ក្រុមហ៊ុន Google

ក្រុមហ៊ុនយក្ស Google គ្រោងបោះទុនរាប់ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅចក្រភពអង់គ្លេស


Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ខ្លួនគ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យមួយនៅខាងក្រៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាកម្មអ៊ីនធឺណិតនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Google
ដោយ

ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet បានចេញសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលរក្សាទុកទិន្នន័យដែលមានទីតាំងស្ថិតនៅចម្ងាយជាង២៤គីឡូម៉ែត្រពីភាគខាងជើង នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ខាងលើនេះនឹងត្រូវបានសាងសង់លើផ្ទៃដី១៣ហិកតា​ ដែលខ្លួនបានទិញក្នុងឆ្នាំ២០២០។

រដ្ឋាភិបាលអង់គ្លេស ដែលកំពុងជំរុញឱ្យក្រុមហ៊ុនសហគ្រាសនានាបង្កើនការវិនិយោគដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាពិសេសក្នុងឧស្សាហកម្មដូចជាបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) បានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន Google នេះថាជាការបង្ហាញពីទំនុកចិត្តយ៉ាងរឹងមាំមកលើប្រទេសអង់គ្លេស។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុន Google នេះថា ការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារ នេះជាសក្ខីភាពបង្ហាញថា អង់គ្លេស គឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាប្រកបដោយឧត្ដមភាព និងមានសក្តានុពលយ៉ាងសម្បើមក្នុងការសម្រេចបានកំណើន។

ការវិនិយោគថ្មីនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Google បានបោះទុនក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដើម្បីទិញយកអគារការិយាល័យមួយនៅកណ្តាលទីក្រុងឡុងដ៍ និងទីតាំងមួយកន្លែងទៀតក្បែរនោះ ដែលពេលនេះខ្លួនកំពុងសាងសង់អគារការិយាល័យថ្មី។

ការវិនិយោគថ្មីនេះក៏កើតឡើងតែប៉ុន្មានសប្តាហ៍ផងដែរ បន្ទាប់ពីក្រុមហ៊ុន Microsoft បានបង្ហាញផែនការចាក់បញ្ចូលទុនវិនិយោគក្នុងទំហំ៣,២ពាន់លានដុល្លារ ទៅក្នុងប្រទេសអង់គ្លេសដែរ ក្នុងរយៈពេល៣ឆ្នាំរួមទាំងការបង្កើនសមត្ថភាពសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យរបស់ខ្លួន ដើម្បីគាំទ្រសេវាកម្ម AI នៅថ្ងៃអនាគតផងដែរ។

លោកស្រី រូត ផូរ៉ាត (Ruth Porat) ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Alphabet បានចេញសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលរក្សាទុកទិន្នន័យថ្មីនេះនឹងជួយបំពេញកំណើនតម្រូវការសេវាកម្ម AI និងសេវាកម្មខ្លោត (Cloud) របស់ខ្លួន ហើយនឹងនាំមកនូវសមត្ថភាពរក្សាទុកទិន្នន័យដ៏មានសារៈសំខាន់ជូនដល់អាជីវកម្មនានានៅទូទាំងចក្រភពអង់គ្លេស ព្រមទាំងជួយបង្កើតការងារផ្នែកសាងសង់ និងបច្ចេកទេសផងដែរ ខណៈបច្ចុប្បន្នក្រុមហ៊ុន Google មានបុគ្គលិកជាង៧ពាន់នាក់រួចទៅហើយនៅក្នុងប្រទេសអង់គ្លេស៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើអ្នកជំនាញ យល់ឃើញបែបណាខ្លះចំពោះកំណែទម្រង់សាធារណៈរបស់រដ្ឋាភិបាលលើក្រសួង ស្ថាប័ន នានា ក្នុងនីតិកាលទី៧?

ការអនុវត្តន៍នូវកំណែទម្រង់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» ក្នុង រដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ បណ្តុះបណ្តាលមូលធនមនុស្សគឺជាកត្តាដ៏ចម្បងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ