វិស័យហិរញ្ញវត្ថុ

តើការផ្តល់កម្ចីក្រៅផ្លូវការអាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីផ្លូវការកម្រិតណា?


ទោះបីវិស័យធនគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែយើងសង្កេតឃើញថា ការផ្តល់កម្ចីពីក្រុមហ៊ុន ឬអ្នកមានធនធាន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនៅតែមានសកម្មភាពរីកដុះដាលខ្លាំងនៅកម្ពុជា ជាពិសេសការផ្តល់កម្ចីតាមអនឡាញតែម្តង។
វិស័យហិរញ្ញវត្ថុ
ដោយ

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុកត់សម្គាល់ឃើញថា មុនវិបត្តិកូវីដ-១៩ ការផ្តល់កម្ចីក្រៅផ្លូវការហាក់មានភាពថមថយ តែក្រោយផ្ទុះករណីនេះឡើង ការផ្តល់កម្ចីគ្មានច្បាប់ត្រឹមត្រូវបានរើបឡើងវិញ ដែលបានបង្កក្តីបារម្ភមួយចំនួនដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីផ្លូវការ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋវ័ណ្ឌកជាមួយបំណុល។ យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់ពីគ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ ដ្បិតវាមានហានិភ័យទាបក្នុងការវ័ណ្ឌកជាមួយបំណុល។ តើការផ្តល់កម្ចីក្រៅផ្លូវការអាចធ្វើឲ្យធ្វើប៉ះពាល់ដល់គ្រឹះស្ថានផ្តល់កម្ចីផ្លូវការដែរឬទេ?

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយការផ្តល់កម្ចីក្រៅផ្លូវការហាក់មានការថយចុះ បន្ទាប់ពីគ្រឹះ​ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅតាមរាជធានីខេត្តមានការរីកដុះដាលខ្លាំង។ ប៉ុន្តែក្រោយកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរីករាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យការផ្តល់កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញពីសំណាក់ក្រុមហ៊ុន និងអ្នកមានធនធាន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហាក់រើបឡើងវិញគួរឱ្យកត់សម្គាល់។ សម្រាប់អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះ ការផ្តល់កម្ចីក្រៅផ្លូវការចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាអ្នកផ្តល់កម្ចីផ្លូវការ និងប្រជាពលរដ្ឋអ្នកទទួលកម្ចី។

ប៉ះពាល់ ក៏ដោយសារការផ្តល់កម្ចីក្រៅផ្លូវការគ្មានការសិក្សាឱ្យច្បាស់លាស់ពីស្ថានភាពសេដ្ឋកិច្ច និងលំហូរសាច់ប្រាក់របស់អ្នកទទួលកម្ចី ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការវ័ណ្ឌកជាមួយបំណុល ដ្បិតអ្នកខ្ចីប្រាក់ក្រៅផ្លូវការភាគច្រើនកំពុងជាប់បំណុលជាមួយធនាគាររួចទៅហើយ។ យ៉ាងណាមិញអ្នកជំនាញរូបនេះសង្កេតឃើញថា អាជ្ញាធរ ជាពិសេសធនាគារជាតិនៃកម្ពុជាក៏ចាត់វិធានការលើបញ្ហាការផ្តល់កម្ចីក្រៅផ្លូវការនេះជាហូរហែផងដែរ តែលោកគិតថា អាជ្ញាធរគួរបង្កើតសកម្មភាពបន្ថែមទៀត។

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានអះអាងថា ការផ្តល់កម្ចីពីក្រុមហ៊ុន ឬអ្នកមានលុយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវមិនបានធ្វើឲ្យប៉ះពាល់ដល់ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវប៉ុន្មាននោះទេ។ ប៉ុន្តែវាអាចជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ ប្រសិនបើការទារប្រាប់ត្រឡប់របស់ក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីក្រៅផ្លូវការគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកទទួលកម្ចី។ ទោះបីការផ្តល់​កម្ចីក្រៅផ្លូវការពុំបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់គ្រឹះស្ថានផ្តល់កម្ចីផ្លូវការ តែការផ្តល់កម្ចីរបៀបនេះវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យអ្នកខ្ចីប្រាក់វ័ណ្ឌកជាមួយបំណុល ដ្បិតកម្ចីក្រៅផ្លូវការមានអត្រាការប្រាក់ខ្ពស់។

ពាក់ព័ន្ធការផ្តល់កម្ចីក្រៅផ្លូវការនេះដែរ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់កាលពីពេលកន្លងទៅថ្មីៗថា ដើម្បីកាត់បន្ថយឥទ្ធិពលឬលុបបំបាត់ការផ្តល់កម្ចីក្រៅផ្លូវការ នាពេលកន្លងមកធនាគារជាតិ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្សព្វផ្សាយ និងផ្តល់នូវវគ្គបណ្តុះបណ្តាល ក៏ដូចជាការបង្កើតឲ្យមានជាវីដេអូអប់រំខ្លីៗយ៉ាងច្រើន ក្រោមកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឲ្យសាធារណជនទទួលបាននូវចំណេះដឹង ប្រុងប្រយ័ត្ន និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះលោកស្រី ទឹកចិត្តឲ្យសាធារណជន និងប្រជាពលរដ្ឋជ្រើសរើសការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដ្បិតវាមានហានិភ័យទាប និងកាត់បន្ថយហានិភ័យវ័ណ្ឌកជាមួយបំណុលខ្ពស់។

ជុំវិញការផ្តល់កម្ចីក្រៅផ្លូវការនេះ ធនាគារជាតិនៃកម្ពុជា កាលពីពេលកន្លងទៅបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្ចីពីក្រុមហ៊ុន ឬអ្នកផ្តល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដ្បិតវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋផុងខ្លួនជាមួយបំណុលវ័ណ្ឌក ព្រោះការផ្តល់កម្ចីក្រៅផ្លូវការមានអត្រាការប្រាក់ខ្ពស់ ជាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ។ ទន្ទឹមនឹងនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះការបញ្ចេញប្រាក់ដុល្លារ១៤០លានដុល្លារ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលរបស់ធនាគារជាតិ?

ព័ត៌មាន
ស្ថិតក្នុងអំឡុងនៃវិបត្តិសាកល ធនាគារកណ្ដាលអាម៉េរិក បានដំឡើងអត្រាការប្តូរប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់ខ្ពស់មិនធ្លាប់មានក្ន…

អាម៉េរិក និងសម្ព័ន្ធមិត្តរួមគ្នាព្រមានប្រើធម៌ក្ដៅ បើក្រុមឧទ្ទាមហូទី ហ៊ានធ្វើការវាយប្រហារថែមទៀតនៅសមុទ្រក្រហម

ព័ត៌មាន
ប្រទេសជាង១០បានរួមគ្នាព្រមានប្រើធម៌ក្ដៅលើក្រុមឧទ្ទាមហូទី (Houthi) មានមូលដ្ឋាននៅប្រទេសយេម៉ែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ប្រសិនបើក្រុមនេះហ៊ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ