ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក លី ឆេងគ័ង (Li Chenggang) បាននិយាយនៅក្នុងសុន្ទរកថាមួយថា លោកមានការខកចិត្តចំពោះកំណត់ត្រាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដ្បិតវាមិនស្របតាមការសន្យាក្នុងពេលឡើងកាន់អំណាចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថានឹង«ដឹកនាំតាមអំណាចដ៏ត្រឹមត្រូវ»។
លោក លី បានប្រាប់ការពិនិត្យឡើងវិញពីគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកដែលធ្វើឡើងបិទទ្វារនៅអង្គការ WTO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសថា សហរដ្ឋអាមេរិកដាក់កម្មវិធី«អាមេរិកជាចម្បង ឬ America First»តាមរយៈការប្រើច្បាប់ក្នុងស្រុករបស់ខ្លួនគ្រប់គ្រងលើច្បាប់អន្តរជាតិ និង(ច្បាប់)របស់ប្រទេសដទៃ ដោយមិនគោរពច្បាប់អង្គការ WTO និងកង្វល់របស់សមាជិកដទៃទៀតនោះឡើយ។
លោក លី បានបន្ថែមថា វាច្បាស់ណាស់ថា សហរដ្ឋអាមេរិក គឺជាអ្នកបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ នេះបើយោងតាមអត្ថបទនៃសុន្ទរកថារបស់លោក លី ដែលត្រូវបានចេញផ្សាយជាភាសាអង់គ្លេសដោយគណៈប្រតិភូអង្គការ WTO របស់ប្រទេសចិន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ WTO លោកស្រី ម៉ារៀ ផេហ្កេន (Maria Pagán) បាននិយាយការពារគោលនយោបាយរបស់សហរដ្ឋអាមេរិកថា វាគឺជាសេដ្ឋកិច្ចបើកចំហ និងប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោកជាមួយការយកពន្ធទាបបំផុតមួយចំនួន។ លោកស្រីបានបន្ថែមថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានដឹកនាំដោយរក្សាបាននូវសេដ្ឋកិច្ចបើកចំហមានគ្រឹះដ៏រឹងមាំមួយ។
ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនេះបានកើតឡើងនៅរៀងរាល់ពីរទៅបីឆ្នាំម្តង និងអនុញ្ញាតឱ្យសមាជិកនៃស្ថាប័នដែលសមាជិកចំនួន ១៦៤ នេះចូលរួមផ្តល់មតិកែលម្អលើកំណត់ត្រាតាមដានរបស់ក្រុងវ៉ាស៊ីនតោនដោយសេរី។
ការកត់សម្គាល់របស់ប្រទេសចិននេះ បានកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិនបានដាក់ពាក្យបណ្តឹងពាណិជ្ជកម្មទៅអង្គការ WTO ដើម្បីប្រឆាំងនឹងការទប់ស្កាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ទីផ្សារចិន។
សហរដ្ឋអាមេរិកធ្លាប់បាននិយាយថា គោលនយោបាយឧស្សាហកម្មរបស់ប្រទេសចិនមិនស្របតាមទំនិញ និងសេវាកម្មដែលបាននាំចូល ហើយអាមេរិកក៏បានអំពាវនាវផងដែរដល់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ឱ្យអនុវត្តសេរីភាវូបនីយកម្មបន្ថែមទៀត និងបើកចំហទីផ្សារដ៏ធំរបស់ខ្លួនផងដែរ៕
អត្ថបទ ៖ សុខ ជា