ប្រទេសជប៉ុន

ជប៉ុនប្រឈមនឹងសម្ពាធខ្លាំង ខណៈក្រុម G7 មានគោលដៅកាត់បន្ថយការពឹងផ្អែកលើថាមពលធ្យូងថ្ម


ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិករបស់ខ្លួននៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឫ ហៅថា G7 ខណៈដែលទីក្រុងតូក្យូបានបដិសេធមិនបោះបង់ចោលការប្រើប្រាស់ថាមពលធ្យូងថ្ម ស្របពេលដែលក្រុមប្រទេសទាំងនេះ សន្យាថានឹងលុបបំបាត់ការប្រើប្រាស់ថាមពលធ្យូងថ្មឲ្យបានទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិក G7 ខណៈដែលទីក្រុងតូក្យូបានបដិសេធមិនបោះបង់ចោលការប្រើប្រាស់ថាមពលធ្យូងថ្ម

នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន អាកាសធាតុ និង ថាមពលមកដល់ ប្រធានវិលជុំ G7 ដែលបច្ចុប្បន្នជាប្រទេសអាល្លឺម៉ង់បានបើកកិច្ចពិភាក្សាជាមួយសមាជិក G7 ទាំងអស់ អំពីសក្តានុពលនៃការកំណត់គោលដៅឆ្នាំ ២០៣០ សម្រាប់ការលុបបំបាត់ការប្រើប្រាស់ថាមពលធ្យូងថ្ម។ ក្នុងនោះ សមាជិកស្ទើរទាំងអស់បានសម្តែងការគាំទ្ររបស់ពួកគេ ប៉ុន្តែប្រទេសជប៉ុនវិញ បែរជាបានបដិសេធចំពោះការកំណត់គោលដៅ ដែលគ្រោងនឹងឈប់ពឹងផ្អែកថាមពលធ្យូងថ្មត្រឹមឆ្នាំ ២០៣០នេះ។

ប្រទេសជប៉ុនបានបដិសេធ និង មិនចង់បានការប្តេជ្ញាចិត្តណាមួយក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មនៅក្នុងឯកសារផ្លូវការនោះទេ ខណៈប្រទេសនេះបានធ្លាក់ចុះការផលិតប្រភពថាមពលកកើតឡើងវិញ ហើយជប៉ុនមើលឃើញថា ធ្យូងថ្មអាចបង្កើតបានថាមពលជាង ១៩% សម្រាប់ការផ្គត់ផ្គង់នៅក្នុងប្រទេសរបស់ខ្លួន។

ការអភិវឌ្ឍឥន្ធនៈហ្វូស៊ីល ដែលទាយយកពីធ្យូងថ្មបានកើនឡើងវិញ ចំពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនជំរុញឱ្យតម្លៃថាមពលឡើងថ្លៃនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែអាមេរិក និង អឺរ៉ុបមើលឃើញថានេះគ្រាន់តែបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយនៅតែបន្តគម្រោងផ្លាស់ប្តូរកាត់បន្ថយការពឹងផ្អែកថាមពលធ្យូងថ្មនៅត្រឹមឆ្នាំ ២០៣០។

យ៉ាងណាមិញ ប្រទេសជប៉ុនថ្វីត្បិតថា ខ្លួនបានបដិសេធមិនបញ្ឈប់ការពឹងផ្អែកលើថាមពលធ្យូងថ្ម ក៏ប៉ុន្តែបានសន្យាថា នឹងបញ្ចប់ការគាំទ្រសម្រាប់គម្រោងទាញយកថាមពលធ្យូងថ្មនៅក្រៅប្រទេស និង ផ្តល់ជំនួយដល់ប្រទេសនៅតំបន់អាស៊ីមួយចំនួនសម្រាប់បង្កើតគម្រោងទាញយកថាមពលកកើតឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ មេដឹកនាំសមាជិក G7 ទាំងអស់កំពុងដាក់ញត្តិសុំជំនួយផ្នែកបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ ក្នុងប្រទេសរបស់ពួកគេ ដើម្បីផ្តល់ជំនួយដល់ប្រទេសដែលពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម ឲ្យចាប់ផ្តើមបង្កើតគម្រោងទាញយកថាមពលកកើតឡើងវិញ ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នការបូនទៅកាន់បរិយាកាស។ ប៉ុន្តែ សហរដ្ឋអាមេរិកមិនស្ថិតក្នុងជំហរក្នុងការសន្យាផ្តល់ជំនួយគ្រប់គ្រាន់នោះទេ ព្រោះគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យមួយចំនួននឹងរារាំងការផ្តល់មូលនិធិបែបនេះ។

គួរជម្រាបថា អង្គការសហប្រជាជាតិ ព្រមានពីការកើនឡើងនូវគ្រោះថ្នាក់ពីអាកាសធាតុធ្ងន់ធ្ងរ ប្រសិនបើសហគមន៍អន្តរជាតិមិនអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាននោះទេ។ ក្រុម G7 មានឥទ្ធិពលយ៉ាងសំខាន់លើទិសដៅដែលពិភពលោកទាំងមូលនឹងធ្វើ ខណៈជប៉ុនកំពុងបង្ហាញនូវជម្រើសដ៏លំបាកមួយសម្រាប់ការអនុវត្តលើគម្រោងនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនទិញប្រេងឆៅពីរុស្ស៊ីកើនឡើងជិត៥០% តាំងពីរុស្ស៊ីរងទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
តាមការរាយការណ៍ពីស្ថានវិភាគទីផ្សារ Vortexa Analytics ដែលត្រូវបានផ្សាយដោយរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេព្យាករថា បានទិញប្រេងពីរ…

កម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន សម្ដេច ហ៊ុន សែន ត្រូវបានអញ្ជើញជាកិត្តិយសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ