វីដេអូផ្សាយផ្ទាល់ពីអាកាសយានដ្ឋាន Songshan បានបង្ហាញថា ព្រឹទ្ធសមាជិកអាមេរិកនោះ គឺ លោកស្រីម៉ាសា ប្លេកបើន (Marsha Blackburn) បានធ្វើដំណើរមកដល់រដ្ឋធានីតៃប៉ិ ដោយជិះយន្តហោះយោធាអាមេរិក។ ការិយាល័យរបស់លោកស្រី Blackburn បាននិយាយថា លោកស្រីត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានដោយលោកដុក្លាស ស៊ូ (Douglas Hsu) ដោយមន្ត្រីជាន់ខ្ពស់កិច្ចការបរទេសនៃកោះតៃវ៉ាន់។
លោកស្រី Blackburn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តៃវ៉ាន់គឺជាដៃគូដ៏រឹងមាំបំផុតរបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រោះដំណើរទស្សនកិច្ចជាទៀតទាត់ដោយមន្ត្រីជាន់ខ្ពស់អាមេរិកនានា គឺជាគោលនយោបាយយូរអង្វែងរបស់សហរដ្ឋអាមេរិក ហើយលោកស្រីបន្តថា «ខ្លួនលោកស្រីផ្ទាល់ក័នឹងមិនបែរខ្នងដាក់តៃវ៉ាន់ ដោយសារតែគំរាមគំហែងពីសំណាក់ចិនកុម្មុយនិស្តនោះឡើយ»។
ជាមួយគ្នានោះ ខាងអាជ្ញាធរកោះតៃវ៉ាន់ឯណោះវិញបាននិយាយថា លោកស្រី Blackburn នឹងជួបជាមួយមេដឹកនាំកំពូលរបស់តៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២៧ខែសីហា ។
កោះតៃវ៉ាន់បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា «ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាដូចជាសន្តិសុខតៃវ៉ាន់-សហរដ្ឋអាមេរិក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម» ជាដើម។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោលូ ពេងយ៉ូ (Liu Pengyu) បានប្តេជ្ញាថា ទីក្រុងប៉េកាំងនឹងចាត់វិធានការមិនប្រាប់ឲ្យដឹងណាមួយ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា «ការបង្កហេតុ» របស់សហរដ្ឋអាមេរិក។
លោកលូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដំណើរទស្សនរបស់មន្ត្រីអាមេរិកម្តងហើយម្តងទៀតនេះបង្ហាញថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទេ និងបង្កើនការប្រឈមមុខដាក់គ្នាមែនហើយ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Blackburn នេះថា «សមាជិកសភា និងមន្ត្រីជាប់ឆ្នោតរបស់អាមេរិក បានធ្វើដំណើរទៅកោះតៃវ៉ាន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនឹងបន្តធ្វើដូច្នេះ ដោយហេតុថាវាស្របតាមគោលនយោបាយចិនតែមួយនោះឯង»។
ការណ៍នេះត្រូវបានអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមើលឃើញថា ក្រោយពីការឡើងកាន់អំណាចរបស់រដ្ឋបាលលោកបៃដិន សហរដ្ឋអាមេរិកបានបង្កើនភាពតានតឹង ជាមួយប្រទេសចិនកាន់តែខ្លាំងឡើងៗ ជាពិសេសនៅថ្មីៗនេះ ក្រោយការដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រីផេឡូស៊ី បានធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីររាលដាល ក្លាយជាដំបៅដ៏ពិបាកព្យាបាលមួយបាត់ទៅហើយ។