វិស័យ AI

លោក ត្រាំ បដិសេធមិនព្រមចាប់ដៃជាមួយចិនលើវិស័យ AI ដោយប្រកាសបន្តអភិវឌ្ឍន៍បច្ចេកវិទ្យានេះដោយមិនបង្អង់ល្បឿន


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសជំហរយ៉ាងដាច់ណាត់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនធ្វើតាមការអំពាវនាវឱ្យមានការរឹតបន្តឹង ឬធ្វើនិយ័តកម្មលើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះឡើយ។ លោក ត្រាំ បានបដិសេធដាច់ខាតក្នុងការធ្វើសមាហរណកម្ម ឬសហការជាមួយប្រទេសចិនលើវិស័យនេះ ដោយអះអាងថា អាម៉េរិកកំពុងនាំមុខគេយ៉ាងឆ្ងាយ ហើយនឹងមិនជាន់ហ្វ្រាំងបង្អង់ល្បឿនជាដាច់ខាត។
វិស័យ AI
ដោយ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងពេលកំពុងចាកចេញពីសេតវិមានថា សហរដ្ឋអាម៉េរិកគ្មានហេតុផលអ្វីត្រូវបង្អង់ល្បឿន នៃការអភិវឌ្ឍបច្ចេកវិទ្យា AI ឡើយ។ ការប្រកាសជំហរដ៏រឹងមាំនេះ ធ្វើឡើងថ្វីបើមានក្តីបារម្ភ និងការយល់ព្រមជាទូទៅពីសំណាក់សមាជិកសភាអាម៉េរិក និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួន ដែលចង់ឱ្យមានការបន្ថយល្បឿន ដោយបារម្ភពីហានិភ័យនៃ AI ចំពោះមនុស្សជាតិនាពេលអនាគតក៏ដោយ។

លោក ត្រាំ បានបោះសម្តីធ្ងន់ៗថា នៅពេលដែលពួកគេមកសុំឱ្យអាម៉េរិកជាន់ហ្វ្រាំងបង្អង់ល្បឿន ពួកគេធ្វើដូចជាមនុស្សគ្រប់គ្នានឹងត្រូវស្លាប់ភ្លាមៗអ៊ីចឹង។ បើសិនជាត្រូវស្លាប់មែន ពួកគេប្រហែលជាស្លាប់ដោយសារការឡើងកម្ដៅផែនដីតាំងពីយូរមកហើយ អ្វីដែលពួកគេចង់បាន គឺគ្រាន់តែចង់រារាំងការស្ទុះរីកចម្រើនរបស់អាម៉េរិកតែប៉ុណ្ណោះ ព្រោះពេលនេះអាម៉េរិកកំពុងនាំមុខចិនយ៉ាងឆ្ងាយ ដូច្នេះអាម៉េរិកត្រូវតែរក្សាឧត្តមភាពនេះឱ្យនៅដដែល។

លោក ត្រាំ ដែលទើបបញ្ចប់ជំនួបកំពូលរយៈពេល៣ថ្ងៃជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានគូសបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនឹងមិនសហការ ឬធ្វើសមាហរណកម្មជាមួយទីក្រុងបេកាំងលើវិស័យ AI ជាដាច់ខាត ដោយលោកបានលើកឡើងថា នៅពេលដែលអ្នកកំពុងរត់នាំមុខគេយ៉ាងឆ្ងាយ អ្នកមិនត្រូវបើកទ្វារឱ្យនរណាម្នាក់ចូលមករួមដំណើរ ឬចែករំលែកផ្លែផ្កាជាមួយអ្នកឡើយ។

ជំហររឹងរូសរបស់លោក ត្រាំ បានកើតឡើងខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) ទើបតែទទូចនៅក្នុងមហាសន្និបាត UN ឱ្យមេដឹកនាំពិភពលោកប្រញាប់បង្កើតច្បាប់ និងរបាំងការពារលើ AI ដោយព្រមានថា ការអភិវឌ្ឍដោយគ្មានការគ្រប់គ្រង និងខ្វះការទទួលខុសត្រូវអាចរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។

គួររំលឹកថា រដ្ឋបាលលោក ត្រាំ បានសម្រេចផ្លាស់ប្តូរពាក្យបច្ចេកទេសជាផ្លូវការ ដោយប្តូរពីបញ្ញាសិប្បនិម្មិតទៅជាបញ្ញាសិប្បនិម្មិតពិសេស។ ចំណែកឯក្រសួងការបរទេសចិនវិញ ក៏បានសម្តែងការគោរពចំពោះការផ្លាស់ប្តូរឈ្មោះនេះរបស់វ៉ាស៊ីនតោនផងដែរ បន្ទាប់ពីលោក ត្រាំ បានបង្ហើបថា លោក ស៊ី ជិនពីង ក៏ហាក់ដូចជាពេញចិត្តនឹងឈ្មោះថ្មីនេះដែរ។ យ៉ាងណាមិញផ្ទុយពីអាកប្បកិរិយារបស់លោក ត្រាំ លោក ស៊ី ជីនពីង បានប្រកាន់យកជំហរថ្លឹងថ្លែង និងប្រុងប្រយ័ត្នខ្ពស់ ដោយបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាដ៏ទំនើបមួយនេះដាច់ខាតត្រូវតែអភិវឌ្ឍឡើងក្រោមការគ្រប់គ្រង និងបញ្ជាយ៉ាងម៉ឺងម៉ាត់របស់មនុស្សជាតិ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រដ្ឋដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ប្រាក់ដល់ពលរដ្ឋជាង៤,៦លាននាក់ ខណៈអ្នកជំនាញរំពឹងជួយលើកកម្ពស់អំណាចទិញ និងសេដ្ឋកិច្ចមូលដ្ឋានឱ្យប្រសើរឡើងមួយកម្រិត

ដើម្បីឆ្លើយតបនឹងរលកនៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលកំពុងវាយប្រហារលើជីវភាពប្រជាជន រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ