រដ្ឋកាលីហ្វ័រញ៉ា

រដ្ឋកាលីហ្វ័រញ៉ានឹងបញ្ចប់ការលក់រថយន្តប្រើសាំងនៅត្រឹមឆ្នាំ ២០៣៥


រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រកាសនៅចុងក្រោយនេះ អំពីតម្រូវរថយន្តថ្មីទាំងអស់ ដែលត្រូវលក់នៅក្នុងរដ្ឋនេះនៅឆ្នាំ ២០៣៥ ត្រូវតែជារថយន្តអគ្គិសនី ឬ រថយន្តអគ្គិសនីកូនកាត់ដែលប្រើបានទាំងអាគុយ និង សាំង (Plug-in electric Hybrid) ខណៈវាជាការបោះជំហានដ៏សំខាន់មួយដែលអាចបង្កើនល្បឿននៃការបញ្ឈប់ការប្រើប្រាស់យានយន្តដែលប្រើប្រេងឥន្ធនៈ ដែលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
រដ្ឋកាលីហ្វ័រញ៉ានឹងបញ្ចប់ការលក់រថយន្តប្រើសាំងនៅត្រឹមឆ្នាំ ២០៣៥

មែនទែនទៅ អភិបាល​រដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាស​ជាលើកដំបូងនូវផែនការ ដើម្បីបញ្ឈប់ការប្រើប្រាស់​យានជំនិះដែលប្រើប្រេងឥន្ធនៈនៅ​ត្រឹមឆ្នាំ ២០៣៥ តាំងពីខែកញ្ញា ឆ្នាំ ២០២០ មកម្ល៉េះ។ ប៉ុន្តែ ក្រុមប្រឹក្សាភិបាលផ្នែកធនធានអាកាស​នៃរដ្ឋកាលីហ្វ័រញ៉ា​ទើបតែ​បានបោះឆ្នោតសម្រេច​កាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែ សីហា ដើម្បីអនុម័តច្បាប់ថ្មី ដែលកំណត់កាត់បន្ថយយានយន្ត​ដែលបញ្ចេញឧស្ម័នពុលត្រឹមឆ្នាំ ២០២៦។ យ៉ាងណាក៏ដោយចុះ ច្បាប់ថ្មីនេះ​នឹងត្រូវរង់ចាំ​ការអនុម័ត​ពីរដ្ឋបាលលោក Biden ជាមុនសិន មុនអាចចូលជាធរមានបាន។

រដ្ឋកាលីហ្វ័រញ៉ាបានផ្លាស់ប្តូរលឿនជាង​រដ្ឋាភិបាល​សហព័ន្ធអាមេរិក និង រដ្ឋផ្សេងទៀត​ក្នុងការកំណត់ស្តង់ដារ​តឹងរ៉ឹង​សម្រាប់ការបំភាយឧស្ម័នពុលនៃយានយន្ត។

មន្ត្រីរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា ច្បាប់ថ្មីនេះនឹងកំណត់​ឱ្យមាន ៣៥% នៃរថយន្តថ្មីប្រភេទ​រថយន្ត​កូនកាត់ និង រថយន្តអគ្គិសនី​នៅឆ្នាំ ២០២៦ ខណៈសមាមាត្រទាំងនោះ​នឹងកើនឡើង​ដល់ ៦៨% នៅឆ្នាំ ២០៣០ និង ១០០% នៅឆ្នាំ ២០៣៥ ។ មន្រ្តីរូបនេះក៏បាន​អះអាងថា វិធានការនេះ​នឹង​កាត់បន្ថយការបំពុលបរិយាកាស​ ២៥% នៅឆ្នាំ ២០៣៧ ដែលបណ្តាលពី​យានជំនិះធុនស្រាល។

ប្រធានក្រុមប្រឹក្សាភិបាលផ្នែកធនធានអាកាសនៃរដ្ឋកាលីហ្វ័រញ៉ា លោក Liane Randolph មានប្រសាសន៍ថា វាជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់រដ្ឋកាលីហ្វ័រញ៉ា និង រដ្ឋផ្សេងទៀត និង សម្រាប់ពិភពលោកទាំងមូល នៅពេលដែលរដ្ឋនេះកំណត់ផ្លូវឆ្ពោះទៅរកអនាគតគ្មានការបំភាយឧស្ម័ន។

លោក Steve Douglas អនុប្រធានសម្ព័នសម្រាប់ការឆ្នៃប្រឌិតរថយន្ត ដែលជាសមាគមពាណិជ្ជកម្មតំណាងឱ្យក្រុមហ៊ុន General Motors, Volkswagen, Toyota Motor និង ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ច្បាប់ថ្មីនៃក្រុមប្រឹក្សាភិបាលផ្នែកធនធានអាកាសនៃរដ្ឋកាលីហ្វ័រញ៉ា គឺជាបទប្បញ្ញត្តិផ្លាស់ប្តូរ​ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត​នៃរថយន្តពិភពលោក។

យ៉ាងណាមិញ សមាគមពាណិជ្ជកម្មក្រុមហ៊ុនផលិតឥន្ធនៈ និង គីមីឥន្ធនៈ​អាមេរិក​កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យ​ប្រធានាធិបតី​លោក Joe Biden និង ទីភ្នាក់ងារ​ការពារបរិស្ថាន ច្រានចោល​សំណើរបស់រដ្ឋកាលីហ្វ័រញ៉ា​ទៅលើ​ច្បាប់ថ្មីនេះ ដោយបានអះអាងថា វានឹងធ្វើឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ប្រេងឥន្ធនៈធ្ងន់ធ្ងរ៕




អត្ថបទបន្ទាប់


កម្ចីឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនដល់ជាង៨,៧ពាន់លានដុល្លារនៅត្រីមាសទី២ឆ្នាំ២០២២នេះ

ព័ត៌មាន
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា នៅត្រីមាសទី២ ក្នុងឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានដល់អតិ…

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀតថា បានទៅដល់កោះតៃវ៉ាន់ ចំពេលភ្លើងកំហឹងរបស់ទីក្រុងប៉េកាំងនៅតែឆាបឆួល

ព័ត៌មាន
សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកផ្នែកគណៈកម្មាធិការពាណិជ្ជកម្ម និងសព្វាវុធបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ សីហា ដែលត្រូវបានគេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ