ការបន្ធូរបន្ថយបន្ទុកបំណុល​ពលរដ្ឋ

តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុថា នឹងនៅតែបន្ដបន្ធូបន្ថយបន្ទុកបំណុលពលរដ្ឋរងគ្រោះទឹកជំនន់ដូចឆ្នាំកន្លងទៅ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជានៅតែរក្សាគោលនយោបាយរបស់ខ្លួនដែលមានស្រាប់កាលពីឆ្នាំកន្លងមក ដើម្បីជួយគាំពារទៅដល់អតិថិជនដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅឆ្នាំនេះ។ បន្ធូរបន្ថយបន្ទុកបំណុលដល់កូនបំណុលគឺមានដូចជា ការរៀបចំឥណទានឡើងវិញ ឬបើករណីប៉ះពាល់ធ្ងន់ធ្ងរ នឹងអាចឈានដល់ការលុបបំណុលចោលក៏មាន។
ទិដ្ឋភាពក្រុមអាជ្ញាធរជួយសង្គ្រោះ​ប្រជាជន​នៅតំបន់ទឹកជំនន់ជាយរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២០។ រូបថតដោយសហការី
ដោយ

លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឲ្យ​ដឹងថា​ ស្ថិតនៅ​ក្នុងស្ថានភាព​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កំពុង​បន្តតាម​ដាន​ពីផល​ប៉ះពាល់​លើវិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀតផងដែរ ថាតើ​ នឹងមាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ដែលបាន​ខ្ចីប្រាក់​ពីគ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ សម្រាប់​វិស័យ​កសិកម្ម​ដែល​កំពុង​រងផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង។

លោក បានឲ្យដឹងថា រហូតមក​ដល់ពេលនេះ គឺនៅមិន​ទាន់​អាចវាយ​តម្លៃ​ពីផល​ប៉ះពាល់​បាននៅ​ឡើយទេ ប៉ុន្តែ គ្រប់គ្រឹះស្ថាន​ធនាគារ ក៏ដូចជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា គឺនៅតែ​បន្តប្រើប្រាស់​គោល​នយោបាយ​ឥណទាន​ដែលមាន​ស្រាប់ ដើម្បីជួយ​បន្ធូរបន្ថយ​អតិថិជន​របស់ខ្លួន​ដែលរងផល​ប៉ះពាល់​ដោយ​សារគ្រោះ​ទឹក​ជំនន់។

ជាមួយគ្នានេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង ជានាយក ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ក៏បាន​បញ្ជាក់ថា ជាទូទៅ​ធនាគារ​អេស៊ីលីដា​ គឺតែងតែ​អនុវត្ត​គោលនយោបាយ​របស់ខ្លួន​ដែលមាន​ស្រាប់ដូច​ឆ្នាំ​កន្លង​ទៅដែរ ក្នុងករណី​គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់​នេះជាដើម។

លោកបណ្ឌិតអ៊ិន ចាន់នី បន្តថា ស្ថិតនៅ​ក្នុងស្ថានភាព​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ គឺអនុវត្ត​ដូចវិធានការ ដូចទៅនឹង​វិធានការ​កូវីដ ១៩ ដែរ ទោះយ៉ាងណា ជារៀងរាល់​ឆ្នាំ បើមាន​ករណី​គ្រោះធម្មជាតិ​ទឹកជំនន់​គឺខាង​ធនាគារ និងហិរញ្ញវត្ថុ​តែងតែ​សម្រេច​ផ្តល់​ការអនុគ្រោះ​តាម​ភាព​ជាក់ស្តែង។

បើតាមលោក បណ្ឌិត អ៊ិន ចាន់នី ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​​របស់​ធនាគារ​អេស៊ីលី​មានទំហំ​ប្រមាណ ២០ភាគរយ ស្មើនឹង​៧៩០លាន​ដុល្លារ នៃទំហំ​ឥណទាន​សរុប​ជាង ៣.៩០០​លានដុល្លារ។

បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានអះអាងថា  កាលពី​ឆ្នាំកន្លងទៅ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានជួយ​ដល់​អតិថិជន​របស់​ខ្លួន​ដែលបាន​រងផល​ប៉ះពាល់​ដល់​ដំណាំ​ចន្លោះ​ពី២ពាន់ ទៅ១ម៉ឺននាក់ តាមរយៈ​ការរៀប​ចំឥណទាន​ឡើងវិញ ឬ ក៏ក្នុង​ករណី​ដែលធ្ងន់ធ្ងរ​ខ្លាំង​មាន​គ្រឹះស្ថាន​ខ្លះ ក៏មាន​រហូត​ដល់​លុបបំណុល​ចោល​ក៏មានដែរ។

សូមជម្រាបថា ទិន្នន័យផល​ប៉ះពាល់​ខូចខាត​ដោយទឹក​ជំនន់​ភ្លៀង​ឆ្នាំ២០២០ របស់​គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គិត​ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៩ តុលា បាន​បង្ហាញថា ស្រូវលិច​ទឹក​រងផល​ប៉ះពាល់​រហូតដល់​ជាង ២១ ម៉ឺនហិកតា និង ដំណាំរួម​ផ្សំ​ផ្សេងៗ​លិចទឹក​ប្រមាណ​ជិត ៨ម៉ឺនហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ គ្រោងចាក់បន្ថែមដើមទុន ២៥លានដុល្លារ ក្រោយពីបានប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត គ្រោងនឹងចាក់បន្ថែមដើមទុនវិនិយោគ ២៥ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីគ្រឹះស្ថាន…

ប្រទេសចិន មាន GDPកើនឡើង ០,៧% ក្នុងរយៈពេល ៣ត្រីមាសដំបូង នៃឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន សម្រេចបានត្រឹម ០,៧% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ