តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ទាំងចៅក្រមអភិរក្សនិយម និងសេរីនិយមបានសួរដេញដោលយ៉ាងខ្លាំងទៅកាន់មេធាវីរបស់រដ្ឋបាលលោក ត្រាំ ពាក់ព័ន្ធនឹងច្បាប់ឆ្នាំ ១៩៧៧ ដែលមានបំណងប្រើប្រាស់ក្នុងអំឡុងពេលមានអាសន្នថ្នាក់ជាតិថា ច្បាប់នេះពិតជាបានផ្តល់សិទ្ធិអំណាចដល់លោក ត្រាំ ក្នុងការដាក់ពន្ធបដិការបែបនេះឬអត់ ឬថាតើគាត់បានរំលោភលើអំណាចរដ្ឋធម្មនុញ្ញរបស់សភាដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយ ចៅក្រមអភិរក្សនិយម បានសង្កត់ធ្ងន់លើសិទ្ធិអំណាចប្រពៃណីរបស់ប្រធានាធិបតីក្នុងកិច្ចការបរទេស ខណៈដែលមកដល់ពេលនេះ សមាជិកនៃចៅក្រមមានសំឡេងភាគច្រើនជាអ្នកអភិរក្សនិយម។
មកពេលនេះគេដឹងថា រដ្ឋបាលលោកត្រាំ បានកំពុងតែប្តឹង ឧទ្ធរណ៍ បន្ទាប់ពីតុលាការថ្នាក់ក្រោមបានសម្រេចថា លោក ត្រាំ បានអនុវត្តលើសពីអំណាចរបស់គាត់ក្នុងការប្រើប្រាស់ច្បាប់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃពន្ធគយបដិការ ក្រោយពេលវិធានការទាំងនេះក៏ត្រូវបានជំទាស់ដោយអាជីវកម្មដែលរងផលប៉ះពាល់ និងរដ្ឋចំនួន ១២ ដែលភាគច្រើនដឹកនាំដោយពួកអ្នកប្រជាធិបតេយ្យ។
មកដល់ពេលនេះគេនៅមិនទាន់ដឹងថា តើក្តីក្តាំដ៏ចម្រូងចម្រាស់នេះនឹងត្រូវសម្រេចដោយតុលាការកំពូលសហរដ្ឋអាមេរិកយ៉ាងណានោះទេ ? ហើយគេក៏នៅមិនទាន់ដឹង អំពីកាលបរិច្ឆេទនៃការសម្រេចចិត្តនៅលើបន្តឹងនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចន រ៉ូបឺត (John Roberts) ប្រធានចៅក្រម បានប្រាប់លោក ចន សូអឺ ( D. John Sauer) អគ្គព្រះរាជអាជ្ញាសហរដ្ឋអាមេរិកថា ពន្ធគយតំណាងឱ្យ ការដាក់ពន្ធលើជនជាតិអាមេរិក - ហើយកិច្ចការនេះ តែងតែជាអំណាចស្នូលរបស់សភា។
មកដល់ពេលនេះ លោក ត្រាំ បានជំរុញឱ្យតុលាការកំពូលគាំទ្រពន្ធគយដែលលោកកំពុងដំណើរថា ហើយហៅវាថា ជាសសរស្តម្ភកណ្តាលនៃយុទ្ធសាស្ត្រគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោក។