អាមេរិកបើកឆាកធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង

អាមេរិកបើកឆាកធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយ ចិនរឿងបាឡុងចារកម្ម


កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងម៉ារីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានបើកការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងដ៏ក្តៅគគុកជាមួយទីក្រុងប៉េកាំង ក្រោយទីក្រុងវ៉ាស៊ិនតោន ទើបតែបានបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិនកាលពីសប្តាហ៍មុន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AP។
សមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងកើតឡើងក្រោយភាពតានតឹងបាឡុងចារកម្មចិន!

កងនាវាចរទី៧ របស់សហរដ្ឋដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី១២កុម្ភៈថា នាវាផ្ទុកយន្តហោះចម្បាំងប្រភេទ USS Nimitz និងអង្គភាពបេសកកម្មកងម៉ារីនទី១៣ បាននិងកំពុងធ្វើប្រតិបត្តិការកងកម្លាំងវាយប្រហារចម្រុះនៅសមុទ្រចិនខាងត្បូង។

ក្នុងនោះ កងនាវាផ្ទុកយន្តហោះបានប្រាប់ឱ្យដឹងដែរថា សមយុទ្ធនេះ គឺមានការចូលរួមពីកងកម្លាំងនាវាចម្បាំង កងទ័ពម៉ារីន និងយន្តហោះចម្បាំងដែលចាប់ផ្តើមធ្វើឡើងតាំងតែពីថ្ងៃសៅរិ៍ ទី១១កុម្ភៈ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពី ថាពេលណាពួកគេនឹងបិទបញ្ចប់វិញនោះទេ។

ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុងនូវដែនទឹកក្នុងសមុទ្រចិនខាងត្បូង ហើយជារឿយៗបានធ្វើការព្រមាន និងជំទាស់ដាច់ខាតទៅសកម្មយោធា ឬយមយុទ្ធយោធាណាមួយនៅក្នុងដែនទឹកដែលខ្លួនអះអាងដោយឯកតោភាគីថា ជាដែនទឹកប្រវត្តិសាស្ត្ររបស់ខ្លួននេះ។

យ៉ាងណាមិញ សម្រាប់សហរដ្ឋអាមេរិក មិនអាចទទួលយកបានទេ នូវសិទ្ធិផ្តាច់មុខរបស់ទីក្រុងប៉េកាំងលើដែនទឹកមួយនេះ ហើយទីក្រុងវ៉ាស៊ីនតោនគ្រប់រដ្ឋការដឹកនាំទាំងអស់ទៅហើយ គឺតែងតែចាត់ទុកតំបន់ដែនទឹកយុទ្ធសាស្ត្រនេះជាសមុទ្រអន្តរជាតិ និងត្រូវតែរក្សាឱ្យនូវសេរីភាពនៃការធ្វើនាវាចរណ៍ ក៏ដូចជាការហោះហើរ។ ក្នុងរយៈជាច្រើនឆ្នាំ អាមេរិកបានបញ្ចូននាវាចម្បាំង និងកងនាវាជើងទឹកមកធ្វើនាវាចរណ៍ក្នុងតំបន់នេះជាពិសេសជុំវិញទីប្រជុំកោះស្ព្រាតលី ដែលទីក្រុងប៉េកាំងថា ជាដែនទឹករបស់ខ្លួន។ សហរដ្ឋអាមេរិកក៏បាននិងកំពុងពង្រឹងសម្ព័ន្ធមិត្តការពារជាតិរបស់ខ្លួនជាមួយហ្វីលីពីន និងប្រទេសជប៉ុនផងដែរ។ មែនទែនទៅ ហ្វីលីពីនក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់ត្រូវបានគេមើលឃើញថា កំពុងរងការគំរាមកំហែង និងទន្ទ្រានកាន់កាប់ទឹកដីនិងដែនកោះមួយចំនួនទីសំណាក់យោធាចិន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កងនាវាចរទី៧ របស់អាមេរិកបាននិយាយថា ប្រតិបត្តិការរួមគ្នាបានបង្កើតវត្តមានដ៏មានឥទ្ធិពលនៅក្នុងតំបន់ ដែលគាំទ្រសន្តិភាព និងស្ថិរភាព។ សេចក្តីប្រកាសដដែលបន្ថែមថា៖ «ក្នុងនាមជាកងកម្លាំងប្រតិកម្មរហ័ស យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីគូសបញ្ជាក់នូវភារកិច្ចនិងសិទ្ធិរបស់យើងក្នុងដែនទឹកអន្តរជាតិមួយនេះ ដូចជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងរារាំងការគំរាមកំហែងណាដោយប្រើកម្លាំង ហើយយើងត្រូវធានាថា វាមានសេរីភាពនាវាចរណ៍ និងហោះហើរដោយគ្មានការបំភិតបំភ័យ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។

គួរបញ្ជាក់ដែរថា សមយុទ្ធយោធានេះត្រូវគ្រោងទុកជាមុន និងបានកំពុងធ្វើឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនជុំវិញរឿងរ៉ាវបាឡុងចារកម្ម និងការបាញ់ទម្លាក់ដោយយោធាអាមេរិកាលពីសប្តាហ៍មុខនៅក្បែរឆ្នេរសមុទ្រនៃរដ្ឋ South Carolina។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីមានការរុករក និងស្រាវជ្រាវមួយសប្តាហ៍មកនេះ មន្ទីរបញ្ជកោណអាមេរិកបានបញ្ជាក់សាជាថ្មីថា គ្រឿងបង្គុំ ដែលផ្ទុកក្នុងបាឡុងនោះ គឺពិតជាឧបករណ៍ប្រមូលទិន្នន័យចារកម្មមែន។ ដោយឡែក សម្រាប់ចិនវិញនៅតែទទូចមិនដាច់ពីមាត់ថា បាឡុងរបស់ខ្លួននោះគឺជាឧបករណ៍ស្រាវជ្រាវឧតុនិយមស៊ីវិលតែប៉ុណ្ណោះ។

ជាមួយគ្នានេះ កាលពីថ្ងៃសុក្រទី១០កុម្ភៈ សហរដ្ឋអាមេរិកក៏បានរកឃើញនិងបានដាក់ក្រុមហ៊ុនចិនចំនួនប្រាំមួយចូលទៅក្នុងបញ្ជីខ្មៅ ដោយខ្លួនបាននិយាយថា អង្គការទាំងនោះមានទំនាក់ទំនងជាមួយកម្មវិធីបច្ចេកវិទ្យាអវកាសជាមួយយោធាចិន ហើយក៏ជាផ្នែកមួយនៃការផលិតនិងអភិវឌ្ឍន៍បាឡុងដែលហោះចូលក្នុងទឹកដីអាមេរិកនេះដែរ។ ទោះជាយ៉ាងណា គេមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗណាមួយពីសំណាក់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោននៅឡើយទេជុំវិញការចោទប្រកាន់នេះ ហើយក្រសួងការបរទេសចិនក៏នៅស្ងប់ស្ងាត់ដូចគ្នា៕




អត្ថបទបន្ទាប់


របបសឹកមីយ៉ាន់ម៉ា ចង់បើកដៃឱ្យអ្នកស្មោះស្ម័គ្រនឹងខ្លួនមានសិទ្ធិប្រើប្រាស់កាំភ្លើង

ព័ត៌មាន
ថ្មីៗនេះ របបសឹកនៅមីយ៉ាន់ម៉ា ត្រូវគេដឹងថា កំពុងរៀបចំច្បាប់ថ្មី ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិល ដែលមានចិត្តស្មោះស្ម័គ្រជាមួយជាខ្លួន មានសិទ្ធិ…

តើទីម័រខាងកើតត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចអ្វីខ្លះ មុនអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិ?

ព័ត៌មាន
ការចូលជាសមាជិករបស់ទីម័រខាងកើតមកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានក្លាយជារបៀបវារៈចម្បង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ