ក្រសួងការពារជាតិអាមេរិកកំពុងស្នើសុំឱ្យសភាកែប្រែច្បាប់ស្ដីពីផលិតកម្មការពារជាតិ (DPA) នៅសម័យសង្គ្រាមត្រជាក់ ដែលធ្វើឡើងស្របតាមការផ្ដល់អនុសាសន៍របស់មន្ទីរបញ្ចកោណ ដែលសុំឱ្យសភាជួយប្រាប់ពីរបៀបតាក់តែងច្បាប់ផ្តល់មូលនិធិយោធារបស់សហរដ្ឋអាមេរិកនាពេលខាងមុខនេះ ដែលគេហៅថាជា«ច្បាប់ផ្ដល់សិទ្ធិការពារជាតិ»។
សភាអាមេរិកអាចបដិសេធ ឬក៏ទទួលយកការស្នើសុំឱ្យកែប្រែច្បាប់នេះ នៅពេលណាដែលខ្លួនបានបញ្ចប់សព្វគ្រប់នូវសេចក្តីព្រាងច្បាប់នេះនៅចុងឆ្នាំ២០២២។
ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមកាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិនចំពោះសារធាតុលីចូម (Lituium) រ៉ែកម្រ និងរ៉ែផ្សេងទៀត ដែលប្រើដើម្បីបង្កើតផលិតផលបច្ចេកវិទ្យាជាច្រើន។
មន្ទីរបញ្ចកោណបាននិយាយក្នុងសំណើសុំទៅកាន់សភាថា ការដាក់បន្ថែមប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសសម្រាប់ការផ្ដល់មូលនិធិជីកយករ៉ែនេះ នឹង«ធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រើប្រាស់ធនធានរបស់សម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិក និងបង្កើនអត្ថប្រយោជន៍ជាតិនៅក្នុងបរិយាកាសនៃការប្រកួតប្រជែងដ៏អស្ចារ្យ។
មន្ទីរបញ្ចកោណបានបន្ថែមទៀតថា ការពឹងផ្អែកទៅលើប្រភពក្នុងស្រុក ឬក៏ប្រទេសកាណាដាតែមួយ គឺមិនអាចបង្កើនសមត្ថភាព ក្នុងការធានាបាននូវមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំនោះទេ៕
អត្ថបទ៖ សុខ ជា