កោះតៃវ៉ាន់

អាម៉េរិក វាយតម្លៃជាថ្មីថា ចិន គ្មានផែនការឈ្លានពានតៃវ៉ាន់ នៅឆ្នាំ២០២៧ នោះទេ ខណៈចិន លួងតៃវ៉ាន់ ចុះចូលជាថ្នូរនឹងការធានាសន្តិសុខថាមពល


អាម៉េរិក បានបញ្ចេញរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយរបស់ខ្លួនស្តីពីការគំរាមកំហែងជាសកល ដែលបង្ហាញថា បច្ចុប្បន្នប្រទេសចិន គ្មានផែនការបញ្ឆេះសង្គ្រាមចូលឈ្លានពានកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ នោះឡើយ។ ទន្ទឹមនេះពិភពលោក ក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលចិន លួងតៃវ៉ាន់ ឱ្យសម្របជាមួយខ្លួនតាមសម្រួលជាថ្នូរនឹងការធានាសន្តិសុខថាមពល ប៉ុន្តែជាលទ្ធផល តៃវ៉ាន់ បានឆ្លើយតបយ៉ាងខ្លីថា ខ្លួនមានអាម៉េរិកហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
កោះតៃវ៉ាន់
ដោយ

​​របាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយរបស់អាម៉េរិក បង្ហាញថា មេដឹកនាំចិន ចង់បង្រួបបង្រួមកោះតៃវ៉ាន់ ដោយមិនប្រើកម្លាំង ប៉ុន្តែមិនបញ្ជាក់ពីពេលវេលាកំណត់សម្រាប់ការបង្រួបបង្រួមនោះទេ។ ទោះយ៉ាងណា ទីក្រុងប៉េកាំង មិនបានច្រានចោលលទ្ធភាពប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ជាចិនតែមួយនោះឡើយ ហើយថា ចិន កំពុងបន្តកសាងសមត្ថភាពយោធារបស់ខ្លួនជាលំដាប់។

ការវាយតម្លៃនេះកើតឡើងនៅពេលដែលចិន បានបង្កើនសម្ពាធលើតៃវ៉ាន់ តាមរយៈការធ្វើសមយុទ្ធយោធាជាញឹកញាប់ និងសកម្មភាពផ្សេងៗទៀត។ មន្ត្រីអាម៉េរិក បានអះអាងថា យោធាចិន កំពុងសម្រេចបានវឌ្ឍនភាពជាលំដាប់ក្នុងការអភិវឌ្ឍសមត្ថភាពយោធា ដើម្បីត្រៀមវាយដណ្តើមកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើចាំបាច់។

ជាមួយគ្នានេះ មន្ទីរបញ្ចកោណអាម៉េរិក ធ្លាប់បានព្រមានថា ប្រទេសចិន មានគោលបំណងត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្នះសង្គ្រាមឈ្លានពានកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ប្រសិនបើចាំបាច់។ លោក ដូណាល់ ត្រាំ បានធ្វើការបន្ទាបហានិភ័យនេះ ដោយនិយាយថា មេដឹកនាំចិនលោក ស៊ី ជីនភីង បានបង្ហាញជំហរហើយថា ចិននឹងចៀសវាងការវាយប្រហារលើកោះតៃវ៉ាន់ អំឡុងពេលអាណត្តិរបស់លោក ត្រាំ ទោះបីជាទីក្រុងប៉េកាំង មិនទាន់បានបញ្ជាក់រឿងនេះក៏ដោយ។

យ៉ាងណាមិញកោះតៃវ៉ាន់ បានឆ្លើយតបថា ខ្លួននឹងនៅតែមានការប្រុងប្រយ័ត្ន ដោយព្រមានថា សម្ពាធយោធា និងសកម្មភាពបង្ខិតបង្ខំរបស់ចិន នៅតែបន្តគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ សរុបមកភាពតានតឹងនៅតែខ្ពស់ ជាពិសេសបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានអនុម័តលើការលក់អាវុធចំនួន១១ពាន់លានដុល្លារឱ្យទៅកោះតៃវ៉ាន់ ដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។ ស្ថានភាពនេះ ក៏កំពុងបង្កើនការព្រួយបារម្ភដល់បណ្ដាប្រទេសជិតខាងដូចជាជប៉ុនជាដើម ដែលអាចរងផលប៉ះពាល់ដោយសង្គ្រាមណាមួយនាពេលអនាគត។

ទន្ទឹមនេះ អ្វីដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនោះ គឺចិន កំពុងលួងឱ្យកោះតៃវ៉ាន់ចុះចូលជាថ្នូរនឹងការធានាសន្តិសុខថាមពល។ លោក ឈិន ពិនហ័រ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានថ្លែងការណ៍ជាសាធារណៈថា ប្រសិនបើកោះតៃវ៉ាន់ យល់ព្រមបង្រួបបង្រួមជាតិជាមួយចិន ដោយសន្តិវិធី ចិននឹងជួយធានាសន្តិសុខថាមពលសម្រាប់តៃវ៉ាន់ ហើយការប្រកាសនេះធ្វើឡើងស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងការរអាក់រអួល នៃចរន្តដឹកជញ្ជូនតាមច្រកសមុទ្រហ័រម៉ូស។

ឆ្លើយតបនឹងបញ្ហានេះ មេដឹកនាំកំពូលកោះតៃវ៉ាន់ លោក ឡៃ ឈីងទើ (Lai Ching-te) បានចេញមុខបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំបក្សនៅទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ មិនព្រួយបារម្ភចំពោះកង្វះខាតថាមពលនោះឡើយ ហើយក៏មិនត្រូវការចិន ជួយនោះដែរ ព្រោះតៃវ៉ាន់ នឹងនាំចូលឧស្ម័នហ្គាសពីសហរដ្ឋអាម៉េរិកកាន់តែច្រើនបន្ថែមទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រៅពីការធ្វើពហិការ តើកម្ពុជា គួរចាត់វិធានការអ្វីបន្ថែម ដើម្បីទប់ស្កាត់ការហូរចូលទំនិញថៃ?

ពលរដ្ឋហាក់បង្ហាញការខកចិត្តក្រោយការធ្វើពហិការរបស់ពួកគេនៅមួយរយៈពេលចុងក្រោយនេះ ហាក់មិនទាន់អាចទប់ស្កាត់ទំនិញថៃ មិនឱ្យហូរចូលមកកម្ពុជាបាន ដ…

មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងស្នើថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបន្តធ្វើសង្គ្រាមសង្គ្រុបវាយផ្តាច់លើអ៊ីរ៉ង់

មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងស្នើឱ្យសេតវិមានអនុម័តកញ្ចប់ថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបញ្ជូនឱ្យសភាអាម៉េរិក អនុម័តជាផ្លូវការសម្រាប់ទ្រទ្រង់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ