កំពូលមហាសេដ្ឋីអាម៉េរិក លោក ហូវើដ ឡាត់ណិក (Howard Lutnick) នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ ឃែនធ័រ ហ្វីតជើរ៉ាល (Cantor Fitzgerald) បានព្រមានថា ទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក អាចនឹងជួបវិបត្តិខកខានទូទាត់បំណុលរហូតដល់ទៅ១ទ្រីលានដុល្លារ នៅពីរបីឆ្នាំខាងមុខ។
លោកបានគូសបញ្ជាក់ថា បន្ទុកបំណុលដ៏សម្បើមនេះបង្កហានិភ័យដ៏ធំសម្រាប់ឧស្សាហកម្មសំណង់ និងវិស័យអចលនទ្រព្យ ខណៈអត្រាការប្រាក់ទំនងជានឹងនៅតែខ្ពស់ក្នុងរយៈពេលយូរតទៅទៀត។ លោកព្យាករថា ទោះបីជាវិនិយោគិនមួយចំនួនរំពឹងថា ធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់យ៉ាងគំហុកនៅឆ្នាំនេះក្ដី ក៏អត្រាការប្រាក់នឹងនៅតែខ្ពស់ដដែល។
លោកពន្យល់ថា អត្រាការប្រាក់ខ្ពស់ធ្វើឱ្យអ្នកខ្ចីប្រាក់មានបញ្ហាក្នុងការស្នើសុំរៀបចំឥណទានថ្មីឡើងវិញ ដើម្បីជំនួសកាតព្វកិច្ចបំណុលចាស់ ហើយបណ្ដាស្ថាប័នធនាគារអាចនឹងផ្អាកផ្ដល់ហិរញ្ញប្បទានដល់គម្រោង ដែលមានហានិភ័យខ្ពស់ ហើយជាលទ្ធផល វានឹងធ្វើឱ្យវិស័យអចលនទ្រព្យជួបវិបត្តិខកខានទូទាត់បំណុល ចំណែកឯអចលនទ្រព្យ ក៏នឹងធ្លាក់ថ្លៃខ្លាំង។
កំពូលមហាសេដ្ឋីរូបនេះបានប៉ាន់ប្រមាណថា ការខកខានទូទាត់បំណុលនេះអាចមានទំហំចន្លោះពី៧០០ពាន់លានដុល្លារ ទៅ១ទ្រីលានដុល្លារឯណោះ ហើយថា វិបត្តិបំណុលនេះអាចនឹងផ្ទុះឡើងនៅចន្លោះ១៨ខែទៅ២ឆ្នាំខាងមុខ ប្រសិនបើបញ្ហានេះ ជាពិសេសអត្រាការប្រាក់មិនត្រូវបានដោះសា្រយឱ្យបានត្រឹមត្រូវ និងសមស្របទេនោះ។
ក្រុមអ្នកជំនាញក៏ធ្លាប់ព្រមានផងដែរអំពីបញ្ហា ដែលអាចនឹងកើតមានឡើងសម្រាប់វិស័យអចលនទ្រព្យប្រភេទពាណិជ្ជកម្មចាប់តាំងពីដើមឆ្នាំ២០២៣ ជាពេលដែលវិស័យធនាគារនៅសហរដ្ឋអាម៉េរិក ជួបចលាចល និងបានរឹតបន្តឹងលក្ខខណ្ឌឥណទានសម្រាប់បណ្ដាស្ថាប័នធនាគារថ្នាក់តំបន់ ដែលផ្តល់ហិរញ្ញប្បទានមួយភាគធំនៃកម្ចីអចលនទ្រព្យពាណិជ្ជកម្មទាំងអស់៕
ដោយៈ សរ សុជាតិ