក្នុងទីក្រុងបាងកក ដែលជាបេះដូងសេដ្ឋកិច្ច និងជាជម្រករបស់ប្រជាពលរដ្ឋ អ្នកទេសចរ រួមទាំងជនអន្តោប្រវេសន៍ប្រមាណ១០លាននាក់កំពុងស្ថិតក្នុងស្ថានភាពអាសន្នយ៉ាងធ្ងន់ធ្ងរ ដោយខណ្ឌទាំង៥០ នៃរាជធានីនេះ ត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារ និងលិចលង់យ៉ាងដំណំ។
អាជ្ញាធរក្រុងបាងកកបានឱ្យដឹងថា ភ្លៀងបានធ្លាក់យ៉ាងច្រើនចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍ រហូតមកដល់ព្រឹកថ្ងៃអាទិត្យ ដែលបានបង្កើតជាគ្រោះមហន្តរាយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរគ្របដណ្តប់ពេញផ្ទៃដីនៃទីក្រុងបាងកកទាំងមូល។ គិតមកទល់ពេលនេះជំនន់ទឹកភ្លៀងបានជន់លិចបណ្តាញផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានរបស់ពលរដ្ឋរាប់ពាន់ខ្នង។ ជាមួយគ្នានេះបណ្តាញសង្គមផ្លូវការ និងប្រភពព័ត៌មាននានាបានរាយការណ៍ថា សូម្បីតែអាកាសយានដ្ឋានអន្តរជាតិនៅក្នុងរាជធានីបាងកក ក៏រងការគំរាមកំហែងពីគ្រោះមហន្តរាយធម្មជាតិនេះផងដែរ។
ទោះបីជាទំហំនៃការខូចខាតសេដ្ឋកិច្ចមិនទាន់អាចវាយតម្លៃបានក៏ដោយ ប៉ុន្តែលោក ឆាត់ឆាត ស៊ីតធីពុន (Chadchart Sittipunt) អភិបាលរាជធានីបាងកក បានគូសបញ្ជាក់ថា តំបន់ភាគខាងកើតនៃទីក្រុងជាទីតាំង ដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ។ លោកបានចេញសារព្រមានជាបន្ទាន់អំពីការព្យាករអាកាសធាតុ ដែលអាចនឹងមានភ្លៀងធ្លាក់បន្ថែមទៀត។
លោកអភិបាលក្រុងបាងកក បានសារនៅលើបណ្តាញសង្គមថា ភ្លៀងនៅតែបន្តធ្លាក់ ខណៈអាជ្ញាធរកំពុងខិតខំប្រឹងប្រែងជួយរំដោះទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ និងកំពុងបង្កើនការបូមទឹកចេញ ប៉ុន្តែប្រព័ន្ធប្រឡាយ និងលូទាំងអស់នៅក្នុងក្រុងបានហូរហៀរពេញប្រៀបអស់ទៅហើយ។ ទន្ទឹមនឹងនេះ អភិបាលក្រុងបាងកក បានអំពាវនាវយ៉ាងទទូចដល់គ្រប់មន្ទីរពេទ្យទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារក្រែងទឹកជំនន់បន្តកើនឡើងបន្ថែមទៀត ដែលអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល៕
ដោយៈ សរ សុជាតិ