ចាប់តាំងការបាញ់សាកល្បងនុយក្លេអ៊ែរជាលើកចុងក្រោយបង្អស់កាលពីឆ្នាំ២០១៧របស់កូរ៉េខាងជើង មន្ត្រីអាមេរិកមានបានធ្វើការព្រមានជាហូរហែរនៃការគ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់ ហើយនៅមួយរយៈចុងក្រោយនេះស្ថានការនៅឧបទ្វីបកូរ៉េបានកើនកម្តៅសារជាថ្មីដោយសារតែការបង្កហេតុពីសំណាក់ព្យុងយ៉ាង និងការធ្វើសមយុទ្ធជារឿយៗរបស់អាមេរិកជាមួយនឹងកូរ៉េខាងត្បូង។
យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ឯក លោក Scott Berrier ប្រធានទីភ្នាក់ងារចារកម្មនៃក្រសួងការពារជាតិអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា « បើទោះជាមានការព្រមាន និងការគំរាមកំហែងជាបន្តបន្ទាប់លើការសម្រេចចិត្តណាមួយរបស់លោក គីម ក៏ដោយ វាហាក់មិនមានហេតុផលគ្រប់គ្រាន់ ដែលថាព្យុងយ៉ាងនឹងហ៊ានបាញ់សាកល្បងនុយក្លេអ៊ែរនោះដែរ»។
យ៉ាងណាក៏ដោយចុះ នៅថ្ងៃពុធទី២២មីនា កូរ៉េខាងត្បូងបានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបណ្តែតជាច្រើនគ្រាប់បន្ថែមទៀតចូលទៅក្នុងឆ្នេរភាគខាងកើត ដោយបាញ់ចេញពីខេត្ត South Hamgyong ប្រទេសកូរ៉េខាងជើង។ ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើមីស៊ីលដែលត្រូវបានបាញ់នោះមានប៉ុន្មានគ្រាប់ និងជាប្រភេទមីស៊ីលអ្វីឱ្យពិតប្រាកដនោះទេ។ មែនទែនទៅ ការបាញ់បង្ហោះសាជាថ្មីនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាលេស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ចូលក្នុងសមុទ្រភាគខាងកើតដូចគ្នា។