ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់

តើអ៊ីរ៉ង់ អាចនឹងគាំទ្ររុស្ស៊ីអ្វីខ្លះ ក្នុងសង្គ្រាមនៅអ៊ុយក្រែន?


ប្រធានាធិបតីរុស្ស៊ីលោកពូទីនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានទៅដល់ប្រទេសអ៊ីរ៉ង់ ព្រមទាំងបានជួបពិភាក្សាជាមួយនឹងសមភាគី លោក អាយាតូឡា អាលី ខាន់មេនី(Ayatollah Ali Khamenei) ដែលជាទស្សនកិច្ចទៅក្រៅទឹកដីអតីតសហភាពសូវៀតដ៏កម្ររបស់ថ្នាក់ដឹកនាំវិមានក្រឹមឡាំងរូបនេះ រាប់ចាប់ពីម៉ូស្គូបានបើកការឈ្លានពានលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។
ទំនាក់ទំនងរុស្ស៊ីនិងអ៊ីរ៉ង់អំឡុងសង្គ្រាមនៅអ៊ុយក្រែន
ដោយ

ក្រៅតែពីជួបជាមួយនឹងសមភាគីអ៊ីរ៉ង់ លោកពូទីនក៏បានជួបផ្ទាល់ជាលើកដំបូង ជាមួយមេដឹកនាំ​ប្រទេសសមាជិកណាតូមួយរូប គឺប្រធានាធិបតីទួរគី លោក អ៊ែរដូហ្កាន ដើម្បី​បន្តពិភាក្សាលើកិច្ចព្រមព្រៀង ដែលនឹងបន្តការនាំចេញគ្រាប់ធញ្ញជាតិ​តាមច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន។ ក្រៅពីនោះ ភាគីទាំងបីក៏បានបើកកិច្ចប្រជុំត្រីភាគីមួយ ដើម្បីជជែកអំពីបញ្ហានានា រួមមាន សង្គ្រាមនៅអ៊ុយក្រែន វិបត្តិស្បៀងអាហារ និងសេដ្ឋកិច្ចសកល និងបញ្ហានៅស៊ីរីផងដែរ។

បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោកអាយាតូឡា អាលី ខាន់មេនី ដែលជាមេដឹកនាំកំពូលរ​បស់អ៊ីរ៉ង់ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងអ៊ីរ៉ង់ និងរុស្ស៊ី ដោយមេដឹកនាំរូបនេះបានប្រាប់លោក ពូទីន ថា ប្រទេសទាំងពីរចាំបាច់​ត្រូវមាន​ការប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោត​របស់លោកខាងលិច។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានលើកសរសេរលោកពូទីនថា បានធានាឱ្យប្រទេស​រុស្ស៊ី រក្សាឯករាជ្យភាព​របស់ខ្លួន មិនពឹងផ្អែកលើ​សហរដ្ឋអាមេរិក ហើយថា ប្រទេសនានាគួរតែចាប់ផ្តើមប្រើប្រាស់​រូបិយបណ្ណជាតិ​របស់ពួកគេនៅ​ពេលធ្វើ​ពាណិជ្ជកម្មទំនិញ។

ចំពោះសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនប្រមុខដឹកនាំអ៊ីរ៉ង់ មិនសូវជាបង្ហាញការគាំទ្រលើរុស្ស៊ីប៉ុន្មានទេ ដោយលោកនិយាយព្យាយាមរក្សាខ្លួននៅជំហរកណ្តាល។ លោក ខាន់មេនី បាននិយាយថា សង្រ្គាមគឺជារឿងដ៏សោកសៅនិងលំបាក ហើយអ៊ីរ៉ង់​មិនសប្បាយចិត្តទាល់តែសោះ ដែលប្រជាជនសាមញ្ញត្រូវទទួលរងផងលំបាកទាំងនេះ។

នៅពេលដែលមេដឹកនាំកំពូលអ៊ីរ៉ង់និយាយបែបនេះគេអាចចោទជាសំណួរឡើងថា តើ​អ៊ីរ៉ង់​អាច​ជួយ​រុស្ស៊ី​ក្នុង​សង្រ្គាម​​នៅអ៊ុយក្រែន​បាន​ទេ?

ទោះបីអ៊ីរ៉ង់មិននិយាយដោយបើកចំហរថា នឹងជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែនក្តី ប៉ុន្តែបើតាម មន្ត្រីសហរដ្ឋអាមេរិក​បាននិយាយថា អ៊ីរ៉ង់កំពុងរៀបចំ​ដើម្បីជួយ​ផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវយន្តហោះគ្មានមនុស្ស​បើក ឬដ្រូន រាប់រយគ្រឿង។ ប៉ុន្តែប្រទេសទាំងពីរមិនបានបញ្ជាក់អំពីរឿងនេះក្នុងកិច្ចប្រជុំឡើយ។

ទោះយ៉ាងណា លោក Jack Watling អ្នកជំនាញខាងសង្រ្គាមនៅ​សាកវិទ្យាល័យ​ទីក្រុងឡុងដ៍ បាននិយាយថា យន្តហោះគ្មានមនុស្សបើក​របស់អ៊ីរ៉ង់ នឹងមានប្រយោជន៍​សម្រាប់​រុស្ស៊ី ទាំងការឈ្លបយកការណ៍ និងវាយប្រហារ ដោយនឹងកំណត់​ទីតាំង និងគោលដៅ​បាន​ច្បាស់លាស់។

ទោះមិនអាចជួយអ្វីច្រើនតែរុស្ស៊ីអាចរៀនពីអ៊ីរ៉ង់ បានច្រើនពីរបៀប​ដែលគេទប់ទល់នឹងទណ្ឌកម្មលោកខាងលិច។

ដូចបានដឹងស្រាប់ហើយថា អ៊ីរ៉ង់អស់ពេលជាច្រើនឆ្នាំមកហើយ ដែលបានរងទណ្ឌកម្មពីលោកខាងលិច ក្រោមផែនកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។ ដូចនេះរុស្ស៊ីមើលឃើញថា អ៊ីរ៉ង់មានបទពិសោធន៍ខ្ពស់ និងជាដៃគូដ៏មានតម្លៃ ក្នុងការគេចចេញ​ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

ទន្ទឹមនឹងនោះ រុស្ស៊ីបានរង​រលកទណ្ឌកម្មជាច្រើនលើកច្រើនសារ ក្នុងនោះរួមមានការប្រឆាំងនឹងធនាគារ អាជីវកម្ម និងបុគ្គលឯកជន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ដូច្នេះប្រទេសទាំងពីរកំពុងខ្វះខាត លទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា​របស់​លោកខាងលិច។ ប្រការនេះត្រូវបានអ្នកជំនាញមើលឃើញថា ជាថ្នូរឱ្យគ្នាទៅវិញទៅមក រុស្ស៊ីអាចផ្តល់ជាជំនួយយោធា និងអាចជាវត្ថុធាតុដើម ឬគ្រាប់ធញ្ញជាតិសម្រាប់អ៊ីរ៉ង់ ជាថ្នូរនឹងការត្រួសត្រាយ​ផ្លូវឱ្យរុស្ស៊ីអាចគេចចេញពីទណ្ឌកម្មបានខ្លះ។ គួរកត់សម្គាល់ថា ប្រទេសរុស្ស៊ីជា​អ្នកផ្គត់ផ្គង់ស្រូវសាលីដ៏ធំសម្រាប់អ៊ីរ៉ង់តាំងតែពីមុនមានសង្គ្រាមទៅទៀត។

ចុះចំណែកសំណុំរឿងថាមពល តើប្រទេសទាំងពីរអាចជួយគ្នាទៅវិញទៅមកបានទេ?

ចម្លើយនោះគឺ អ៊ីរ៉ង់មិនមានអ្វីជួយរុស្ស៊ី ហើយរុស្ស៊ីក៏មិនមានអ្វីមកជួយអ៊ីរ៉ង់វិញដែរ ក្នុងសំណុំរឿងថាមពល។ ការនេះក៏ដោយសារតែប្រទេសទាំងពីរ ជាអ្នកផលិត និងផ្គត់ផ្គង់ប្រេង និងឧស្ម័នដូចគ្នា។ ការប្រកួតប្រជែង​​រវាង​ពួកគេទាំងពីរក៏​បាន​កើនឡើងដែរ ​ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង ដោយសារ​តែរុស្ស៊ី​បាន​ប្តូរ​ការនាំចេញ​​ប្រេង​កាន់តែច្រើន​​ទៅកាន់ប្រទេស​ចិន និង​ឥណ្ឌា​ក្នុងតម្លៃ​ថោក ហើយបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអ៊ីរ៉ង់​។ សូមបញ្ជាក់ថា រុស្ស៊ី ថ្មីៗនេះ ហាក់កំពុង​តាមក្រសោបទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់កាន់តែខ្លាំង ដោយកាលពីពេលថ្មីៗនេះ ពោលគឺមុនដំណើរទស្សនកិច្ចរបស់​លោកពូទីន គេក៏បានឃើញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្កី ឡាវរ៉ូវ (Sergei Lavrov) ក៏បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីស្វែងរកកិច្ចសហការ​នុយក្លេអ៊ែរផងដែរ៕




អត្ថបទបន្ទាប់


តើលិខិតឆ្លងដែនរបស់ប្រទេសណាខ្លះ ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក?

ព័ត៌មាន
លិខិតឆ្លងដែនរបស់ប្រទេសជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូងបានក្លាយជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ខណៈដែលពិភពលោកហាក់បានធូរស្…

លោកពូទីន៖ តាំងពីដំបូងនៃសង្គ្រាម អ៊ុយក្រែនគ្មានបំណងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សីទេ

ព័ត៌មាន
ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺអីរ៉ង់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពីថ្ងៃពុធ ទី២០កក្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ