អាមេរិក និងកោះតៃវ៉ាន់

អាមេរិក និងកោះតៃវ៉ាន់ បានឯកភាពគ្នាលើផ្នែកដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម«សតវត្សរ៍ទី២១»


យោងតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រើយធឺ, ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះ និងកោះតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្ម«សតវត្សទី ២១» រវាងសម្ព័ន្ធមិត្តទាំងពីរដែលបានឯកភាពគ្នាលើនីតិវិធីគយនិងព្រំដែន ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។
អាមេរិក និងកោះតៃវ៉ាន់ បានឯកភាពគ្នាលើផ្នែកដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម«សតវត្សរ៍ទី២១»

សារព័ត៌មាន រើយធឺ បន្តដោយផ្អែកតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងខាងលើត្រូវបានចុះហត្ថលេខា ការចរចានឹងចាប់ផ្តើមលើផ្នែកពាណិជ្ជកម្មដ៏ស្មុគស្មាញផ្សេងៗទៀត រួមមានកសិកម្ម ពាណិជ្ជកម្មឌីជីថល បទដ្ឋានការងារនិងបរិស្ថាន សហគ្រាសរដ្ឋ ព្រមទាំងគោលនយោបាយនិងការអនុវត្តមិនមែនទីផ្សារ។

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ខាថឺរីន តៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នឹងបង្ហាញអំពីលទ្ធភាពធ្វើសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីជំរុញអាទិភាពពាណិជ្ជកម្មសម្រាប់ប្រជាជនរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេសដែលបានស្រង់សម្ដីរបស់លោកស្រី ខាថឺរីន តៃ មកផ្សាយថា៖ «យើងទន្ទឹងរង់ចាំបន្តការចរចាថែមទៀត និងរងចាំបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏រឹងមាំ ប្រកបដោយបទដ្ឋានខ្ពស់ ដែលដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក្នុងសតវត្សទី ២១ នេះ»។

រើយធឺរាយការណ៍ដោយផ្អែកតាមការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ថា កិច្ចព្រមព្រៀងខាងលើ«មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ»សម្រាប់តៃវ៉ាន់ ហើយការិយាល័យនេះបានថ្លែងថា តៃវ៉ាន់មានបំណងបញ្ចប់ការចរចាលើបញ្ហាដែលនៅសល់ទាំងអស់នាចុងឆ្នាំនេះ។

កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំណិតផ្ដួចផ្ដើមពាណិជ្ជកម្មសតវត្សរ៍ទី ២១ នេះ ទំនងជានឹងមិនកែប្រែតម្លៃពន្ធលើទំនិញទេ ប៉ុន្តែអ្នកគាំទ្រកិច្ចព្រមព្រៀងនេះនិយាយថា វានឹងពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ នេះបើយោងតាមរើយធឺដែលបានឱ្យដឹងទៀតថា វាក៏នឹងប្រែដែនកោះដែលប្រទេសចិនហៅថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ឱ្យក្លាយជាទីផ្សារសម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិកកាន់តែច្រើន ហើយនឹងជួយបង្កើនសមត្ថភាពរបស់តៃវ៉ាន់ក្នុងការទប់ទល់នឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចពីប្រទេសចិនដែរ។ តៃវ៉ាន់​ដែល​គ្រប់គ្រងតាមលទ្ធិ​ប្រជាធិបតេយ្យ​តែងតែបាន​ច្រានចោល​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​យ៉ាងម៉ឺងម៉ាត់។

រើយធឺ បានឱ្យដឹងដែរថា ប្រទេសចិនបានខឹងសម្បារយ៉ាងខ្លាំង ចំពោះទំនាក់ទំនងនាពេលថ្មីៗនេះ រវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ីង វេន និងអ្នកនយោបាយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងកិច្ចប្រជុំខែមេសារបស់លោកស្រី ជាមួយប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី ផង។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសកត់សម្គាល់ថា ការ​ប្រកាសអំ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មខាងលើបាន​កើត​ឡើងនៅ​មុនពេលមាន​ជំនួប​ដែល​បាន​គ្រោងទុកនៅសប្ដាហ៍ក្រោយ ​រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ​លោក វ៉ាង វិនតា និងលោកស្រី តៃ តំណាងការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក ព្រមទាំង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មសហរដ្ឋ​អាមេរិក លោកស្រី ជីណា រ៉េម៉ុនដូ៕

អត្ថបទ ៖ ឯម មាឃ




អត្ថបទបន្ទាប់


កម្ពុជាបានត្រៀមថវិកាជាង១០០លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខ…

តើក្នុងជំនួបរវាងបេសកជនចិន និងអ៊ុយក្រែន ភាគីទាំងពីរបានពិភាក្សាគ្នាអ្វីខ្លះក្នុងការបញ្ចប់ភ្លើងសង្គ្រាម?

ក្រោយទៅដល់ប្រទេសអ៊ុយក្រែនក្នុងដំណើរស្វែងរកសន្តិភាព បេសកជនចិនលោក លី ហួយ បាននិយាយថា ប្រទេសចិននិងអ៊ុយក្រែននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ