អាមេរិក

អាមេរិក បើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនជាង ២០០ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនអាមេរិក


បន្ទាប់ពីដាក់ក្រុមហ៊ុនផលិតឈីបធំៗរបស់ចិនចូលបញ្ជីខ្មៅរួចមក ឥឡូវអាមេរិកបន្ដបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើក្រុមហ៊ុនចិនជាង២០០ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនអាមេរិក។ ការត្រួតពិនិត្យស៊ើបអង្កេតនេះ ធ្វើឡើងដោយក្រុមហ៊ុនគណនេយ្យសាធារណៈអាមេរិក Oversight Board ហៅកាត់ថា PCAOB បន្ទាប់ពីទទួលបានសិទ្ធិពេញលេញក្នុងការធ្វើសវនកម្មលើក្រុមហ៊ុនចិនទាំងនេះជាលើកដំបូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
: អាមេរិក បើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនជាង ២០០
ដោយ

ការប្រកាស​នេះ​ធ្វើឡើង​ដោយក្រុមហ៊ុន ​​​គណនេយ្យ​សាធារណៈ​អាមេរិក Oversight Board កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២២ ហើយវិធានការនេះ គឺដើម្បី​លុប​បំបាត់​ហានិភ័យ​ដែលអាមេរិកតែងតែបារម្ភខ្លាចក្រុមហ៊ុនចិនទាំងនេះមានប្រព្រឹត្តខុសទៅនឹងច្បាប់សវនកម្មរបស់ខ្លួន ហើយការការស៊ើបអង្កេតនេះ ក៏អាចនឹងមានក្រុមហ៊ុន​មួយចំនួននឹងត្រូវ​ទាត់ចេញពីផ្សារភាគហ៊ុនអាមេរិកផងដែរ បើរកឃើញករណីល្មើសច្បាប់ ដែលក្នុងនោះក៏អាចនឹងមាន ក្រុមហ៊ុនយក្ស Alibaba ដែរ។

លោកស្រី Erica William ប្រធា​នក្រុមហ៊ុន PCAOB បាន​និយាយថា សម្រាប់​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ក្រុមហ៊ុន​នឹង​អាច​បំពេញ​​ការងារ​បានពេញលេញ ការធ្វើអធិការកិច្ច និងស៊ើបអង្កេត​ដើម្បី​កំណត់​ឱ្យ​បាន​​នូវ​បញ្ហា​សក្តានុពល​ ហើយនឹងធ្វើការ​ដោះស្រាយ។

បើតាម​លោកស្រី Williams ឱ្យដឹង​ថា បុគ្គលិកក្រុមហ៊ុន PCAOB បានកំណត់​ឃើញ​ឯកសារខ្វះខាតយ៉ាងច្រើន​ ក្នុងការងារ​ត្រួតពិនិត្យ​របស់ពួកគេ។ តែយ៉ាងណាលោកស្រីបដិសេធ​មិនបានបញ្ជាក់លម្អិត​អំពីកង្វះខាត​ឯកសារនោះទេ។

ចំណែក​លោក Art Hogan ប្រធាន​អ្នក​យុទ្ធសាស្រ្ត​ទីផ្សារនៅក្រុមហ៊ុន B. Riley Financial បាន​លើកឡើង​ថា វាគឺព័ត៌មាន​ដ៏ល្អ​ចំពោះ​ការធ្វើសវនកម្មលើក្រុមហ៊ុន​​ប្រហែល ២០០ ដែល​មានមូលដ្ឋាន​នៅប្រទេសចិនទាំងអស់នោះ ពោលគឺ​វានឹង​លែងរង​ការគំរាម​​ត្រូវបណ្តេញចេញ​ពីផ្សារភាគហ៊ុន​អាមេរិកទៀតឡើយ ហើយពួកគេមានការអនុវត្តស្របតាមច្បាប់មែននោះ។

ក្រុមហ៊ុន​ PCAOB បាន​ឱ្យដឹងថា កាលពីឆ្នាំមុន អាជ្ញាធរ​ចិនបាន​​ទប់ស្កាត់​ខ្លួនពីការ​ត្រួតពិនិត្យ និងស៊ើបអង្កេត ក្នុងប្រទេសចិន និងហុងកុង ដោយបារម្ភ​ពី​សន្តិសុខជាតិ។ ជុំវិញរឿងនេះ ក្រុងវ៉ាស៊ីនតោន និង​ក្រុងប៉េកាំង បាន​ឈាន​ដល់កិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់​មួយ​កាលពីខែសីហា ដើម្បី​ដោះស្រាយ​ជម្លោះ​លើរឿង​សវនកម្មរបស់​អាមេរិក លើក្រុមហ៊ុនចិននេះ។

កិច្ច​ព្រមព្រៀង​នេះបាន​ផ្តល់​ឱ្យ​ PCAOB នូវសិទ្ធិពេញលេញ​ក្នុងការទទួលបាន​​ការធ្វើសវនកម្ម​ក្រុមហ៊ុនចិន លើ​ឯកសារក្រដាសដែលគ្មានការ​កែតម្រូវ សិទ្ធិទទួលបាន​ភស្តុតាង​ពីបុគ្គលិក​ក្រុមហ៊ុនសវនកម្ម​ក្នុងប្រទេសចិន និង​សិទ្ធិ​សម្រេច​ជ្រើសរើស​​​ក្រុមហ៊ុន​សម្រាប់ការងារចុះត្រួតពិនិត្យ។

ក្រុមហ៊ុន PCAOB បាន​បញ្ជាក់​ថា ខ្លួន​បាន​ជ្រើសរើស​ក្រុមហ៊ុន២ ដើម្បីឲ្យ​ធ្វើសវនកម្មគឺ ក្រុមហ៊ុន KPMG Huazhen ក្នុងប្រទេសចិន និងក្រុមហ៊ុន​PricewaterhouseCoopers ដែលមានមូលដ្ឋាន​នៅ​​ហុងកុង។

សូម​រំលឹក​ថា កាលពីឆ្នាំ​២០២០ សមាជិក​សភាអាមេរិក បាន​យល់ព្រម​ផ្តល់​​ភាព​ស្របច្បាប់​ចំពោះការ​បណ្តេញ​ក្រុមហ៊ុនចិន ចេញ​ពីផ្សារភាគហ៊ុន​អាមេរិក ប្រសិនបើ​ពួកគេមិនគោរព​តាម​ស្តង់ដារ​សវនកម្ម​អាមេរិក​ទេនោះ។

គួរកត់សម្គាល់ដែរ ថ្មីៗនេះ រដ្ឋបាល​លោក ចូ បៃឌិន ទើប​តែបាន​​ដាក់បញ្ចូល​ក្រុមហ៊ុនឈីបយក្សចិន Yangtze Memory Technologies និង​ក្រុមហ៊ុនរាប់សិបក្រុមហ៊ុនទៀត ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មផងដែរ ដើម្បីពង្រីក​ការបង្ក្រាប និងការរឹតត្បិត​​របស់ខ្លួន​លើឧស្សាហកម្ម​បន្ទះឈីប​របស់​ប្រទេសចិន៕




អត្ថបទបន្ទាប់


អង្គការ IMFមើលឃើញថា ទីផ្សារអចលនទ្រព្យតំបន់អាស៊ីមានទំនោរដាំក្បាលចុះ

ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីរាប់ចាប់ពីទីក្រុងហុងកុងរហូតដល់ប្រទេសម៉ាឡេស៊ីកំពុងត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ដោយសារអត្រាកា…

ក្រុមហ៊ុនជីប ម៉ុង បើកការដ្ឋានសាងសង់គម្រោងផាកលែន 50M ទី៣ និងផ្សារទំនើប ជីប ម៉ុង 50M

ក្រុមហ៊ុន ជីប ម៉ុង លែន និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន 50M ទី៣ និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ