អចលនទ្រព្យចិន

សេដ្ឋកិច្ចចិនមានសន្ទុះឡើងវិញ ប៉ុន្តែវិស័យអចលនទ្រព្យនៅតែបន្តភាពអួអាប់


សេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះឡើងវិញហើយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបពង្រីកបានជិត៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែបើគេក្រឡេកទៅមើលវិស័យអចលនទ្រព្យវិញ គឺនៅតែមិនទាន់មានសន្ទុះងើបមកវិញនៅឡើយទេ ដោយការវិនិយោគក្នុងរយៈពេល៩ខែមកនេះបានធ្លាក់ចុះរហូតដល់ជាង៩%ឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អចលនទ្រព្យចិន
ដោយ

ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានសន្ទុះងើបឡើងវិញជាបណ្ដើរៗហើយនៅក្នុងត្រីមាសទី៣កន្លងមកនេះ ដោយផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងជិត៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខនេះគឺកើនលើសពីការប៉ាន់ប្រមាណ ដែលថានឹងមានកំណើនតែជាង៤%ប៉ុណ្ណោះនៅក្នុងការស្ទង់មតិមួយ ដែលបានធ្វើជាមួយក្រុមអ្នកវិភាគកន្លងមកនេះ ហើយវាក៏ធ្វើឱ្យគោលដៅកំណើនប្រចាំឆ្នាំរបស់ទីក្រុងប៉េកាំងអាចស្ថិតក្នុងកម្រិតកើនឡើងផងដែរ ដោយសារនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះ សេដ្ឋកិច្ចចិនបានកើនឡើងជាង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ្ស៊ីវ៉េ ហ្សាង (Zhiwei Zhang) ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management នៅទីក្រុងហុងកុង បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា គោលដៅកំណើនគឺត្រូវកំណត់សម្រេចឱ្យបានប្រហែល៥%។ បើគិតតាមត្រីមាសវិញ សេដ្ឋកិច្ចរបស់ចិនបានកើនឡើងជាង១% នៅក្នុងចន្លោះពេលចាប់ពីខែ កក្កដា ដល់ខែកញ្ញា ហើយអត្រាកំណើននេះបានកើនឡើង០.៨% បើធៀបនឹងកំណើនប្រចាំត្រីមាសទី២នៅឆ្នាំនេះ។

ទោះជាសន្ទុះកំណើនសេដ្ឋកិច្ចបានងើបឡើងវិញក៏ដោយ ក៏ប៉ុន្តែបើតាមការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា វិស័យអចលនវត្ថុដែលសំខាន់ជាងគេទាំងអស់នៅតែធ្លាក់ចុះនៅឡើយ ដោយនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារអចលនទ្រព្យដែលរួមចំណែកដល់សេដ្ឋកិច្ចចិនរហូតដល់៣០%នោះ បានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីជាង២ឆ្នាំមុន បន្ទាប់ពីការគៀបសង្កត់ដោយរដ្ឋាភិបាលចិន លើការខ្ចីប្រាក់របស់ក្រុមអ្នកអភិវឌ្ឍ​។ ការធ្លាក់ចុះវិស័យនេះទំនងនឹងបន្តអូសបន្លាយពេលយូរថែមទៀត ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ការរំពឹងទុកពីកំណើនរបស់ចិនក្នុងពេល៣ទៅ៥ឆ្នាំខាងមុខទៀត។

ទីក្រុងប៉េកាំង បានបង្កើនការខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្តារកំណើនឡើងវិញរួមទាំងការកាត់បន្ថយអត្រាការប្រាក់ ការដកការរឹតបន្តឹងលើការទិញផ្ទះ និងរថយន្ត ការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការបន្ធូរបន្ថយការគ្រប់គ្រងមូលធន ដើម្បីទាក់ទាញការវិនិយោគពីបរទេស។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Capital Economics បាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃពុធថា មានសញ្ញាវិជ្ជមានគ្រប់គ្រាន់នៅក្នុងទិន្នន័យថ្មីៗ ដើម្បីបង្ហាញថា សេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញហើយ។

ក្រុមអ្នកវិភាគទាំងនេះបានបន្ថែមថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ចនេះ គឺមួយផ្នែកបានឆ្លុះបញ្ចាំងពីការបោះជំហានថ្មីៗក្នុងការគាំទ្រគោលនយោបាយ ដែលមើលទៅទំនងជានឹងបន្តបែបនេះនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរថយន្ត ហុងដា និងចាប់ដៃជាមួយ ជីអឹម បង្កើតតាក់ស៊ីគ្មានអ្នកបើក

ព័ត៌មាន
ក្រុមហ៊ុន Honda Motor កាលពីព្រហស្បតិ៍បាននិយាយថា ខ្លួននឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅប្រទេសជប៉ុន ដោយចាប់ដៃគូជាមួយក្រុមហ៊ុន …

អាល្លឺម៉ង់សន្យាផ្តល់ជំនួយ៦៦លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦៣លានអឺរ៉ូ ឬប្រមាណ៦៦លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ