
តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ក្រៀ (Jamieson Greer) បានធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ចំពេលប្លុកដែលពឹងផ្អែកលើការនាំចេញនេះកំពុងព្រួយបារម្ភចំពោះផលប៉ះពាល់បង្កឡើងដោយពន្ធគយរបស់អាម៉េរិក ទៅលើសេដ្ឋកិច្ចរបស់ពួកគេ។ សហរដ្ឋអាម៉េរិក បានយកពន្ធគយចន្លោះពី១៩% ទៅ២០% សម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់នេះ លើកលែងតែប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលបានរងគំនាពពន្ធក្នុងអត្រា៤០% ខណៈដែលសិង្ហបុរី បានជាប់ពន្ធទាបជាងគេត្រឹមតែ១០% ប៉ុណ្ណោះ។
លោក ក្រៀ បានអះអាងថា សហរដ្ឋអាម៉េរិក បានឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី និងវៀតណាម លើបញ្ហាពន្ធគយរួចហើយ បើទោះបីជាប្រទេសទាំងនេះកំពុងបង្ហើយលក្ខខណ្ឌ ឬពាក្យពេជន៍មួយចំនួនទៀតក៏ដោយ។ បើយោងតាមការប៉ាន់ស្មានរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ វៀតតណាម ដែលជាអ្នកនាំចេញធំជាងគេទី៦នៅលើពិភពលោកទៅកាន់ទីផ្សារអាម៉េរិក អាចប្រឈមនឹងការបាត់បង់ចំណូលរហូតដល់២៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារពន្ធគយ២០% របស់អាម៉េរិក ដែលនឹងធ្វើឱ្យប្រទេសនេះក្លាយជាអ្នករងគ្រោះខ្លាំងជាងគេនៅក្នុងតំបន់។
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បាននិយាយថា ទីក្រុងហាណូយ កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាម៉េរិក ខណៈអាម៉េរិក គឺជាទីផ្សារធំបំផុតរបស់ខ្លួន។ លោកជឿជាក់ថា ការនាំចេញរបស់វៀតណាមនឹងជួបការលំបាក និងបញ្ហាប្រឈមមួយចំនួនដោយសារការប្រកួតប្រជែង បញ្ហាជម្លោះ និងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល