
ក្រុមហ៊ុន Microsoft ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលការងារឱ្យកាន់តែមានភាពល្អប្រសើរ។ មូលហេតុចម្បងដែលជំរុញឱ្យក្រុមហ៊ុន ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ មួយនេះ គម្រោងកាត់បន្ថយបុគ្គលិកយ៉ាងណាច្រើនបែបនេះ គឺដោយសាររងការអង្រួនពីការកើនឡើងការវិនិយោគលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
គម្រោងកាត់បន្ថយចំនួនបុគ្គលិកនេះត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមខែក្រោយ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបញ្ចប់សវនកម្មផ្ទៃក្នុងនៅក្នុងខែមិថុនា។ កាលពីខែឧសភា កន្លងទៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកនេះបានកាត់បន្ថយបុគ្គលិកប្រមាណ៦ពាន់នាក់រួចទៅហើយ។
គម្រោងកាត់បន្ថយចំនួនបុគ្គលិកនេះធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះគ្រោងជះលុយរហូតដល់ទៅ៨០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនេះ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុននេះមានបុគ្គលិកសរុបទូទាំងប្រទេសសរុបប្រមាណ២២ម៉ឺន៨ពាន់នាក់៕
ដោយៈ សរ សុជាតិ