មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងដែលចចារគ្នា និងសម្រេចបានយ៉ាងឆាប់រហ័សនេះ នឹងធ្វើឱ្យប្រទេសទាំង២ បើកចំហចំពោះការនាំចេញទ្វេភាគីលើសារធាតុរ៉ែសំខាន់ៗសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីរួមមានសារធាតុរ៉ែលីច្យូម រ៉ែនីកែល និងប្រភេទរ៉ែសំខាន់ៗជាច្រើនទៀតផងដែរ។
កិច្ចព្រមព្រៀងនេះក៏មានបំណងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិក និងជប៉ុនទៅលើប្រទេសចិនពាក់ព័ន្ធនឹងវត្ថុធាតុដើមទាំងនេះ ក៏ដូចជាតម្រូវឱ្យមានកិច្ចសហការគ្នារវាងទីក្រុងវ៉ាស៊ិនតោន និងទីក្រុងតូក្យូ ដើម្បីប្រយុទ្ធប្រឆាំងនឹង«គោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារ»របស់ប្រទេសផ្សេងទៀតនៅក្នុងវិស័យនេះ និងរួមគ្នាពិនិត្យមើលឡើងវិញនូវការវិនិយោគបរទេសនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗរបស់ពួកគេ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើរ៉ែមួយចំនួន គឺជាផ្លូវមួយដែលរដ្ឋបាលរបស់លោក បៃដិន សង្ឃឹមថា នឹងបើកឱកាសសម្រាប់សម្ព័ន្ធមិត្តគួរឱ្យទុកចិត្តមួយចំនួន ឱ្យទទួលបានឥណទានពន្ធរហូតដល់ ៧ ៥០០ ដុល្លារសម្រាប់ការទិញរថយន្ដអគ្គិសនីមួយគ្រឿងដែលផលិតនៅអាមេរិក ស្របតាមច្បាប់ស្ដីពីការកាត់បន្ថយអតិផរណា ដែលអាមេរិកបានអនុម័តកាលពីឆ្នាំមុន។
ឥណទានពន្ធពាក់កណ្តាលសម្រាប់អ្នកទិញរថយន្តអគ្គិសនីត្រូវបានបម្រុងទុកសម្រាប់រថយន្ត និងអាគុយដែលបានដំឡើងនៅអាមេរិកខាងជើង ដែលវាបង្កភាពតានតឹងយ៉ាងខ្លាំង ជាមួយសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ដោយពួកគេបារម្ភថា ក្រុមហ៊ុនផលិតរថយន្ត និងអាគុយរបស់ពួកគេនឹងមិនអាចប្រកួតប្រជែងបានឡើយនៅទីផ្សារអាមេរិក។
ដោយឡែក ឥណទានពាក់កណ្តាលទៀត គឺកំណត់យ៉ាងតិច ៤០% នៃតម្លៃសារធាតុរ៉ែសំខាន់ៗនៅក្នុងអាគុយ គឺត្រូវតែបានផលិតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ឬក៏ប្រទេសណាមួយដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ឬសាធាតុរ៉ែទាំងនោះ ត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញនៅតំបន់អាមេរិកខាងជើង៕